គីមឈីនេះ គឺមិនពិបាកធ្វើប៉ុន្មានទេ គឺគេយកស្ពៃបូកគោមកធ្វើ លាយគ្រឿងផ្សំ និងផ្អាប់ទុក ហើយវាមានរសជាតិ គឺស្រដៀងនឹងជ្រក់ស្ពៃខ្មែរយើងដែរ។ ប៉ុន្ដែ កូរ៉េចេះកែច្នៃផលិតផលនេះ វេចខ្ចប់ដើម្បីលក់ចេញទៅកាន់ប្រទេសជាច្រើនលើសកលោក សូម្បីតែនៅខ្មែរយើង ក៏មានលក់គីមឈីពីកូរ៉េនេះដែរ។ ប្រទេសដែលនាំចូលគីមឈីពីប្រទេសកូរ៉េខាងត្បូងច្រើនជាងគេ គឺប្រទេសជប៉ុន ដែលនៅ៤ខែកន្លងមកនេះ នាំចូលក្នុងតម្លៃជាង៣០លានដុល្លារ បន្ទាប់មកគឺអាមេរិកមានជាង១១លានដុល្លារ និងអឺរ៉ុបមានជាង៥លានដុល្លារ។
សម្រាប់កម្ពុជាយើងវិញ ផលិតផលកសិកម្ម គឺមានសក្ដានុពលខ្លាំងមែនទែន យើងមានកសិផលជាច្រើនមុខណាស់ ដែលអាចកែច្នៃនាំចេញទៅលក់បាន ប៉ុន្ដែអ្វីដែលសំខាន់ គឺបច្ចុប្បន្នយើងនៅខ្វះខាតបច្ចេកទេស ការកែច្នៃវេចខ្ចប់ ដើម្បីនាំចេញ។
ភាគច្រើន យើងនាំចេញផលិតផលកសិកម្មទាំងអស់នោះ ជាវត្ថុធាតុដើមស្ទើរតែទាំងស្រុង និង មានភាគតិចណាស់ជាផលិតពាក់កណ្ដាលសម្រេច មិនសូវមានការកែច្នៃផលិតផលសម្រេចនោះទេកម្ពុជា ដូច្នេះយើងវាបាត់តម្លៃច្រើន ឧទាហរណ៍មួយចុះ បើយើងនាំចេញស្រូវទៅក្រៅប្រទេសយើងនឹងបាត់បង់អ្វីខ្លះ កន្ទក់ កាចុងអង្ករ អង្រ្គាម លនិង ល។ ទាំងអស់ហ្នឹងហើយវាផ្តល់តម្លៃច្រើនណាស់សម្រាប់កសិករក្នុងសហគមន៍ក្នុងស្រុកយើង ស អ្នកកសិកម្ម ចិញ្ចឹមសត្វ និងយកទៅធ្វើអីផ្សេងៗទៀត។សព្វថ្ងៃនេះទៅជាយើងនាំចូលកន្ទក់ កាចុងអង្ករពីប្រទេសជិតវិញអស់ហើយ។ បើសិនជាយើងអាចកែច្នៃផលិតផលសម្រេចនៅក្នុងស្រុកយើង នាំចេញបានកាន់តែច្រើន នោះវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងសហគមន៍ ក្នុងស្រុកក្នុងប្រទេសយើងបានច្រើនណាស់ ទាំងការបង្កើតទីផ្សារបន្ថែមសម្រាប់កសិករ អាជីវករ បង្កើតការងារក្នុងស្រុក និង បង្កើនចំណូលពីការនាំចេញជាដើម៕