សម្រាប់អ្នកជំនាញ យុទ្ធនាការពហិការទំនិញថៃនេះ មិនត្រឹមឆ្លើយតបនឹងការប្រមាថមើលងាយដែលថា ខ្មែរជាជាតិសាសន៍ឆាប់ភ្លេច និងដាក់សម្ពាធសេដ្ឋកិច្ចទៅកាន់ប្រទេសក្បែរខាងមួយនេះទេ តែថែមទាំងជាឱកាសវិជ្ជមានសម្រាប់ជំរុញសហគ្រាសក្នុងស្រុកឱ្យបង្កើនការផលិត កែលម្អគុណភាព និងពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែរីកចម្រើនផងដែរ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តចូលរួមចលនាពហិការទំនិញ និងសេវាកម្មថៃ ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការប្រមាថមើលងាយថា ខ្មែរជាជាតិសាសន៍ឆាប់ភ្លេច និងការឈ្លានពានមកលើដែនដីកម្ពុជា ជាបន្តបន្ទាប់។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា រាល់លុយមួយកាក់មួយសេនដែលខ្មែរចំណាយទៅលើទំនិញថៃ គឺស្មើនឹងការចរន្តសេដ្ឋកិច្ចឱ្យថៃ យកមកឈ្លានពានកម្ពុជាវិញ ដូច្នេះយុទ្ធនាការពហិការទំនិញថៃ គឺជាអាវុធឆ្លើយតបដ៏មានប្រសិទ្ធភាពបំផុត។
បើតាមអ្នកជំនាញរូបនេះ ការធ្វើពហិការផលិតផលថៃ មិនត្រឹមតែជាការដាក់សម្ពោធលើសេដ្ឋកិច្ចថៃ និងបង្ហាញពីស្មារតីស្នេហាជាតិ ដ៏រឹងម៉ាំរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែថែមទាំងជួយគាំទ្រឱ្យសហគ្រាសផលិតផលក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិកម្ពុជា កាន់តែរឹងមាំផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ទាំងអស់បន្តពហិការទំនិញថៃ និងជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុលបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន និងកាត់ផ្តាច់ប្រាក់ចំណូលរបស់ថៃ។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាគ្មានផលិតផលថៃ ក៏កម្ពុជា មិនខ្វះខាតទំនិញសម្រាប់ប្រើប្រាស់នោះដែរ ពីព្រោះសហគ្រាសក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់ និងកំពុងខិតខំពង្រឹង និងពង្រីកការកែច្នៃផលិតផលឱ្យកាន់តែមានស្តង់ដារគុណភាព និងមានតម្លៃសមរម្យ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។ សម្រាប់អ្នកជំនាញរូបនេះ មិនមែនទាល់តែថៃឈ្លានពាន ទើបសហគ្រាសកម្ពុជានាំគ្នាខំប្រឹងពង្រឹងខ្លួននោះទេ គឺត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែរឹងមាំ ជំរុញការកែច្នៃផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន និងមានស្តង់ដាត្រឹមត្រូវដើម្បីធានាការរីកចម្រើនរយៈពេលវែង។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា តាមរយៈសម្ទុះគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋខ្មែរ ក្រោយការពហិការផលិតផលថៃ បានជំរុញឱ្យយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានសម្ទុះរីកចម្រើនយ៉ាងខ្លាំង ពោលគឺការលក់ផលិតផលក្នុងស្រុកមានសម្ទុះកើនឡើងប្រមាណ ៤០% ទៅ៥០% ឯណោះនាពេលបច្ចុប្បន្ននេះ។
គួរជម្រាបថា តាមរយៈកំណើនគាំទ្រផលិតផលក្នុងស្រុកនេះ បានជំរុញឱ្យរោងចក្រសហគ្រាសបង្កើតថ្មីនៅកម្ពុជា មានកំណើនជាបន្តបន្ទាប់ ដោយគ្រាន់តែនៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ មានសហគ្រាសធុនតូច និងធម្យមចំនួន ៧៣៨មូលដ្ឋាន បានចុះបញ្ជីនៅក្រសួងឧស្សាហកម្មមានកំណើនជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះភាគច្រើនជាផលិតម្ហូបអាហារ និងភេសជ្ជៈ៕