ប្រធានាធិបតីអាហ្រ្វិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងចូហាននីសប៊ឺក Johannesburg ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២-២៤ខែសីហា ជំនួសឱ្យលោក ពូទីន ជាមួយមេដឹកនាំនៃប្រទេសប្រេស៊ីល ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់កាលពីយប់ថ្ងៃអង្គាររវាងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោកស៊ីរីល រ៉ាម៉ា ហ្វូសា Cyril Ramaphosa និងមេដឹកនាំគណបក្សនយោបាយមកពីក្រុមប្រទេស BRICS។ ក្នុងនោះ វិមានក្រឹមឡាំងបានឱ្យដឹងដែរថា លោកពូទីននឹងចូលរួមក្នុងកិច្ចប្រជុំកំពូលBRICSដែរ ប៉ុន្តែតាមរយៈប្រព័ន្ធវីដេអូ។
កាលពីថ្ងៃអង្គារ ឯកសាររបស់តុលាការ ICC បានផ្សព្វផ្សាយជាសាធារណៈដោយបានបង្ហាញថា លោក រ៉ាម៉ាហ្វូសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានស្នើសុំការអនុញ្ញាតពី ICC មិនអនុវត្តដីកាចាប់ខ្លួនលោកពូទីនទេ ពីព្រោះការធ្វើបែបនេះលោកថាស្មើនឹង«ការប្រកាសសង្គ្រាម» និងអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អាហ្វ្រិកដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ៕