នៅក្នុងសុន្ទរកថាចុងក្រោយសម្រាប់ឆ្នាំថ្មីរបស់លោក មុននឹងបញ្ចប់អាណត្តិនាចុងខែឧសភាខាងមុខនេះ លោកម៉ូនបាននិយាយថា រដ្ឋាភិបាលសេអ៊ូល នឹងបន្តធ្វើឱ្យមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងនៅឧបទ្វីបកូរ៉េ ហើយលោកសង្ឃឹមថាកូរ៉េខាងត្បូង និងខាងជើងនឹងត្រឡប់ទៅកាន់សន្តិភាព។ លោក ម៉ូន បានបន្ថែមទៀតថា ក្រោយពេលលោកបញ្ចប់អាណត្តិទៅ លោកក៏សង្ឃឹមដែរថា រដ្ឋបាលប្រធានាធិបតីក្រោយៗ នឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្រាប់ការសន្ទនា រវាងប្រទេសទាំងពីរបន្ដទៀត។
យ៉ាងណាមិញ ក្រុងព្យុងយ៉ាងឯណោះ បានរក្សាភាពស្ងៀមស្ងាត់ ដោយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននៅក្នុងសុន្ទរកថា សម្រាប់ឆ្នាំថ្មីឆ្នាំសកល ពុំបានថ្លែងអ្វីជាសាធារណៈ ឆ្លើយតបទៅកាន់ការលើកឡើងរបស់លោកម៉ូន ចេអ៊ីនឡើយ។
គួរជម្រាបថា ប្រធានាធិបតីកូរ៉េខាងត្បូង បានណាត់ជួបពិភាក្សាជាមួយប្រមុខដឹកនាំក្រុងព្យុងយ៉ាងជាច្រើនលើកច្រើនសារមកហើយ សូម្បីតែទៅជួបពិភាក្សាផ្ទាល់នៅក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៨ និង២០១៩ ក៏លោកម៉ូនធ្លាប់បានធ្វើអស់ហើយដែរ ប៉ុន្តែនៅមិនអាចទម្លាយភាពជាប់គាំងរវាងបងប្អូនទាំងពីរនេះបានដដែល។
មិនអាចទម្លាយភាពជាប់គាំងនយោបាយបានក៏ដោយសារតែភាគីទាំងពីរដាក់សំណើទៅវិញទៅមករៀងៗខ្លួន ដែលអ្នកភាគីពីរសុទ្ធតែមិនអាចធ្វើបាន។ ជាក់ស្តែង សេអ៊ូល តែងទាមទារឲ្យ ព្យុងយ៉ាង ទម្លាក់ចោលនូវរាល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីប ហើយជាថ្នូរមកវិញ កូរ៉េខាងជើង ស្នើឲ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដកចេញវិញនៅរាល់ទណ្ឌកម្មដែលបានដាក់មកលើខ្លួន ព្រមទាំងបញ្ឈប់នូវរាល់សកម្មភាពយោធាទ្វេភាគីរវាងគ្នា ដែលព្យុងយ៉ាងចាត់ទុកជាការគរាមកំហែង៕