តើចិន ប្រើយុទ្ធសាស្ត្របែបណា ដើម្បីជួយឱ្យសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ដែលរងទណ្ឌកម្មអន្តរជាតិ ជុំទិស នៅតែអាចរស់រានបាន?
សារព័ត៌មានអាល្លឺម៉ង់ DW បានរាយការណ៍ថា ប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង ដែលមានទំហំគ្របដណ្ដប់រហូតដល់ទៅប្រមាណ៩៥% នៃពាណិជ្ជកម្មរបស់ប្រទេសដ៏ឯកោ និងអាថ៌កំបាំងមួយនេះ។ កូរ៉េខាងជើង ពឹងយ៉ាងខ្លាំងលើប្រទេសចិន មិនថា ផ្នែកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក យានយន្ត និងទំនិញសំខាន់ៗផ្សេងទៀត។ បើគ្មានទំនិញនាំចូលពីប្រទេសចិនទេ នោះសេដ្ឋកិច្ចរបស់កូរ៉េខាងជើងនឹងពិបាកក្នុងការដំណើរការ ឬអាចឈានដល់ការដួលរលំតែម្ដង។
ការនាំចេញស្របច្បាប់របស់កូរ៉េខាងជើង មានចំនួនតិចតួចណាស់ ដែលមានទំហំសរុបត្រឹមតែប្រមាណ ៣៦០លានដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៤។ ការនាំចេញធំបំផុតរបស់កូរ៉េខាងជើង គឺសក់ពាក់ និងសក់ក្លែងក្លាយដែលមានទំហំប្រមាណ៤០% នៃការនាំចេញសរុប ដែលភាគច្រើនលក់ទៅឱ្យប្រទេសចិន។
ក្រៅពីពាណិជ្ជកម្មស្របច្បាប់ កូរ៉េខាងជើង រកប្រាក់ចំណូលបានច្រើនតាមរយៈប្រភពផ្សេងៗទៀត រួមមាន ដូចជាការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសរុស្ស៊ី និងចិន, ការប្រើប្រាស់ជំនាញព័ត៌មានវិទ្យាធ្វើការដោយសម្ងាត់តាមបណ្ដាញអ៊ីនធឺណិតសម្រាប់ក្រុមហ៊ុនបរទេសដោយប្រើអត្តសញ្ញាណក្លែងក្លាយ និងការប្រព្រឹត្តបទល្មើសតាមអ៊ីនធឺណិត និងការលួចលុយឌីជីថល ឬរូបិយប័ណ្ណគ្រីបតូ។ ទិន្នន័យបង្ហាញថា នៅឆ្នាំ២០២៥ ពួកចោរបច្ចេកវិទ្យា ឬ Hacker កូរ៉េខាងជើង ត្រូវបានរាយការណ៍ថា បានលួចរូបិយប័ណ្ណគ្រីបតូរហូតដល់ទៅជាង២ពាន់លានដុល្លារ។
ការលក់សព្វាវុធទៅឱ្យរុស្ស៊ី ជាប្រភពចំណូលដ៏ធំរបស់ប្រទេសនេះដែរ ដោយចាប់តាំងពីឆ្នាំ២០២៣ កូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថា រកប្រាក់បានយ៉ាងសម្បើមចន្លោះពី៧ពាន់លានដុល្លារទៅជិត១៤ពាន់លានដុល្លារតាមរយៈការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ រ៉ុក្កែត និងមីស៊ីលដល់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន។
ក្រុមអ្នកជំនាញនិយាយថា ប្រាក់ចំណូលទាំងនេះជួយឱ្យកូរ៉េខាងជើង មានលុយសម្រាប់ទ្រទ្រង់វិស័យយោធា កម្មវិធីអាវុធនុយក្លេអ៊ែ និងការទិញស្បៀងអាហារ និងប្រេងឥន្ធនៈរបស់ខ្លួន ខណៈដែលប្រទេសចិន នៅតែជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើង៕
ដោយ: តែម សុខុម