Advertisement
ទំនាក់ទំនងពាណិជ្ជកម្ម អាមេរិក-ឥណ្ឌា

មិនមែនតែចិនទេ! ពេលនេះ ឥណ្ឌា ក៏កំពុងរងទុក្ខ ដោយសារអាមេរិកដែរ!


នៅមួយរយៈចុងក្រោយនេះ មិនមែនតែឆេះឆួលភ្លើងសង្គ្រាមកាន់តែសន្ធោសន្ធៅឡើងជាមួយចិននោះទេ ប៉ុន្ដែ អាមេរិកក៏បានកកូរកកាយពីរឿងដំឡើង​ពន្ធទំនិញជាមួយប្រទេសមួយចំនួនទៀតដែរ ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ ឥណ្ឌាក៏បានក្លាយជាគោលដៅបន្ទាប់មួយទៀតហើយ ដែលអាមេរិក ចាប់ផ្ដើមសើរើរឿងពន្ធនាំចូលទំនិញ ពោលគឺ អាមេរិកបានសម្រេចដកការលើកលែងពន្ធទំនិញនាំចូលពីឥណ្ឌានៅដើមខែមិថុនានេះហើយ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់ទំនិញនាំចេញរបស់ឥណ្ឌាក្នុងទំហំរាប់ពាន់លានដុល្លារអាមេរិក។
លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា (ឆ្វេង) និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (ស្ដាំ)
ដោយ
Advertisement

មិនមែន​តែជាមួយ​ចិននោះទេ ដែលអាមេរិក​កំពុង​សើរើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​តាមរយៈការ​ដំឡើង​ពន្ធលើទំនិញ​នាំចូល​រាប់រយ​ពាន់លានដុល្លារនោះ ជាមួយនឹង​មិស៊ិចកូ និងបណ្ដាប្រទេស​មួយចំនួនទៀត ក៏​ត្រូវបាន​ប្រទេស​មហាអំណាច សេដ្ឋកិច្ចពិភព​លោក​លេខមួយ មួយ​នេះកំពុង​ចាត់វិធានការ​ ​ដំឡើងពន្ធ​លើមុខទំនិញ​នាំចូល​ជាច្រើន​ជាបន្ដបន្ទាប់​ផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ សូម្បីតែ ប្រទេសឥណ្ឌា ក៏កំពុង​រកស៊ី​មិនស្រួលចិត្ត​ប៉ុន្មានដែរ ជាមួយអាមេរិក ព្រោះ រដ្ឋាភិបាល​លោកដូណាល់ត្រាំ បានប្រកាសថា នឹងដក ​ការអនុគ្រោះពន្ធ លើ​ទំនិញ​នាំចូល​ពីឥណ្ឌា​នៅដើមខែ មិថុនានេះហើយ ដែលវា​នឹងធ្វើឲ្យប៉ះពាល់​ដល់ការនាំចេញ​ឥណ្ឌា ក្នុងទំហំទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ​អាមេរិកឯណោះ។ 

កាលពីថ្ងៃសុក្រ ទី ៣១ ខែ ឧសភា កន្លងទៅនេះ រដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោក​ដូណាល់ត្រាំ បាន​ប្រកាសថា អាមេរិក នឹង​បញ្ចប់​ការលើកលែងពន្ធ​លើទំនិញ​ដែលនាំចូលពីឥណ្ឌា ចូលក្នុង​ទីផ្សារអាមេរិក នៅត្រឹមថ្ងៃទី ៥ ខែមិថុនា នេះ ខណៈដែល​ការអនុគ្រោះនេះ គឺបាន​ផ្ដល់​នូវប្រយោជន៍​ជាច្រើន​ដល់ការនាំចេញ ទំនិញ​របស់ឥណ្ឌា​ក្នុងទំហំទឹកប្រាក់​រាប់ពាន់លាន​ដុល្លារចូល​ទៅទីផ្សារ​អាមេរិក ក្នុងឋានៈ​ឥណ្ឌា​ជាប្រទេស​កំពុង​អភិវឌ្ឍ។

សារព័ត៌មាន BBC បាន​រាយការណ៍ថា របបអនុគ្រោះពន្ធ សម្រាប់ប្រទេស​ឥណ្ឌា ក្រោមកម្មវិធី​ GSP នេះ​បាន​អនុញ្ញាតឲ្យទំនិញ​ឥណ្ឌា​ចូលទីផ្សារ​អាមេរិក ប្រមាណ ៥ពាន់ ៦០០ លានដុល្លារអាមេរិក ដោយមិនមាន​បង់ពន្ធនោះឡើយ។

