ការសម្ញែញសាច់ដុំយោធាពីសំណាក់កូរ៉េខាងត្បូងនេះ មានបំណងចង់កំញើញ និងប្រឆាំងនឹងមីស៊ីល នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ព្យុហយាត្រាធ្វើឡើងពេញមួយថ្ងៃ ដែលមានកទ័ពជាតិកូរ៉េចូលរួមប្រមាណ៤ពាន់នាក់ និងកងទ័ពអាមេរិក៣០០នាក់ក្នុងចំណោមកងទ័ពជិត៣ម៉ឺននាក់ ដែលកំពុងមានវត្តមានក្នុងប្រទេស។ ក្បួនដង្ហែរយោធាដ៏កម្ររៀបចំឡើងដើម្បីគម្របខួបថ្ងៃចាប់កំណើតកងទ័ពជាតិកូរ៉េខាងត្បូង។ ក្បួនយោធាដែលលាតសន្ធឹងលើចម្ងាយជាង២គីឡូម៉ែត្រ ធ្វើឡើងនៅចំកណ្តាលទីក្រុងសេអ៊ូល។ គេឃើញមានមនុស្សម្នាប្រជុំផ្តុំគ្នាតាមផ្លូវ អបអរក្បួនកងទ័ព ជាមួយនឹងរថក្រោះ ដ្រូន មីស៊ីលដង្ហែរឆ្លងកាត់។ ទោះយ៉ាងណា ក៏មានដែរសកម្មជនប្រឆាំង ទៅនឹងក្បួនព្យុហយាត្រា ពួកគេបានដង្ហែរបាតុកម្មដាច់ដោយឡែកមួយក្បែរនោះ ដោយលើកបដាសរសេរថា«បញ្ឈប់ការប្រណាំងប្រជែងអាវុធ» និងស្រែកថារដ្ឋាភិបាលកំពុងបង្កើនភាពតានតឹងជាមួយនឹងកូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកយ៉ូន សុខយ៉ុល បានថ្លែងចេញពីមូលដ្ឋានទ័ពអាកាសសេអ៊ូលថា «កូរ៉េខាងត្បូងសូមព្រមានទីក្រុងព្យុងយ៉ាងមិនត្រូវប្រើអាវុធនុយក្លេអ៊ែរជាដាច់ខាត។ បើកូរ៉េខាងជើងប្រើវា របបដឹកនាំព្យុងយ៉ាងនឹងត្រូវចប់ ដោយការឆ្លើយតបពីសម្ព័ន្ធមិត្តកូរ៉េ-អាមេរិក»។ កូរ៉េខាងត្បូងក្រោមរដ្ឋបាលលោកយ៉ូន ដែលមកពីបក្សអភិរក្សនិយមប្រកាន់ជំហរតឹងរ៉ឹងជាមួយកូរ៉េខាងជើង និងបែរងាកទៅពង្រឹងសម្ព័ន្ធភាពយោធាជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងឡើង។ ចាប់តាំងចូលកាន់តំណែងកាលពីឆ្នាំមុន លោកយ៉ូនសន្យាឆ្លើយតបយោធា បើមានការរំលោភបំពាន ឈ្លានពានណាមួយពីកូរ៉េខាងជើង។ កងទ័ពកូរ៉េខាងត្បូងក៏បានធ្វើសមយុទ្ធញឹកញាប់ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដែលតែងធ្វើឱ្យកូរ៉េខាងជើងព្រមានប្រើអាវុធនុយក្លេអ៊ែរតបវិញដែរ។
មែនទែនទៅ ព្យុហយាត្រាយោធារបស់កូរ៉េខាងត្បូងបែបនេះ បានប្រារព្ធឡើងចុងក្រោយបង្អស់កាលពីឆ្នាំ២០១៣ ព្រោះជាធម្មតាពិធីនេះតែងធ្វើឡើងដោយស្ងាប់ស្ងាត់ ដើម្បីបញ្ជៀសភាពតានតឹងជាមួយកូរ៉េខាងជើង ដែលតែងតែដង្ហែរក្បួនទ័ព ដោយមានមីស៊ីលអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរ។ អ្នកវិភាគសង្កេតឃើញថា ក្បួនដង្ហែរកាលពីថ្ងៃអង្គារក៏មានមីស៊ីលស៊េរីចុងក្រោយយុងម៉ូ (Hyunmoo) របស់កូរ៉េខាងត្បូងដែរ។ មីស៊ីលនេះគឺទីក្រុងសេអ៊ូលទុកប្រើវាយប្រហារលើកូរ៉េខាងជើងពេលជម្លោះកើតឡើង។ កាលពីសប្តាហ៍មុន លោកយ៉ូនបានព្រមានរុស្ស៊ីថា បើសិនជាជួយកូរ៉េខាងជើងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ នោះម៉ូស្គូនឹងក្លាយ«ការប្រឈមមុនផ្ទាល់» ជាមួយសេអ៊ូល។ ការលើកឡើងបែបនេះកើតឡើង បន្ទាប់ពីមេដឹកនាំគីម ជុនអ៊ុនបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងជួបលោកពូទីន ដើម្បីបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ។