គណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសស្រីលង្កាលោក អាលី សាព្រី (Ali Sabry) បានចាប់ផ្តើមកិច្ចពិភាក្សាផ្លូវការជាមួយមន្ត្រី IMF នៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ ទី១៨ ខែមេសា សម្រាប់កម្មវិធីមួយដែលរដ្ឋាភិបាលស្រីលង្កាសង្ឃឹមថា នឹងអាចជួយបំពេញទុនបម្រុងរបស់ខ្លួន និងទទួលបានហិរញ្ញប្បទាន ដើម្បីទូទាត់សម្រាប់ការនាំចូលផលិតផលសំខាន់ៗដូចជា ប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យជាដើម។
លោក សាមៀ ហ្សាវ៉ាហៀ (Shamir Zavahir) ជំនួយការរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កាបាននិយាយថា ស្រីលង្កាបានស្នើសុំប្រាក់កម្ចីនៅក្រោមកម្មវិធីការផ្ដល់ហិរញ្ញវត្ថុបន្ទាន់ (RFI)ដែរ ដែលកម្មវិធីនេះ គឺសម្រាប់ប្រទេសដែលចង់បានការគាំទ្រសមតុល្យនៃការទូទាត់ជាបន្ទាន់ ប៉ុន្តែដំបូងឡើយអ្នកផ្តល់ប្រាក់កម្ចីសកលមិនទាន់មានទំនុកចិត្តក្នុងការផ្តល់កម្ចីទៅតាមសំណើនេះនៅឡើយទេ។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិ IMF បានជូនដំណឹងជាបន្តបន្ទាប់ដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុគឺលោក Sabry ដោយបានបញ្ជាក់ថា ប្រទេសឥណ្ឌាក៏បានធ្វើជាអ្នកតំណាងឱ្យប្រទេសស្រីលង្កាសម្រាប់កម្មវិធីការផ្ដល់ហិរញ្ញវត្ថុបន្ទាន់ RFI នេះផងដែរ។
លោក Sabry បានប្រាប់រ៉យទ័រកាលពីដើមខែនេះថា ប្រទេសស្រីលង្កាកំពុងស្វែងរកទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះពីប្រភពជាច្រើនរួមទាំងមូលនិធិ IMF ធនាគារពិភពលោក និងពីប្រទេសឥណ្ឌាផងដែរ ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនេះ។
វិបត្តិសេដ្ឋកិច្ចនៅប្រទេសស្រីលង្កាបានធ្វើឱ្យមានភាពចលាចលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដោយសារមានប្រជាពលរដ្ឋជាច្រើនបានប្រមូលផ្ដុំគ្នាតាមផ្លូវនៅទូទាំងប្រទេសនេះ ដើម្បីតវ៉ាប្រឆាំងនឹងប្រធានាធិបតីលោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា រហូតដល់បានទាមទារឱ្យលោកចុះចេញពីតំណែងថែមទៀតផង។ ប៉ុន្ដែ ប្រធានាធិបតីរូបនេះ បានចេញមុខប្រកាសក្ដែងរួចហើយថា លោកមិនចុះចេញទៅណាឡើយ ព្រោះលោកត្រូវមានទំនួលខុសត្រូវក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតឡើងនេះ។
យ៉ាងណាក៏ដោយចុះ នៅថ្ងៃទី ១៩ ខែមេសា គណបក្សប្រឆាំងដ៏សំខាន់នៅប្រទេសនេះ ក៏មានការដាក់ញត្តិទៅកាន់រដ្ឋសភាដើម្បីសម្ដែងការមិនទុកចិត្តចំពោះរដ្ឋាភិបាលរបស់លោក រ៉ាចាប៉ាក់សា នៅចំពេលវិបត្តិសេដ្ឋកិច្ចមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ និងមានការតវ៉ាប្រឆាំងរដ្ឋាភិបាលកាន់តែច្រើនឡើងៗផងដែរ។
មេដឹកនាំគណបក្សប្រឆាំងលោក សាជីត ប្រេម៉ាដាសា (Sajith Premadasa) បានប្រាប់សភាថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ចំពោះការទាមទាររបស់សាធារណៈជន ដែលចង់ឱ្យលោក Rajapaksas លាលែងពីតំណែងប្រសិនបើមិនធ្វើបែបនេះទេ បក្សប្រឆាំងនឹងនាំយកញត្តិមិនទុកចិត្តនេះដាក់ជូនសភា។ សូមបញ្ជាក់ថា កន្លងមកមានរដ្ឋមន្ត្រីជាច្រើនរូបរបស់ស្រីលង្កា ក៏បានលាលែងពីតំណែងរួចហើយដែរ នៅចំពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ ជា