ការ​សើរើ​ការធ្វើពាណិជ្ជកម្ម​នាពេលកន្លងមក​ ដោយមានការដក​ភាពអនុគ្រោះពន្ធផង និង​ដំឡើង​​ពន្ធលើមុខទំនិញផង ចំពោះ​ប្រទេសជា​ច្រើនយ៉ាងដូច្នេះ ត្រូវបាន​រដ្ឋាភិបាល​អាមេរិក អះអាងថា គឺជាការ​ធ្វើឲ្យប្រសើរឡើង​នូវ​ទំនាក់ទំនង​នៃការធ្វើជំនួញ​ដែលស្មើភាពគ្នាទៅវិញទៅមក​ រវាងអាមេរិក​និងបណ្ដាប្រទេស​នានា។ 

កាលពីខែមុននេះ អាមេរិក ក៏បាន​ដក​ការអនុគ្រោះពន្ធ​ដូចគ្នា​នឹងឥណ្ឌានេះ ពីប្រទេស​តួកគី។

តាមសារព័ត៌មាន Bloomberg បាន​ផ្សាយដែរថា ប្រទេសឥណ្ឌានេះ គឺជា​អ្នកទទួលបាន​ប្រយោជន៍​ធំជាងគេ ក្នុងចំណោម​ប្រទេសកំពុងអភិវឌ្ឍន៍ ដែល​ស្ថិតក្រោម​ការអនុគ្រោះពន្ធ​ដែលអាមេរិក​ផ្ដល់ឲ្យនេះ។ ជាក់ស្ដែង មុខទំនិញ ឥណ្ឌាប្រហែល ៦,៣ ពាន់លានដុល្លារអាមេរិក ត្រូវបាន​នាំទៅអាមេរិក ដោយមិនជាប់​ពន្ធ ខណៈដែលថៃ មាន ៤,៤ពាន់លានដុល្លារ ប្រេស៊ីល មាន​២,៥ ពាន់លានដុល្លារ ឥណ្ឌូនេស៊ី មាន​២,២ ពាន់លាន និង​តួកគី មាន​១, ៩ ពាន់លានដុល្លារ។ ក្នុងនោះ ផលិតផល​សំខាន់ៗ​ដែល​ឥណ្ឌា​នាំទៅអាមេរិក មានដូចជា គ្រឿងយន្ដ សម្ភារ​សម្រាប់ការធ្វើដំណើរ និងដែកជាដើម។

កាលពីថ្ងៃ សៅរ៍ ទី ០១ មិថុនា កន្លងទៅនេះដែរ ប្រទេសឥណ្ឌា ក៏បាន​ចេញមុខ​ប្រកាសដែរថា ខ្លួន​នឹង​មានវិធានការ​ការពារ​ប្រយោជន៍​ជាតិ​របស់ខ្លួន​យ៉ាងម៉ឺងម៉ាត់​ ដើម្បីឆ្លើយតប​នឹង​ការ​ដក​ការអនុគ្រោះពន្ធ ពីសំណាក់​សហរដ្ឋអាមេរិកនេះ។ 

Advertisement

ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា​បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ឥណ្ឌា បាន​ផ្ដល់​នូវដំណោះស្រាយ​រួចរាល់អស់ហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​របស់អាមេរិកមុនឹង​មាន​ការសម្រេច​ចិត្តដក​ការអនុគ្រោះពន្ធ​ផ្លូវការនេះ ប៉ុន្ដែ អាមេរិក មិនបាន​ទទួលយក​ដំណោះស្រាយ​ឥណ្ឌា​បានផ្ដល់ឲ្យ​នោះទេ។

អ្នកជំនាញសេដ្ឋកិច្ច​និយាយថា ឥណ្ឌា​មានឆន្ទៈ​ក្នុងការចរចា​បញ្ហាដំណើរការ​ទីផ្សារ​នាំចេញរបស់អាមេរិក​ទៅកាន់ឥណ្ឌា ប៉ុន្ដែរដ្ឋាភិបាលអាមេរិក នៅតែ​បាន​សម្រេច​ចិត្ត​ដកការអនុគ្រោះពន្ធ​ចេញពីឥណ្ឌា ទោះបីជា​មានការជំទាស់​​ពី​ក្រុមហ៊ុន​អាមេរិករាប់រយ និងភាគីផ្សេង​ទៀតក៏ដោយ។

អ្នកជំនាញ​បាន​ចាត់ទុក​ការសម្រេចចិត្ត​របស់អាមេរិកនេះ គឺជា​ល្បែង​ដែលគ្មានអ្នកឈ្នះ ហើយតម្លៃ​ទំនិញ​នាំចូលទៅ​អាមេរិក​នឹងកើនឡើងជាងមុន ហើយអាចនឹង​ត្រូវ​រង​វិធានការ​វាយបកវិញពីឥណ្ឌាវិញផងដែរ។

