លើសពីនេះ ការឆាប់សម្រេចចិត្តរឿងបំណុលនេះ គឺនឹងផ្តល់ផលវិជ្ជមានទាំងភាគីម្ចាស់បំណុល និងស្រីលង្កាដែលបានត្រាំត្រែងក្នុងបំណុលវ័ណ្ឌកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺយ៉ាងហោចណាស់ ស្រីលង្កាអាចស្តារមុខមាត់ប្រទេសជាតិបានឡើងវិញបាន កុំឲ្យកប់ផុងក្នុងវិបត្តិកាន់តែជ្រៅទៅៗ។
លោក ណាន់ដាឡាល វេរ៉ាសីញ(Nandalal Weerasinghe) ទេសាភិបាលធនាគារកណ្តាលស្រីលង្កា បាននិយាយថា ប្រសិនបើការសម្រេចកាត់បន្ថយបំណុលធ្វើបានលឿន នោះវានឹងផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីតែម្តង ទាំងម្ចាស់បំណុល និងកូនបំណុល។ លោកបញ្ជាក់ថា ប្រទេសរបស់លោកមិនចង់ឱ្យស្ថានភាពបែបនេះនៅអូសបន្លាយយូរទៅទៀតឡើយ ពោលគឺមិនអាចទទួលបានជំនួយពី IMF និងមិនអាចបំពេញកាតព្វកិច្ចសងបំណុលបាន ព្រមទាំងប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគកាន់តែខ្លាំង។
គួរជម្រាបថា IMF នឹងមិនបញ្ចេញកញ្ចប់សាច់ប្រាក់ជំនួយណាមួយឡើយ ប្រសិនបើចិន និងឥណ្ឌា មិនព្រមកាត់បន្ថយបំណុលរបស់ស្រីលង្កាទេនោះ ខណៈការផ្តល់កម្ចីរបស់ក្រុងប៉េកាំង ទៅស្រីលង្កា ស្ថិតក្នុងរង្វង់ទឹកប្រាក់៧ពាន់លានដុល្លារ ចំណែកឥណ្ឌាប្រហែល ១ពាន់លានដុល្លារ។
បើតាមទេសាភិបាលធនាគារកណ្តាលដដែល ការកាត់បន្ថយបំណុលពីប្រទេសម្ចាស់បំណុលទាំងពីរ អាចធ្វើទៅបាននៅត្រឹមចុងខែមករានេះ ប៉ុន្តែវាអាស្រ័យទៅលើភាគីពាក់ព័ន្ធដទៃទៀតដែលជាម្ចាស់បំណុល ក្នុងការយល់ព្រម ឬក៏អត់តែប៉ុណ្ណោះ។ ទេសាភិបាលរូបនេះបន្ថែមថា ប្រទេសស្រីលង្កា បានផ្តល់ព័ត៌មានឱ្យទៅពួកគេទាំងអស់នូវអ្វីដែលពួកគេត្រូវការ ខណៈរដ្ឋាភិបាលទីក្រុងកូឡំបូរង់ចាំតែចម្លើយ នឹងការអនុវត្តតាមលក្ខខណ្ឌទាមទារប៉ុណ្ណោះ។
សូមជម្រាបថា ធនាគារពិភពលោកបានព្យាករសេដ្ឋកិច្ចប្រទេស ដែលមានប្រជាជនជាង២២លាននាក់មួយនេះថា បានធ្លាក់ចុះដល់៩,២%ក្នុងឆ្នាំ២០២២ ហើយនឹងបន្តធ្លាក់ចុះ៤,២%នៅឆ្នាំ២០២៣នេះ។ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រនេះ កម្មវិធីស្បៀងអាហារពិភពលោក បានប៉ាន់ប្រមាណថា មានប្រជាជនស្រីលង្កានប្រមាណ៨លាននាក់ ឬស្មើនឹងប្រមាណ១ភាគ៣ទៅហើយនៃប្រជាជនសរុប នឹងជួបប្រទះអសន្តិសុខស្បៀងអាហារ ពិសេសអ្នករស់នៅតាមទីជនបទ។
គួររំឭកដែរថា កាលពីខែតុលាកន្លងទៅ រដ្ឋាភិបាលស្រីលង្កា បានចាប់ផ្តើមចរចាជំហានជំហានដំបូងជាមួយភាគីចិន អំពីរឿងបំណុលនេះ ដែលជាជំហានដ៏សំខាន់មួយស្របទៅតាមការណែនាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក្នុងការឈានទៅទទួលបានថវិកាសង្គ្រោះសេដ្ឋកិច្ចជិតដែលមានតម្លៃជិត៣ពាន់លានដុល្លារ ពីស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ។ ប៉ុន្តែលទ្ធផលនៃការចរចានេះ មិនត្រូវបានទម្លាយឱ្យដឹងឡើយ។
យោងតាមទិន្នន័យក្រសួងសេដ្ឋកិច្ចស្រីលង្កាបង្ហាញថា គិតត្រឹមចុងខែមិថុនាឆ្នាំ២០២២ បំណុលសាធារណៈរបស់ប្រទេសមួយនេះមានដល់ទៅ១២២%នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះ ចិន ជប៉ុន និងឥណ្ឌា គឺជាម្ចាស់បំណុលធំៗទាំង៣ ដោយប្រទេសចិនតំណាងឱ្យ ៥២%នៃបំណុលសរុប បន្ទាប់មកគឺជប៉ុន២០% និងឥណ្ឌា ១២%៕
អត្ថបទ ៖ នៅ សំភី