ប៉ុន្ដែ ឥឡូវនេះ ប្រទេសដែលកំពុងផុងខ្លួននឹងវិបត្តិកាន់តែជ្រៅមួយនេះ មានបំណងនឹងលែងបោះពុម្ពលុយ ដើម្បីចាក់បញ្ចូលក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកតទៅទៀតហើយ ក្នុងគោលបំណងធ្វើយ៉ាងណាទប់កុំឲ្យអតិផរណាបន្ដកើនឡើងលឿនខ្លាំងពេក ព្រោះបើតាមការប៉ាន់ស្មានរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសនេះ បានអះអាងថា មកទល់ពេលនេះ អត្រាអតិផរណាមានដល់ជិត ៦០%ទៅហើយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg។
នាយករដ្ឋមន្ត្រីស្រីលង្កា លោក រ៉ានីល បានប្រាប់ទៅកាន់សភានៅថ្ងៃអង្គារ ទី៥ កក្កដាថា អតិផរណានៅក្នុងប្រទេសត្រូវបានប៉ាន់ប្រមាណថា មានអត្រាដល់ជិត ៦០%ហើយមកទល់ពេលនេះ។ លោករ៉ានីល បន្ថែមថា ការពិភាក្សារកថវិកាសង្គ្រោះ ពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិ គឺមានភាពស្មុគស្មាញខ្លាំងណាស់ ព្រោះថា រដ្ឋាភិបាលស្រីលង្កាពេលនេះ គឺក្ស័យធនរួចទៅហើយ។
នាយករដ្ឋមន្ត្រីស្រីលង្កាដដែលនេះ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងកម្រិតបុគ្គលជាមួយនឹង មូលនិធិ IMF ក្នុងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ស្រីលង្កា ក៏ត្រូវបានពន្យារពេលដល់ខែសីហាខាងមុខផងដែរ ខណៈពីមុន IMF ធ្លាប់អះអាង ថានឹងផ្ដល់ជូននៅត្រឹមខែមិថុនា។
តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសស្រីលង្កា ដែលមានសរុបប្រជាជនជាង ២២លាននាក់នេះ បានកើនឡើងដល់ទៅ ៥៤,៦% នៅក្នុងខែមិថុនាកន្លងទៅ ធៀបនឹងកាលពីដើមឆ្នាំ ដោយក្នុងនោះ ការដឹកជញ្ជូននៅក្នុងមិថុនាកើនឡើងយ៉ាងគំហុកដល់ ១២៨% ធៀបនឹងខែមុន។ រីឯ តម្លៃចំណីអាហារវិញកើន៨០% នៅចំពេលដែលមានការខ្វះខាតការដាំដុះ និងការខ្វះខាតប្រេងឆៅផងដែរ។
ធនាគារកណ្ដាលរបស់ស្រីលង្កា ពេលនេះ កំពុងបន្ដបោះពុម្ពលុយរូពីរបស់ខ្លួនកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចដែលកំពុងតែរួចតូចទៅៗនៅក្នុងឆ្នាំនេះ ហើយវាក៏ធ្វើឲ្យលុយរូពីកំពុងហើមៗបណ្ដើរៗ បង្កជាក្ដីបារម្ភកាន់តែខ្លាំងដែរ៕