ក្រុមអ្នកជំនាញបានប៉ាន់ស្មានថា គ្រួសារជាប់សែស្រឡាយចិន ទាំងនេះ អាចចំណាយជាមធ្យមប្រមាណ២៥០ដុល្លារក្នុង១គ្រួសារ ឬប្រមាណ៧៥០លានដុល្លារអាម៉េរិក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ។ តើការចំណាយក្នុងឱកាសបុណ្យចូលឆ្នាំចិន នឹងរួមចំណែកយ៉ាងណាក្នុងការជំរុញចរន្តសាច់ប្រាក់ក្នុងសេដ្ឋកិច្ច?
លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានវាយតម្លៃថា នៅក្នុងចំណោមពលរដ្ឋខ្មែរជាង១៧លាននាក់ ក្នុងនោះអាចមានពលរដ្ឋប្រមាណ៣លានគ្រួសារ មានជាប់សែស្រឡាយចិន។ អ្នកជំនាញរូបនេះ បានប៉ាន់ស្មានថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំនេះ ពលរដ្ឋជាប់សែស្រឡាយចិន ប្រមាណ៣លានគ្រួសារ អាចចំណាយថវិកាប្រមាណ៧៥០លានដុល្លារ ឬជាមធ្យម២៥០ដុល្លារ ក្នុង១គ្រួសារ ដើម្បីការរៀបចំពិធីសែន ឬជួបជុំសាច់ញាតិ និងការធ្វើដំណើរកម្សាន្តនានានៅក្នុងប្រទេស។ អ្នកជំនាញរូបនេះបានចាត់ទុកការចំណាយរបស់ពលរដ្ឋជាប់សែស្រឡាយចិន ទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញចរន្តសាច់ប្រាក់នៅក្នុងចរន្តសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ ជាមួយគ្នានេះ លោកបណ្ឌិត លើកទឹកចិត្តឱ្យពលរដ្ឋគិតគូរប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ក្រុមអ្នកផលិត និងទប់ស្កាត់ចរន្តសាច់ប្រាក់ចេញទៅក្រៅប្រទេស។
ដោយឡែក លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ជាទម្លាប់របស់ពលរដ្ឋចិន និងអ្នកជាប់សែស្រឡាយចិន គឺតែងតែធ្វើពិធីសែនដូនតាពុំដែលខាននោះទេ ប៉ុន្តែពិធីតូច ឬធំ គឺអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេនីមួយៗ។ សម្រាប់អ្នកជំនាញរូបនេះ ការចំណាយរបស់ជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ចង់ ឬមិនចង់វានឹងរួមចំណែកជួយជំរុញសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ក៏ដូចជាជំរុញតម្រូវការប្រើប្រាស់ឱ្យមានការកើនឡើងជាងថ្ងៃធម្មតា។
បើតាមការវាយតម្លៃរបស់អ្នកជំនាញទេសចរណ៍រូបនេះ នៅក្នុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំនេះ ការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋនៅមានដំណើរការជាធម្មតា ខណៈការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាពិសេសបណ្ដាប្រទេសធំៗ ពុំសូវមានច្រើនដូចបណ្ដាឆ្នាំមុនៗនោះទេ ហើយកញ្ចប់ទេសចរណ៍ដែលមានតម្លៃសមរម្យនៅក្នុងប្រទេសជិតខាងអាចមានការថមថយតិចតួច។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨-៣១ ខែមករា ឆ្នាំ២០២៥៕
អត្ថបទ៖ បូ ដូឡា