បើតាមអ្នកជំនាញ​ការ​ដកការអនុគ្រោះពន្ធ​ចេញពីឥណ្ឌា​នេះ នឹងធ្វើឲ្យក្រុមហ៊ុន​អាមេរិក​ដែលនាំទំនិញ​ចេញពី​ឥណ្ឌាំទៅអាមេរិក ត្រូវរងការ​ខាតបង់ចំណូល​ប្រមាណ ៣០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដោយសារតែ​ត្រូវបង់ពន្ធនាំចូល។

ឥណ្ឌា គឺជាប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​រង​ផលប៉ះពាល់​ដោយសារតែ​ការយកពន្ធ​លើ​ដែកថែប និងអាលុយ​មីញ៉ូម កាលពិឆ្នាំមុន។ រដ្ឋាភិបាល​ឥណ្ឌា ក៏ធ្លាប់បាន​ប្រកាសដែរថា នឹង​ដំឡើង​ពន្ធ​លើទំនិញ​របស់​អាមេរិកវិញ ក្នុងតម្លៃ ២៤០ លានដុល្លារដែរ ប៉ុន្ដែ គេសង្កេតឃើញថា​ បានគ្រាន់តែ​ប្រកាស​ច្រើនដងហើយ តែមិនឃើញ​មាន​អនុវត្ត​ឲ្យចេញជា​ប្រសិទ្ធភាព​នៅឡើយទេ។ 

Advertisement

ទោះយ៉ាងណា រដ្ឋាភិបាលឥណ្ឌា បានអះអាងថា ទោះបីជា​អាមេរិក សម្រេច​ដក​ការអនុគ្រោះពន្ធ​ពីឥណ្ឌា​ក៏ដោយ ប៉ុន្ដែ វានឹងធ្វើឲ្យប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ដល់សេដ្ឋកិច្ច​ប្រទេសឥណ្ឌា ប៉ុន្ដែ គ្រាន់តែថា វា​កើតឡើង ចំពេលដែល​ប្រទេសនេះ កំពុង​មានកំណើន​សេដ្ឋកិច្ច​យឺត និងបញ្ហា​គ្មានការងារធ្វើ​កំពុង​កើនឡើងខ្ពស់។

របាយការណ៍មួយដែល បាន​ផ្សាយ​ដោយ Bloomberg បង្ហាញថា ប្រទេសឥណ្ឌា មានអត្រា​អ្នកគ្មានការងារធ្វើ ខ្ពស់ ពោលគឺ​ក្នុងរយៈពេល​៤៥ ឆ្នាំមកនេះ នៅឆ្នាំ ២០១៧ -២០១៨ កន្លងទៅ អត្រាអ្នកគ្មានការងារ​មានដល់ ៦,១% ខណៈដែល កំណើន​សេដ្ឋកិច្ច នៅត្រីមាសទី ១ឆ្នាំ ២០១៩ មានកំណើន​យឺត​គិត​ក្នុងរយៈពេល ៥ឆ្នាំ​ គឺមាន​តែ ៥,៨% ប៉ុណ្ណោះ។ 

តាម ការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅឆ្នាំ ២០១៨ កន្លងទៅ ឥណ្ឌា​បាននាំ​ចេញ​ទៅកាន់​អាមេរិក មានតម្លៃជាទឹកប្រាក់​ជាង ៥៤ ពាន់​លានដុល្លារអាមេរិក ខណៈអាមេរិក​នាំទៅឥណ្ឌាវិញ មានតម្លៃជាង ៣៣ ពាន់​លានដុល្លារអាមេរិក។ ហើយបើគិត​ក្នុង​ត្រីមាសទី ១ឆ្នាំនេះវិញ ការនាំចេញរបស់ឥណ្ឌាទៅអាមេរិក​មានប្រមាណ ១៥ ពាន់​លានដុល្លារ ខណៈដែលអាមេរិក នាំទៅឥណ្ឌាវិញមានប្រមាណ ៩ពាន់​លាន​ដុល្លារអាមេរិក៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រតិភូ​អឺរ៉ុប​ចាប់​ផ្តើម​ទស្សនកិច្ច​លើក​ទីពីរ​នៅ​កម្ពុជា លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA

ព័ត៌មាន
គណៈប្រតិភូ​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​​ជា​លើក​ទី​២ នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ពាក់ព័ន្ធ​នឹ...

ក្រុងប៉េកាំង​ចេញ​ការព្រមាន​ផ្លូវការដល់និស្សិតចិន​ដែល​ចង់​ទៅរៀននៅអាមេរិក

ព័ត៌មាន
ខណៈ​ភាពតានតឹង​រវាង​មហាអំណាច​ធំបំផុត​ទាំងពីរ​របស់​ពិភព​លោក គឺ​អាមេរិក និង​ចិន ហាក់​គ្មាន​សញ្ញា​ថមថយ​ចុះ រដ្ឋាភិបាល​ក្រុង​ប៉េកាំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