ការរៀបចំកម្មវិធីនេះឡើង ស្របពេលដែលស្រីលង្កាកំពុង បន្តចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កញ្ចប់ថវិកាថ្មីៗទៀត ដើម្បីយកមកដោះស្រាយវិបត្តិដ៏អាក្រក់នៅក្នុងប្រទេសនេះ។
ប្រទេសស្រីលង្កា ដែលមានប្រជាជនចំនួនសរុប២២លាននាក់មួយនេះ កំពុងតស៊ូជាមួយនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល៧ទសវត្សរ៍ចុងក្រោយ ខណៈដែលបច្ចុប្បន្នគេមិនអាចនាំចូលសម្ភារៈសំខាន់ៗរួមមាន ម្ហូបអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ បានទេ ដោយសារកង្វះខាតយ៉ាងខ្លាំងនៃរូបិយបណ្ណបរទេស ដែលជាទុនបម្រុងអន្តរជាតិនោះ។
នាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែងថ្មីលោក Ranil បានប្រាប់សភាថា ថវិកាបណ្តោះអាសន្នមួយនឹងត្រូវបានបង្ហាញនៅក្នុងខែសីហា ភ្ជាប់មកជាមួយវិធានការឱ្យហិរញ្ញវត្ថុសាធារណៈ ស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាពជាងមុន និងបង្កើនមូលនិធិដល់ជនក្រីក្រណាដែលរងគ្រោះខ្លាំងជាងគេ។ លោក Ranil ធ្លាប់បានអះអាងម្តងរួចមកហើយ កាលពីខែឧសភាថា លោកនឹងកាត់បន្ថយចំណាយរបស់រដ្ឋឱ្យនៅសល់តិចតួចបំផុត ដើម្បីមានប្រាក់សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងអូសបន្លាយនេះ។
កង្វះខាតនៃតម្រូវការជាមូលដ្ឋាន គួបផ្សំនឹងអតិផរណាដែលកំពុងកើនឡើងបានធ្វើឱ្យមានភាពចលាចលជាសាធារណៈស្ទើរទូទាំងផ្ទៃប្រទេស ដោយជំរុញឱ្យរដ្ឋាភិបាលរបស់លោក Ranil បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកជំនួយពី IMF ប្រទេសជាមិត្ត និងម្ចាស់ជំនួយគ្រប់ទិសទី។
ថ្លែងទៅកាន់សភាកាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Ranil បញ្ជាក់ថា ស្រីលង្កាត្រូវការការគាំទ្រពីឥណ្ឌា ជប៉ុន និងចិន ដែលជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកគ្រោងនឹងកោះប្រជុំអ្នកផ្តល់ជំនួយ ដោយមានការចូលរួមពីប្រទេសទាំងនេះ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិរបស់ប្រទេសស្រីលង្កាផងដែរ។ យ៉ាងណាមិញ លោកមិនបានឱ្យដឹងទេថា សន្និសីទនេះនឹងរៀបចំឡើងនៅថ្ងៃណា ដោយគេគ្រាន់តែបានដឹងថា ក្រុមមន្ត្រីមកពីប្រទេសឥណ្ឌា នឹងមកដល់ស្រីលង្កានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈមន្ត្រីពាក់ព័ន្ធពីប្រទេសផ្សេងៗទៀត នឹងមកដល់នៅសប្តាហ៍ក្រោយ។
សូមជម្រាបថា រដ្ឋាភិបាលស្រីលង្កាបានពន្យារពេលចេញផ្សាយរបាយការណ៍កំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទី១របស់ខ្លួនផងដែរ ដោយសារតែនាយកដ្ឋានជំរឿននិងស្ថិតិ មិនបានទទួលធាតុចូលនិងទិន្នន័យដែលត្រូវការទាំងអស់បានទាន់ពេលវេលា។ ទិន្នន័យ GDP ស្រីលង្កានៅត្រីមាសទីមួយឆ្នាំនេះ រំពឹងថាអាចចេញផ្សារជាផ្លូវការនៅខែក្រោយនេះ៕