ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលគ្រោងនឹងផ្គត់ផ្គង់ផ្ទះចំនួន ៥០ម៉ឺនខ្នងនៅក្នុងតំបន់ទីក្រុងសេអ៊ូល និងជាង៥២ម៉ឺនខ្នងផ្សេងទៀតក្នុងទីក្រុងធំៗមួយចំនួនក្រៅពីទីក្រុងសេអ៊ូល ក្នុងរយៈពេល៥ ឆ្នាំខាងមុខ។ ចំនួននេះ កើនឡើងជាង ៥០%ពីចំនួនដែលបានផ្គត់ផ្គង់ក្នុងរយៈពេល៥ឆ្នាំកន្លងមក។
ក្រសួងដែនដីកូរ៉េបានបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងពន្ធផ្សេងៗដល់យុវជន និងអ្នកដែលមានប្រាក់ចំណូលទាបនៅពេលពួកគេសម្រេចទិញ ឬជួលផ្ទះផងដែរ។
ក្នុងចំណោមផ្ទះដែលគ្រោងនឹងសាងសងទាំងអស់ មានផ្ទះចំនួន៥២ម៉ឺនខ្នង នឹងត្រូវបានផ្តល់ជូនតាមរយៈការអភិវឌ្ឍឡើងវិញ ការកសាងឡើងវិញ និងគម្រោងអភិវឌ្ឍន៍ដែលដឹកនាំដោយរដ្ឋបាលនៅតាមទីក្រុង។ ក្រៅពីនោះ លំនៅដ្ឋានសាធារណៈមានចំនួន ៨៨ម៉ឺនខ្នង នឹងមាននៅក្នុងតំបន់ទីប្រជុំជន ហើយផ្ទះចំនួន១,៣លានខ្នងទៀត នឹងត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីអភិវឌ្ឍន៍របស់វិស័យឯកជន។
ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងលោក យ៊ូន ស៊ុកយូល (Yoon Suk-yeol) ដែលបានចាប់ផ្តើមអាណត្តិរយៈពេលប្រាំឆ្នាំរបស់លោក កាលពីដើមខែឧសភាបានសន្យាថា នឹងបង្កើនការផ្គត់ផ្គង់ផ្ទះនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ ឱ្យបានគ្រប់គ្រាន់។ លោកថែមទាំងបាន រិះគន់គោលនយោបាយរបស់ប្រធានាធិបតីមុន ដែលមិនលើកទឹកចិត្តឱ្យមានការទិញផ្ទះនៅក្នុងតំបន់ទីក្រុង។
គួរជម្រាបថា តម្លៃនៃអាផាតមិនក្នុងទីក្រុងសេអ៊ូល ដែលជាប្រភេទផ្ទះពេញនិយមច្រើនជាងគេក្នុងបើយោងតាមទិន្នន័យពីធនាគារកូរ៉េ KB Kookmin បានឲ្យដឹងថា តម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺកើនពីតម្លៃជិត៥០ម៉ឺនដុល្លារ ដល់ ជិត៩៥ម៉ឺនដុល្លារ ខណៈដែលរបាយការណ៍កាលពីឆ្នាំ២០២១របស់ធនាគារពិភពលោកបង្ហាញថា ពលរដ្ឋកូរ៉េម្នាក់អាចរកចំណូលបានជាមធ្យមក្នុងរង្វង់ជិត ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំ៕