យោងតាមប្រភពដដែលបានឲ្យដឹងថា សមយុទ្ធរដូវក្តៅនៅឆ្នាំនេះ មានឈ្មោះថា (Ulchi Freedom Shield) ដែលកំពុងចាប់ផ្តើម ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញានេះ ដែលមានរយៈពេលជាងមួយសប្តាហ៍។
មែនទែនទៅ សមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងបានប្រព្រឹត្តធ្វើឡើងដូចសព្វមួយដងឡើងវិញ ក្រោយប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង លោក Yoon Suk-yeol ឡើងកាន់អំណាច ដែលមានជំហរក្តៅជាមួយកូរ៉េខាងជើង មិនដូចមេដឹកនាំមុនៗនោះទេ។
មួយវិញទៀត សមយុទ្ធរួមគ្នានេះ ត្រូវបានផ្អាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជម្ងឺកូវីដ១៩រាតត្បាត ផង និងដោយសារអតីតប្រធានាធិបតីកូរ៉េខាងត្បូងមុនជ្រើសយកកិច្ចចរចា ជាមួយទីក្រុងព្យុងយ៉ាង ជំនួសឲ្យការធ្វើសមយុទ្ធនេះ។
ថ្មីៗនេះដែរ រដ្ឋផ្តាច់ការកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ ពីសមុទ្រភាគខាងលិចនៃទីក្រុង Onchon កាលពីសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការហ្វឹកហាត់បឋមសម្រាប់សមយុទ្ធនេះ។
ទន្ទឹមនឹងគ្នានេះ មន្ត្រីទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំនេះ ហើយទីក្រុងព្យុងយ៉ាងទំនងជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសាកល្បងបាញ់បង្ហោះអាវុធនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួននៅពេលណាមួយក៏បាន។
កាលពីពេលកន្លងទៅនេះដែរ ប្រធានាធិបតីកូរ៉េខាត្បូង លោក Yoon បាននិយាយថា រដ្ឋាភិបាលរបស់លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ច ប្រសិនបើទីក្រុងព្យុងយ៉ាងអាចចាត់វិធានការក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែកូរ៉េខាងជើងបានបដិសេធសំណើរបស់លោក ថែមទាំងរិះគន់ប្រធានាធិបតីរូបនេះយ៉ាងចាស់ដៃផងដែរ។
ទោះបីជាយ៉ាងណា ក្នុងសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិកនេះដែរ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងចំនួន ១១ កម្មវិធីហ្វឹកហ្វឺន ដែលមានកងទាហានចូលរួមរាប់ពាន់នាក់។
តាមក្រសួងការពារជាតិកូរ៉េខាងត្បូងអះអាងថា ការបាញ់សាកល្បងបាញ់មីស៊ីលកន្លងមក ពីសំណាក់ទីក្រុងព្យុងយ៉ាងគឺមានគំរាមគំហែងយ៉ាងខ្លាំង ជាពិសេសទៅលើទីក្រុងសេអ៊ូលដែលស្ថិតនៅនៅកៀកព្រំប្រទល់កូរ៉េខាងជើងតែម្តង ដែលការណ៍នេះហើយខ្លួនត្រូវតែពង្រឹង និងពង្រីកសមត្ថភាពការពារដែនអាកាស ព្រមទាំងដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីលបន្ថែមទៀតផងដែរ៕