សេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូងនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីលោកចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកមិនបានពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយកូរ៉េខាងត្បូងនោះទេ ដែលវាហាក់ដូចជាផ្ទុយនឹងការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយកាលពីប៉ុន្មានថ្ងៃមុននេះ ដែលោកបានបង្ហើបថា កំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ិនតោន ដើម្បីរៀបចំធ្វើសមយុទ្ធមួយ ដោយមានប្រើប្រាស់ធនធាននុយក្លេអ៊ែរបស់អាមេរិក។
ក្រោយពីប្រធានាធិបតីអាមេរិកចេញមកបដិសេធយ៉ាងដូច្នេះ លេខាធិការទទួលបន្ទុកកិច្ចការសារព័ត៌មានរបស់លោក យូន គឺលោកស្រី Kim Eun-hye បាននិយាយថា លោក បៃដិន «គ្មានជម្រើសអ្វីក្រៅពីនិយាយថា «ទេ» ដោយសារតែគាត់ត្រូវបានគេសួរយ៉ាងឥតលាក់លៀមថា តើប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីល្បែងសង្គ្រាមនុយក្លេអ៊ែរមែនទេ ខណៈដែលសមយុទ្ធនុយក្លេអ៊ែររួមគ្នាអាចធ្វើឡើងរវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃនោះ?»។
លោកស្រី គីម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីឆ្លើយតបទៅនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកកំពុងពិភាក្សាអំពីវិធីចែករំលែកព័ត៌មានស្តីពីប្រតិបត្តិការធនធាននុយក្លេអ៊ែរដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងការធ្វើផែនការរួមគ្នា និងការប្រតិបត្តិការយោធារួមគ្នាផ្សេងទៀតផងដែរ»។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានរំលឹកឡើងវិញនូវការអត្ថាធិប្បាយរបស់លោក បៃដិនដោយនិយាយថា សមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយទីក្រុងសេអ៊ូលនឹងមាន «ការលំបាកខ្លាំង» ដោយសារតែទីក្រុងសេអ៊ូលមិនមែនជាមហាអំណាចនុយក្លេអ៊ែរ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិកកំពុងសម្លឹងមើលការចែករំលែកព័ត៌មាន ការរៀបចំផែនការភាពអាសន្នរួមគ្នា និងសមយុទ្ធជាយថាហេតុជាដើម។
គួរជម្រាបថា បន្ទាប់ពីកិច្ចប្រជុំនៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីនៃប្រទេសទាំងពីរបានស្នើឱ្យក្រុមមន្ត្រីយោធារបស់ពួកគេរិះរកមធ្យោបាយ ដើម្បីដោះស្រាយសកម្មភាព និងសេចក្តីថ្លែងការណ៍ថ្មីៗរបស់កូរ៉េខាងជើង ដែលបានបង្កឱ្យមាន «ការព្រួយបារម្ភកាន់តែខ្លាំងឡើង»។
បើតាមមន្ត្រីអាមេរិកដដែលបានលើកឡើងទៀតថា ភាគីទាំងសងខាងមិនទាន់បានបញ្ជាក់អំពីពេលវេលាជាក់លាក់ណាមួយ នៃសមយុទ្ធដែលត្រូវគ្រោងទុកនោះទេ ប៉ុន្តែលោកជឿថា ពួកគេនឹងធ្វើឡើង «ក្នុងពេលអនាគតដ៏ខ្លីខាងមុខ» និងគ្របដណ្តប់លើសេណារីយ៉ូលើសពីស្ថានការនុយក្លេអ៊ែរថែមទៀត។
យ៉ាងណាមិញ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ការទប់ស្កាត់បន្ថែម ហើយកំពុងធ្វើការលើ «ការឆ្លើយតបសម្របសម្រួលប្រកបដោយប្រសិទ្ធភាពចំពោះសេណារីយ៉ូជាច្រើន រួមទាំងការប្រើប្រាស់នុយក្លេអ៊ែរដោយកូរ៉េខាងជើងមកលើកូរ៉េខាងត្បូង ឬការវាយប្រហារលើទឹកដីសហរដ្ឋអាមេរិកក៏ថាបាន»។
បុរសខ្លាំងកូរ៉េខាងជើងនៅចុងក្រោយនេះ ទើបតែបានជំរុញឲ្យមានការអភិវឌ្ឍអាវុធនុយមីស៊ីលអន្តរទ្វីបដ៏ធំបំផុតមួយទៀត ដើម្បីត្រៀមទប់ទល់ជាមួយនឹងបច្ចាមិត្ត ដែលគ្មាននរណាក្រៅតែពីកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកនោះឡើយ ដោយកន្លងមក លោក គីម ជុងអ៊ុន ធ្លាប់និយាយអួតក្ដែងៗអំពីសមត្ថភាពមីស៊ីលរបស់ខ្លួនអាចបាញ់បានដល់ទឹកដីសហរដ្ឋអាមេរិកផងដែរ៕