ច្បាប់អាជ្ញាសឹក

ប្រធានាធិបតីកូរ៉េ យ៉ុន ស៊ុកយុល រួចផុតពីការចោទប្រកាន់ទោស ខណៈអតីតរដ្ឋមន្ត្រីការពារជាតិត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹកថ្មីៗនេះ


ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន ស៊ុកយុល បានរួចផុតពីការចោទប្រកាន់ទោសក្នុងសភា ខណៈដែលរដ្ឋអាជ្ញាកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ កន្លងទៅបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក គីម យ៉ុងយុន (Kim Yong-hyun) ពាក់ព័ន្ធនឹងការប្រើតួនាទីរបស់ខ្លួនជំរុញឱ្យប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសច្បាប់អាជ្ញាសឹកដែលបានបង្កភាពភ្ញាក់ផ្អើលនៅកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
ច្បាប់អាជ្ញាសឹក
ដោយ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន ស៊ុកយុល បានរួចផុតពីការបោះឆ្នោតចោទប្រកាន់ទោសនៅក្នុងសភាកាលពីថ្ងៃសៅរ៍ កន្លងមកនេះ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបានបង្កភាពចលាចលនៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន។

ប៉ុន្តែមេដឹកនាំគណបក្សកាន់អំណាច គឺលោក ហាន ដុងហុន (Han Dong-hoon) បាននិយាយថា ទោះជារួចផុតពីការចោទប្រកាន់ទោសក៏ដោយ ក៏លោក យ៉ុន ស៊ុកយុល នឹងត្រូវដកហូតតួនាទីរបស់លោកមួយចំនួនដោយចៀសមិនរួចឡើយ នៅមុនពេលលោកចុះចេញពីតំណែង ហើយលោក ហាន ដុងហុន គ្រោង ជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន ដាច់ស៊ូ (Han Duck-soo) កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីបញ្ហានេះ។

កាលពីថ្ងៃសៅរ៍ លោក យ៉ុន ស៊ុកយុល បានថ្លែងសុន្ទរកថា តាមទូរទស្សន៍ ដោយធ្វើការសុំទោសដល់ជនរួមជាតិ ចំពោះការប្រកាសច្បាប់អាជ្ញាសឹក ហើយនិយាយថា លោកនឹងមិនគេចពីការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយសម្រាប់សកម្មភាពរបស់លោកនេះឡើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីការលាលែងពីតំណែងនោះទេ។

ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹកនេះដែរ លោក គីម យ៉ុងយុន រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង បានលាលែងពីតំណែងកាលពីថ្ងៃពុធសប្ដាហ៍មុន ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ កន្លងទៅ ក្រោយពីគេបានចោទប្រកាន់ថា លោក គីម យ៉ុងយុន បានប្រើតួនាទីរបស់ខ្លួនដើម្បីជំរុញឱ្យលោក យ៉ុន ស៊ុកយុល ប្រកាសច្បាប់អាជ្ញាសឹកបានមួយប្រាវកាលពីថ្ងៃអង្គារ ហើយក្រុមស៊ើបអង្កេតពិសេសរបស់ក្រុមរដ្ឋអាជ្ញាកំពុងសួរចម្លើយ ដូច្នេះហើយភ្លាមៗនេះគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

ការចាប់ខ្លួននេះបានធ្វើឡើងក្រោយពីគណបក្សជំទាស់សំឡេងភាគតិចចំនួន៣ បានដាក់ពាក្យបណ្តឹងទៅសាលាអយ្យការប្រឆាំងនឹងលោក យ៉ុន ស៊ុកយុល លោក គីម យ៉ុងយុន និងមេបញ្ជាការច្បាប់អាជ្ញាសឹកលោក ប៉ាក អានស៊ូ (Park An-su) ដោយចោទអ្នកទាំងបីនេះពីបទធ្វើអំពើបះបោរ។ ដូច្នេះហើយប្រសិនបើពួកគាត់ពិតជាមានទោសមែននោះ ពួកគាត់នឹងត្រូវប្រឈមនឹងទោសប្រហារជីវិត ឬក៏ទោសជាប់ពន្ធនាគារអស់មួយជីវិតជាមិនខានឡើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារក្នុងស្រុក កំពុងបង្កើនការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលកាន់តែខ្លាំង ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech នៅកម្ពុជា បាននិងកំពុងបោះពួយរីកដុះដាលទៅមុខយ៉ាងឆាប់រហ័ស ពិសេស សេ…

កម្ពុជា-ចិនពួតដៃគ្នាពង្រឹងអភិបាលកិច្ចគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា AI

ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOC) និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន (CIIS) បានសហការគ្នារៀបចំសន្និសីទស្ដីពី«កិច្ចសហប្រតិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