នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា មកទល់ពេលនេះសមាគមស្រាវជ្រាវរកឃើញថាមានក្រុមហ៊ុន និងក្រុមភ្នាក់ងារផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុជាង៣០០ បានធ្វើអាជីវកម្មដោយគ្មានវិជ្ជាជីវៈ និងច្បាប់អនុញ្ញាតត្រឹមត្រូវពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ បើតាមការវាយតម្លៃរបស់ប្រធានសមាគមរូបនេះ បច្ចុប្បន្ននៅមានក្រុមហ៊ុន និងក្រុមហ៊ុនភ្នាក់ងារផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុជាច្រើនទៀត ដែលបន្តរកស៊ីដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈសមាគមកំពុងស្រាវជ្រាវរកក្រុមហ៊ុន និងក្រុមភ្នាក់ងារទាំងនោះ ដើម្បីបញ្ជូនឈ្មោះទៅឱ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ កត្តាដែលធ្វើឱ្យក្រុមហ៊ុន និងក្រុមភ្នាក់ងារផ្តល់សេវាកម្មអចលនវត្ថុមួយចំនួនបន្តប្រកបអាជីកម្មក្រៅប្រព័ន្ធច្បាប់ ក៏ដោយសារពួកគេចង់គេចវេះពីការបង់ពន្ធ និងការបំពេញតាមលក្ខខណ្ឌមួយចំនួន ដែលតម្រូវដោយច្បាប់។ បច្ចុប្បន្នទាំងក្រុមហ៊ុន និងក្រុមភ្នាក់ងារផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុមានច្បាប់ និងពុំមានច្បាប់កំពុងធ្វើអាជីកម្មឡាយឡំគ្នា ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់អ្នកវិនិយោគ ក៏ដូចជាសម្រាប់វិស័យនេះទាំងមូល។
ស្រដៀងគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL យល់ឃើញថា មូលហេតុដែលធ្វើឱ្យក្រុមហ៊ុន និងក្រុមភ្នាក់ងារផ្តល់សេវាកម្មអចលនវត្ថុមួយចំនួនមិនព្រមចូលក្នុងប្រព័ន្ធច្បាប់ ក៏ព្រោះតែពួកគេមិនចង់បង់ពន្ធចូលរដ្ឋ និងគេចវេះការបំពេញនីតិវិធីដែលច្បាប់កំណត់។ ការគេចវេះនេះត្រូវបានអ្នកជំនាញចាស់វស្សារូបនេះលើកឡើងថា ចង់ ឬមិនចង់វានឹងបង្កផលប៉ះពាល់ដល់អ្នកមានវិជ្ជាជីវៈត្រឹមត្រូវ និងធ្វើឱ្យបាត់ទំនុកចិត្តដល់អ្នកចង់មកវិនិយោគនៅកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីពេលកន្លងទៅថ្មីៗ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅកម្ពុជា សំដៅទាក់ទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អលចនវត្ថុ ដែលនៅក្រៅប្រព័ន្ធច្បាប់ឱ្យមកចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ទាំងថ្នាក់ដឹកនាំសមាគម និងអាជ្ញាធរមានសមត្ថកិច្ចបានប្តេជ្ញាលុបបំបាត់មិនឱ្យមានក្រុមហ៊ុន ឬក្រុមភ្នាក់ងារផ្តល់សេវាកម្មក្នុងវិស័យអចលនវត្ថុខុសច្បាប់ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ៕
អត្ថបទ៖ បូ ដូឡា