លោក Yoon បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រួមទាំងរ៉យទ័រផងដែរ ខណៈដែលលោកត្រៀមចេញដំណើរទៅកាន់ទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍ទី១៦មីនា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលវាគឺជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំនៃមេដឹកនាំប្រទេសទាំងពីរ។
មែនទែនទៅ ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនរបស់ខ្លួននឹងផ្តល់សំណងដល់ជនរងគ្រោះ ដែលរងការធ្វើពលកម្មដោយបង្ខំក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុនពីឆ្នាំ១៩១០-១៩៤៥ ដើម្បីស្វែងរកការបញ្ចប់ជម្លោះ ដែលបានធ្វើឱ្យមានការពិបាកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការរុញច្រានរណសិរ្សរួបរួមនៃប្រទេសទាំងពីរប្រឆាំងនឹងប្រទេសចិន និងកូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានថ្លែងប្រាប់អ្នកយកព័ត៌មានទៀតថា «មានតម្រូវការកាន់តែខ្លាំងឡើងសម្រាប់កូរ៉េ និងជប៉ុនក្នុងការសហការគ្នាក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាខ្សែចង្វាក់ផ្គត់ផ្គង់សកលផងដែរ»។
ដំណើរទស្សនកិច្ចរបស់លោក Yoon កើតឡើងចំពេលដែលប្រទេសកូរ៉េខាងជើង បាននិងកំពុងបង្កើនភាពតានតឹងនៅក្នុងតំបន់ ដូចជាការសាកល្បងអាវុធនុយក្លេអ៊ែរ រួមទាំងការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចុងក្រោយបំផុតចំនួនពីរគ្រាប់ទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី ១៤ មីនានេះផងដែរ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការបាញ់បង្ហោះនេះគឺជាផ្នែកមួយនៃសមយុទ្ធយោធា ដើម្បីបណ្តុះបណ្តាលកងទ័ពរបស់ខ្លួន ក៏ដូចជាបំពេញបេសកកម្ម «បំផ្លាញសត្រូវ» ប្រសិនបើចាំបាច់នៅពេលណាក៏បាន។
ទោះយ៉ាងណា ការបាញ់នេះ គឺជួនចំពេលដែលកូរ៉េខាងត្បូង និងអាមេរិកកំពុងធ្វើលំហាត់មយុទ្ធទ្រង់ទ្រាយធំរយៈពេល១១ថ្ងៃដែលឱ្យឈ្មោះថា «Freedom Shield 23» ដែលទីក្រុងព្យុងយ៉ាងបានថ្កោលទោសសមយុទ្ធនេះថា ជាការហាត់សមសម្រាប់ការលុកលុយ និងភស្តុតាងនៃគោលនយោបាយអរិភាពពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។