លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានបញ្ជាក់នៅថ្ងៃទី ៩ ខែតុលាថា ក្នុងចំណោមសមាជិកសមាគមប្រមាណជាង ៤០០គ្រួសារ នាពេលនេះ មានសមាជិក ៦៨គ្រួសារហើយ បានសម្រេចបោះបង់ការដាំដុះម្រេច ព្រមទាំងបានដាក់ពាក្យស្នើសុំលាឈប់ធ្វើជាសមាជិកសមាគមម្រេចកំពត ដែលចំនួននេះ ក៏បានធ្វើឲ្យបាត់បង់ផ្ទៃដីដាំម្រេចកំពតរហូត ៤០ភាគរយ ក្នុងចំណោមផ្ទៃដីសរុបជាង ២៩០ ហិកតា។
លោក ងួន ឡាយ បានបញ្ជាក់ទៀតថា ការបោះបង់ការដាំម្រេចចោលរបស់ប្រជាកសិករនាពេលនេះ ដោយសារតែពួកគាត់ទទួលផលចំណូលពីការដាំម្រេចមិនអាចឆ្លើយតបទៅនឹងការចំណាយលើការថែទាំបាន ខណៈតម្លៃនៃការថែទាំខ្ពស់។ តួយ៉ាង ចំពោះម្រេច១គុម្ព យ៉ាងហោចណាស់ ក៏ត្រូវចំណាយ ៦ដុល្លារក្នុងការថែទាំរយៈពេល១ឆ្នាំដែរ។ ម្យ៉ាងវិញទៀត ផលម្រេចដែលទទួលបានពិបាកលក់ចេញ ព្រោះទីផ្សារដែលអាចលក់ចេញបាន មានតែទីផ្សារអឺរ៉ុប និងអាមេរិកភាគច្រើន។
យ៉ាងណាក៏ដោយ បើតាមប្រធានសមាគមម្រេចកំពត ទីផ្សារម្រេចកំពតនៅតែអាចបន្ដលក់ចេញបានដដែលទេ ដោយក្នុងឆ្នាំ២០២០ នេះ ដោយម្រេចដែលប្រើឈ្មោះម្រេចកំពតបាននាំចេញទៅទីផ្សារក្រៅប្រទេសជាង ៤៥តោន ខណៈម្រេចដែលប្រើឈ្មោះម្រេចកំពតនៅសល់ក្នុងស្តុកប្រមាណជា ៧០តោនទៀត។
លោកបានអះអាងទៀតថា តម្លៃម្រេចដែលប្រើឈ្មោះម្រេចកំពតនៅរក្សាតម្លៃដដែល គឺមិនមានការកើនឡើង ឬធ្លាក់ចុះនោះទេ ពោលគឺម្រេចខ្មៅ ១គីឡូក្រាមថ្លៃ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈម្រេចមិនបានប្រើឈ្មោះម្រេចកំពតវិញ គឺមានតម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
យ៉ាងណាបើតាមរបាយការណ៍ការនាំចេញរបស់ក្រសួងកសិកម្ម កម្ពុជា បានឲ្យដឹងថា កម្ពុជាបានសម្រេចការនាំចេញផលិតផលម្រេចចំនួនជាង ៤ ពាន់តោន ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ នេះ ដោយមានកំណើនជាង ២១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួនជាង ៣ពាន់តោន៕