ទោះជាយ៉ាងណា ស្រីលង្កាគឺជាប្រទេសទី១ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុមម្ចាស់មូលបត្របំណុល មានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដូចជានឹងកាត់បន្ថយអត្រាការប្រាក់ខ្លះៗ សម្រាប់បំណុលដែលប្រទេសនេះបានជំពាក់ជាដើម។
លោក ណាន់ដាឡាល់ វីរ៉ាស៊ីងហេ (Nandalal Weerasinghe) ជាមន្ត្រីធនាគារកណ្តាលជើងចាស់ និងជាសេដ្ឋវិទូម្នាក់ដែលបានចូលនិវត្តន៍ក្នុងខែនេះ ប៉ុន្ដែត្រូវបានរដ្ឋាភិបាលស្រីលង្កាតែងតាំងឱ្យធ្វើជាទេសាភិបាលធនាគារកណ្តាលប្រទេសស្រីលង្កានោះ បានបង្ហាញទស្សនៈក្នុងការធ្វើឱ្យម្ចាស់បំណុលជួយសម្រាលទុក្ខលំបាកនេះ។ លោកថា បន្ទាប់ពីធនាគារកណ្ដាលស្រីលង្កាបានដំឡើងអត្រាការប្រាក់ពី៧,៥% មកដល់១៤,៥%រួចមក វានឹងផ្ញើសារដ៏ច្បាស់លាស់មួយ ដល់វិនិយោគិនអន្តរជាតិ ដល់ម្ចាស់បំណុលរបស់ពួកគេ និងដល់ទីផ្សារថា ពួកគេត្រូវតែជួយស្រីលង្កាដើម្បីរើខ្លួនចេញពីវិបត្តិនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រទេសស្រីលង្កា បាននិងកំពុងប្រឈមនឹងវិបត្តិជាប្រវត្តិសាស្ត្រទាំងក្នុងឱនភាពពាណិជ្ជកម្ម និងថវិកា ហើយវិធីខ្ចីបំណុលថ្មី ដើម្បីសងបំណុលចាស់ គឺអាចធ្វើទៅបានលុះត្រាតែ ស្ថាប័នទីភ្នាក់ងារវាយតម្លៃ ផ្ដល់ចំណាត់ថ្នាក់ក្នុងកម្រិតល្អមួយសម្រាប់ប្រទេសនេះដែរ ទើបម្ចាស់បំណុលថ្មីៗអាចឲ្យខ្ចី។ ក៏ប៉ុន្ដែ តាំងពីស្ថាប័នវាយតម្លៃតម្លៃធំៗចំនួន៣ បានទម្លាក់ចំណាត់ថ្នាក់អធិបតេយ្យភាពស្រីលង្កា តាំងពីដើមឆ្នាំ២០២០មក ទ្វារទីផ្សារមូលធនសម្រាប់ប្រទេសនេះ ត្រូវបានបិទជិតឈឹងតែម្ដង។ ដូច្នេះ ហើយទើបឥឡូវនេះ រដ្ឋាភិបាលស្រីលង្កាកំពុងតាមសុំចរចាជាមួយ IMF ធនាគារពិភពលោក និងធនាគារ ADB ជាដើម ដើម្បីឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងនេះ ផ្ដល់មូលនិធិ ដើម្បីឲ្យខ្លួនបានសង្គ្រោះសេដ្ឋកិច្ចដែលកំពុងជាប់គាំងក្នុងវិបត្តិ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ចំណូលរដ្ឋាភិបាលស្រីលង្កាប្រហែលជិត៧០% ត្រូវបានឆ្ពោះទៅរកការប្រើប្រាស់ដើម្បីទូទាត់សងបំណុល បន្ទាប់ពីប្រទេសនេះ មានវិធានការកាត់បន្ថយពន្ធ។ ជាមួយគ្នានេះ ឱនភាពថវិកាក៏មានកាន់តែអាក្រក់ខ្លាំងឡើង ដោយមានដល់១០% នៃ GDP នៅឆ្នាំ២០២១ និង២០២២។
មានកត្តាច្រើនយ៉ាងណាស់ ដែលធ្វើឲ្យសេដ្ឋកិច្ចស្រីលង្កាធ្លាក់ចូលជ្រោះនៃវិបត្តិដូចមកទល់ពេលនេះ។ ក្នុងនោះ កត្តាកូវីដ១៩ បានធ្វើឲ្យចំណូលពីវិស័យទេសចរណ៍របស់ស្រីលង្កាធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឲ្យប្រទេសនេះ បាត់បង់នូវប្រភពសាច់ប្រាក់ជារូបិយវត្ថុបរទេស ដើម្បីប្រើប្រាស់ជាទុនបម្រុងអន្តរជាតិ ដើម្បីប្រើប្រាស់សម្រាប់ការនាំចូលទំនិញ។ តួយ៉ាង គិតត្រឹមចុងខែមីនា កន្លងទៅនេះ ទុនបម្រុងអន្តរជាតិ របស់ប្រទេសស្រីលង្កាដែលមានទំហំ GDP ៨១ពាន់លានដុល្លារនោះ បានធ្លាក់មកនៅត្រឹមតែ២០០លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលកាលពីចុងឆ្នាំ២០១៩ធ្លាប់មានដល់ទៅជាង៧ពាន់៦រយលានដុល្លារ។
អតិផរណានៅស្រីលង្កាបានកើនកាន់តែខ្លាំងឡើង ទំនិញប្រើប្រាស់សំខាន់ៗដូចជាចំណីអាហារ ប្រេងឥន្ធនៈ និងថ្នាំសង្កូវនានា ក៏ជួបបញ្ហាខ្វះខាតផងដែរ ដោយសារតែមិនមានទុនបម្រុងដើម្បីនាំចូល។ ជាក់ស្ដែង គិតត្រឹមខែមីនា អតិផរណាទំនិញចំណីអាហារបានកើនឡើងដល់៣០%។ បញ្ហានេះ ក៏កំពុងកើតមានការផ្ទុះបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលកាន់តែខ្លាំងផងដែរ ប៉ុន្ដែ ប្រធានាធីបតីស្រីលង្កា លោក រ៉ាចាប៉ាកសា បានអះអាងរួចហើយថា លោកនឹងមិនចុះចេញពីតំណែងនោះឡើយ បើទោះបីជារដ្ឋមន្ត្រីសំខាន់ៗជាច្រើនរូបបានលាលែងតំណែងរួចអស់ទៅហើយក្ដី៕
អត្ថបទ៖ សុខ ជា