- ការពង្រឹងគុណភាពផ្លូវ តាមរយៈយុទ្ធនាការកាត់ទ្រុងរថយន្ដ យុទ្ធនាការចុះបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់ និងពង្រឹងជញ្ជីងថ្លឹងរថយន្ត ព្រមទាំងណែនាំឱ្យមន្ត្រីបច្ចេកទេសចុះពិនិត្យ បិទសម្បុកមាន់ និងជួសជុលថែទាំផ្លូវថ្នល់ផងដែរ។
- ការចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម៖ គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បានចាប់ផ្ដើមកាលខែកក្កដាឆ្នាំ២០១៦ ដោយក្រសួងបានសហការជាមួយអង្គការJICA ដែលគ្រោងប្រើប្រាស់ថវិកាប្រមាណ៤លានដុល្លារមានរយៈពេល៣ឆ្នាំ។ បើតាមឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ការចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រៅពីបានលុបបំបាត់អំពើពុករលួយលើការធ្វើស្លាកលេខយានយន្ដ រដ្ឋទទួលបានចំណូលបានយ៉ាងច្រើន និងបានផ្តល់សេវាជូនពលរដ្ឋបានកាន់តែលឿនទៀតផង។
- ការកសាងផ្លូវដែកឡើងវិញ ដោយបានដាក់ឲ្យដំណើរជាបន្តបន្ទាប់នូវរថភ្លើងពីសិរិសោភ័ណ-ប៉ោយប៉ែត ពីបាត់ដំបង-សិរិសោភ័ណ រថភ្លើងចម្ងាយខ្លីពីស្ថានីយអយស្ម័យានភ្នំពេញ-ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ និង ការតភ្ជាប់ផ្លូវដែកកម្ពុជាជាមួយប្រទេសថៃជាដើម។
- ការដាក់ឲ្យដំណើរការកាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ចំនួន៤គ្រឿង។
នេះជាការរៀបរាប់ត្រួតៗប៉ុណ្ណោះ តាមពិតទៅ ក្នុងតំណែងជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានក្លាយជាប្រមុខដឹកនាំក្រសួងសាធារការ និងដឹកជញ្ជូន ដោយបានសម្រេចនូវសមិទ្ធផលជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ។
មែនទែនទៅ ឯកឧត្តម ស៊ុន ចាន់ថុល បានកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសាធារណការ និង ដឹកជញ្ជូនចំនួនពីរដង គឺពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៨ និងពីឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល គឺជាបុគ្គលដែលមានការសិក្សាខ្ពង់ខ្ពស់ពីប្រទេសមហាអំណាចទី១របស់ពិភពលោក គឺសហរដ្ឋអាមេរិក។ លោកទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ American University សញ្ញាបត្រផ្នែកគ្រប់គ្រងជាន់ខ្ពស់ពីសាលា Wharton School នៃសាកលវិទ្យាល័យ Pennsylvania និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Harvard របស់អាមេរិកដែលល្បីល្បាញជាងគេបំផុតនៅលើពិភពលោក។ ហើយនៅមុនពេលឈានជើងប្រឡូកក្នុងឆាកនយោបាយនៅប្រទេសកម្ពុជា លោក ស៊ុន ចាន់ថុល បានបម្រើការងារឲ្យក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន General Electric រយៈពេល ១៦ឆ្នាំ ដោយកាន់មុខងារដឹកនាំជាន់ខ្ពស់ជាច្រើនមុខងារ៕