ជាមួយគ្នានេះដែរ ក្រុមហ៊ុន S&P មិនរំពឹងថា រដ្ឋាភិបាលស្រីលង្កានឹងអាចមានលទ្ធភាពធ្វើការទូទាត់មូលបត្របំណុលក្នុងរយៈពេល ៣០ ថ្ងៃទៀតបានយ៉ាងណានោះទេ បន្ទាប់ពីកាលកំណត់ត្រូវបង់សងបានផុតកំណត់ម្ដងរួចទៅហើយ។ ការចាត់ថ្នាក់ប្រទេសស្រីលង្កា បរាជ័យក្នុងការសងបណ្ណបំណុលនេះ ក៏បានដាក់បន្ទុកកាន់តែធ្ងន់ ទៅដល់ប្រទេសនេះ ក្នុងការលំបាកទៅស្វែងរកប្រភពហិរញ្ញវត្ថុមកសង្គ្រោះសេដ្ឋកិច្ចដែលកំពុងដួលរលំ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បើទោះបីជា ស្ថានភាពប្រទេសកាន់តែដុនដាបក្ដី ប្រទេសស្រីលង្កានៅតែបន្ដក្ដីសង្ឃឹមថា នឹងអាចទទួលបានមូលនិធិ ៣ពាន់លានដុល្លារពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីយកមកសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ដោយរដ្ឋាភិបាលប្រទេសនេះ គ្រោងនឹងចាប់ផ្ដើមកិច្ចពិភាក្សាអំពីថវិកាសង្គ្រោះបន្ទាន់ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងខែសីហានេះតែម្តង។
ក្រុមហ៊ុន S&P Global ដែលជាទីភ្នាក់ងារវាយតម្លៃសកលរបស់អាមេរិកកាលពីថ្ងៃទី ១៥សីហា បានធ្វើការវាយតម្លៃរបស់ខ្លួនពីមូលបត្របំណុលរបស់ស្រីលង្កាទៅក្នុងកម្រិត «D» ដែលតំណាងឲ្យការបរាជ័យក្នុងការសងបណ្ណបំណុល ខណៈកន្លងមកប្រទេសនេះ បានខកខានសងបំណុលទាំងការប្រាក់ និងប្រាក់ដើមម្ដងរួចហើយ។
ប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជនជាង២២លាននាក់មួយនេះ បានខកខានទូទាត់មូលបត្របំណុលកាលពីដើមឆ្នាំនេះ ហើយក៏បានជំពាក់បំណុលបរទេសចំនួន ១២ ពាន់លានដុល្លារ ជាមួយម្ចាស់បំណុលឯកជនផងដែរ ខណៈដែលប្រទេសនេះបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ការបង្កកបំណុលសាធារណៈក្រៅប្រទេសរបស់ប្រទេសស្រីលង្កាបានធ្វើឱ្យរាំងស្ទះដល់ដំណើរការបង់ការប្រាក់ និងសងបំណុលសំខាន់ៗ ដែលត្រូវបង់ទៅឱ្យមូលបត្របំណុលអធិបតេយ្យភាពអន្តរជាតិរបស់រដ្ឋាភិបាលផងដែរ។
ក្រុមហ៊ុន S&P បាននិយាយថា ក្រុមហ៊ុននេះមិនរំពឹងថា រដ្ឋាភិបាលស្រីលង្កាដែលបានខកខានសងបំណុលជារូបិយបណ្ណបរទេសមួយចំនួនរួចទៅហើយនោះ អាចនឹងធ្វើការទូទាត់មូលបត្របំណុលរបស់ខ្លួនបានក្នុងរយៈពេល ៣០ ថ្ងៃនោះទេ បន្ទាប់ពីបានខកខានបង់តាមការកំណត់ម្ដងរួចមកហើយនោះ៕
អត្ថបទ៖ សុខ ជា