អ្នកជំនួញ​ជោគជ័យ

អ្នក​​ឧកញ៉ា សៀ ឫទ្ធី យក​​មហាសេដ្ឋីម៉ាឡេស៊ី Robert Kuok ជា Role Model នៅក្នុងការធ្វើជំនួញ។ តើ​ហេតុអ្វី?


និយាយ​ពី​ឈ្មោះ សៀ ឫទ្ធី លោក​អ្នក​នាង​ប្រិយមិត្ត​អ្នក​អាន​ប្រាកដ​ជា​ស្គាល់​ហើយ ព្រោះ​ ខេមបូណូមីស សរសេរ​អំពី​អ្នក​​ឧកញ៉ា​មហាសេដ្ឋី​ logistics និង​អចលនទ្រព្យ​រូប​នេះ ញឹកញាប់​គួរសម។ ប៉ុន្តែ មាន​ចំណុច​​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​បាន​ដឹង ហើយ​ចង់​ដឹង គឺ​ថា តើ​អ្នក​​ឧកញ៉ា​ សៀ ឫទ្ធី យក​គំរូ​តាម​មហាសេដ្ឋី​ពិភព​លោក​រូបណា ក្នុង​ការ​ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន?
តើ​មហាសេដ្ឋី​ទាំង​ពីរ​នៅ​ក្នុង​រូបភាព​នេះ មាន​អ្វី​ខ្លះ​ដែល​ដូចគ្នា?
ដោយ

ថ្មីៗ​នេះ ក្នុង​កិច្ចសម្ភាស​ខ្លី​មួយ​ជាមួយ ខេមបូណូមីស អ្នក​​ឧកញ៉ា សៀ ឫទ្ធី មាន​ប្រសាសន៍​ថា តាម​ពិតទៅ លោក​ក៏​រៀនសូត្រ​និង​យក​គំរូ​តាម​មហាសេដ្ឋី​ជំនួញ​ពិភព​លោក​ម្នាក់​ដែរ សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន និង​ប្រតិបត្តិ​អាជីវកម្ម។

មហាសេដ្ឋី​រូប​នោះ គឺ​​លោក Robert Kuok (រ៉ូប៊ើត គួក) ជា​អ្នក​ជំនួញ​ជនជាតិ​ចិន​ម៉ាឡេ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ សណ្ឋាគារ​និងរមណីយដ្ឋាន Shangri-La។

អ្នក​​ឧកញ៉ា សៀ ឫទ្ធី មាន​ប្រសាសន៍​យ៉ាងដូច្នេះ ៖ «សម្រាប់​ខ្ញុំ រាល់ថ្ងៃ​នេះ ការយក​ជា​ Role Model តាម​អ្នក​រកស៊ី​ស្រុកណា​មួយ​នោះ គឺ​ខ្ញុំ​មាន​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​តែងតែ​អាន​នូវ​សៀវភៅ​របស់​គាត់ និង​មើល​​ការអភិវឌ្ឍ​ខ្លួន​គាត់ គឺ​ថៅកែ Shangri-La លោក រ៉ូប៊ើត គួក (Robert Kuok) ពីព្រោះ មុខ​របរ​របស់​គាត់ និង​មុខ​របរ​របស់​ខ្ញុំ​ គឺ​ប្រហាក់​ប្រហែល​គ្នា»។

លោក រ៉ូប៊ើត គួក ដែល​អ្នក​ឧកញ៉ា សៀ ឫទ្ធី យក​ជា​គំរូ​នេះ គឺ​ជា​មហាសេដ្ឋី​ទី​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជា​មហាសេដ្ឋី​ទី២​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​លោក ថានិន ជារ៉ាវ៉ានុន ដែលជា​ប្រធាន​ក្រុម​​ប្រឹក្សាភិបាល​ក្រុមហ៊ុន CP Group ប្រទេស​ថៃ។

សណ្ឋាគារ Shangri-la នៅទីក្រុងហុងកុង ដែល​ជា​ផ្នែក​មួយ​នៃ​ សណ្ឋាគារនិង​រមណីយដ្ឋាន Shangri-la របស់​លោក Robert Kuok។

អ្នក​​ឧកញ៉ា សៀ ឫទ្ធី បាន​រៀបរាប់​បន្ត​អំពី​លោក រ៉ូប៊ើត គួក យ៉ាងដូច្នេះ​ថា ៖ «លោក រ៉ូប៊ើត គួក គាត់​មាន​បាន​ចេញ​ពី​ជំនួញ​ស្ករ ដែល​គេ​ហៅ​គាត់ថា King of Sugar ប៉ុន្តែ គាត់​ជោគជ័យ​បាន គឺ​ដោយសារ​គាត់​មាន​ក្រុមហ៊ុន logistics (ការដឹក​ជញ្ជូន) ហើយ​ខ្ញុំ​រាល់ថ្ងៃ ក៏​មាន​ក្រុមហ៊ុន logistics ដែរ។ ហើយ​គាត់​អភិវឌ្ឍ​ខ្លួន​គាត់​ពី​ logistics គាត់ទៅ​ធ្វើ​ property (អចលនទ្រព្យ) គាត់​ទៅធ្វើ trading អ្វីៗ​ទាំងអស់​ហ្នឹង គឺ​ជា​ cycle​ ជា​ការគ្រប​ដណ្ដប់​ទៅ​លើ supply chain របស់​ក្រុមហ៊ុន​គាត់ »។ 

