មន្ត្រីជំនាញរបស់កូរ៉េខាងត្បូង បានចំណាយពេលជាច្រើនខែមកហើយក្នុងការត្រៀមខ្លួន ដើម្បីឆ្លើយតបនឹងការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ឬក៏លោកស្រី កាម៉ាឡា ហារីស ក្រោយមានការរំពឹងថា កូរ៉េខាងត្បូង ដែលពឹងផ្អែកលើការធ្វើពាណិជ្ជកម្មអាចនឹងជួបហានិភ័យកាន់តែខ្លាំងឡើង ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោត។
ចំណុចដ៏សំខាន់មួយដែលកំពុងត្រួតពិនិត្យ និងផ្តោតការយកចិត្តទុកដាក់នោះ គឺការកើនឡើងអតិរេកពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងជាមួយសហរដ្ឋអាម៉េរិក។ បើតាមប្រភពមួយចំនួនបានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចនឹងជំរុញឱ្យក្រុមហ៊ុននានាជំរុញការទិញប្រេង និងឧស្ម័នរបស់សហរដ្ឋអាម៉េរិក ប្រសិនបើអតុល្យភាពពាណិជ្ជកម្មក្លាយជាបញ្ហាក្រោមការដឹកនាំរបស់លោក ត្រាំ។ ប្រទេសផ្សេងទៀតដែលមានអតិរេកពាណិជ្ជកម្មធំជាមួយនឹងអាម៉េរិករួមមានប្រទេសចិន និងម៉ិកស៊ិក ក៏ទំនងជាអាចរងសម្ពាធខ្លាំងផងដែរ។
ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា កំពុងក្លាយជាការប្រកួតប្រជែងដ៏តឹងតែងរវាងលោក ត្រាំ និងលោកស្រី ហារីស។ អ្នកបង្កើតគោលនយោបាយជុំវិញពិភពលោកព្យាយាមសម្របតាមអាណត្តិទីពីរដ៏មានសក្ដានុភាពរបស់លោក ត្រាំ ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសចាប់តាំងពីលោកបានប្តេជ្ញាដាក់ពន្ធអប្បបរមា១០% លើការនាំចូលទំនិញសព្វសារពើ និងបង្កើនពន្ធលើទំនិញរបស់ចិន រហូតដល់៦០% តែម្ដង៕
អត្ថបទ៖ សុខ មង្គល