ដោយសារ​ចំណុច​ប្រហាក់​ប្រហែល​គ្នា​នៃ​មុខ​របរ​ទាំងអស់​នេះ​ហើយ ដែលនាំ​ឲ្យ​អ្នក​​ឧកញ៉ា​មហាសេដ្ឋី logistics និង​អចលនទ្រព្យ​កម្ពុជា​រូប​នេះ យក​គំរូ​តាម​មហាសេដ្ឋី​ចិន​ម៉ាឡេស៊ី រ៉ូប៊ើត គួក។

អ្នក​​ឧកញ៉ា សៀ ឫទ្ធី បញ្ជាក់​ផង​ដែរថា យើង​យក​អ្នក​រកស៊ី​ណា​ម្នាក់​ធ្វើ​ជា​គំរូ (role model) គឺ​ត្រូវមើល​ថា​តើជំនាញ​របស់​យើង ដូច​អ្នក​នោះ​ ឬអត់។ «ជំនាញ​របស់​ខ្ញុំ គឺ​ logistics ទើប​ខ្ញុំ​យក​លោក រ៉ូប៊ើត គួក ជាគំរូ។ ខ្ញុំ​មិន​អាច​ទៅ​យក​ Bill Gates ឬ Warren Buffet ជា​គំរូ​បាន​ទេ ពីព្រោះ​ខ្ញុំ​អត់​ចេះ​ជំនាញ​ IT ទេ»។

រូប​គំរូ​នៃ​អគារ​ស្កឹមស្កៃ The Peak របស់​អ្នក​​ឧកញ៉ា សៀ ឫទ្ធី។

នៅ​ពេល​សួរ​ថា តើ​លោក រ៉ូប៊ើត គួក មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​ក្នុង​មុខជំនួញ ដែល​អ្នក​ឧកញ៉ា​យក​គំរូ​តាម អ្នក​ឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា ៖ «ចំណុច​ពិសេស ដែល​ខ្ញុំ​សរសើរ​គាត់ [រ៉ូប៊ើត គួក] គឺ​ក្នុង​មុខ​របរ​របស់​គាត់ មាន​មុខ​របរ​ពីរដែល​គាត់​អត់​ធ្វើ៖ ទីមួយ គឺ​គ្រឿង​ស្រវឹង និង​ទីពីរ គឺ កាស៊ីណូ។ ហើយ​ខ្ញុំ​រាល់ថ្ងៃ គ្រឿងស្រវឹង និងកាស៊ីណូ​ ក៏​ខ្ញុំ​អត់ធ្វើដែរ»។

គួររំលេច​បន្ថែម​ដែរ​ថា លោក រ៉ូប៊ើត គួក បើយោង​តាម​ទស្សនាវដ្ដី Forbes គឺ​មាន​ទ្រព្យ​សម្បត្តិ​សរុប ១២,២​ពាន់​លាន​ដុល្លារអាមេរិក (គិតត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៧) ហើយ​សព្វ​ថ្ងៃ លោក​មាន​អាយុ ៩៤ឆ្នាំ​ហើយ។ 

ក្រៅ​ពី​គេ​ស្គាល់​ថា ជា​ថៅកែ​សណ្ឋាគារ​និង​រមណីយដ្ឋាន​ Shangri-La ដ៏ល្បីល្បាញ លោក រ៉ូប៊ើត គួក ក៏មាន​រហ័ស​នាមជា ស្ដេច​ស្ករ (King of Sugar) ឬ ស្ដេច​ប្រេង​ឆា (King of Cooking Oil) ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន​ដាំ​ខ្ញី​នៅ​ស្រុក​ខ្មែរ​ច្នៃ​ជា​ជ្រក់​ទៅ​លក់​នៅទីផ្សារ​​​​ជប៉ុន​និង​អឺរ៉ុប

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ពោធិ៍សាត់​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា ការ​ដាំ​និង​កែ​ច្នៃ​ដំណាំ​ខ្ញី​របស់​ក្រុមហ៊ុន​ជប៉ុន​ក្នុង​ខេត្ត​ពោធិ៍សាត់ ក…

ក្រុង​មួយ​នៅ​វៀតណាម​ហាម​ការ​ស្លៀក​ខោ​​ខូវប៊យ​​នៅ​កន្លែង​ធ្វើការរដ្ឋ

ព័ត៌មាន
ទីក្រុង​កាន់ថូ (Can Tho) នៃ​វៀតណាម​ភាគ​ខាងត្បូង បាន​ចេញ​ក្រម​ប្រតិបត្តិ​ថ្មី​មួយ​ សម្រាប់​មន្ត្រី​រាជការ​ ដោយ​ហាមប្រាម​ការ​ស្លៀក​ខោ​ខូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