ប្រធានាធិបតីស្រីលង្កាលោក Gotabaya ដែលពេលនេះកំពុងគេចខ្លួនពីក្រុមបាតុករនៅទីតាំងសម្ងាត់មួយ បានប្រាប់ប្រធានសភាលោក Mahinda Yapa Abeywardena អំពីការសម្រេចចិត្តរបស់លោកនៃការចុះចេញពីដំណែងជាប្រធានាធិបតី។
លោក Mahinda Yapa បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងកូឡុំបូថា ដើម្បីធានាឱ្យមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី ប្រធានាធិបតីបានជូនដំណឹងថា នឹងលាលែងពីតំណែងនៅថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះ។ ប្រធានសភារូបនេះក៏បាននិយាយថា លោក Gotabaya បានជំរុញឱ្យប្រជាជនត្រូវមានការអត់ធ្មត់ ដើម្បីធានាការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។
កាលពីល្ងាចថ្ងៃសៅរ៍ទី ៩ ខែ កក្តដា មេដឹកនាំរបស់ស្រីលង្កាបានបើកកិច្ចប្រជុំដ៏ប្រញាប់ប្រញាល់មួយបន្ទាប់ពីមានការផ្ទុះការតវ៉ារបស់ក្រុមបាតុករទ្រង់ទ្រាយធំម្តងទៀត ខណៈនៅក្នុងកិច្ចប្រជុំមេដឹកនាំប្រទេសនេះ បានឈានដល់ការឯកភាពគ្នាក្នុងការទាមទារឱ្យមានការលាលែងពីតំណែងរបស់លោក Gotabaya និង នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe។ សេចក្តីប្រកាសរបស់លោក Gotabaya ក្នុងការចុះចេញពីតំណែងក៏បានកើតឡើងភ្លាមៗផងដែរ បន្ទាប់ពីលំនៅដ្ឋានឯកជនរបស់លោក នាយករដ្ឋមន្ត្រីលោក Ranil ក្នុងទីក្រុងកូឡុំបូ ត្រូវបានដុតបំផ្លាញ បើទោះបីជាវាមិនច្បាស់ថាអ្នកណាជាអ្នកនៅពីក្រោយឧបទ្ទវហេតុនេះក៏ដោយ។
យ៉ាងហោចណាស់អ្នកកាសែត ៧ នាក់ដែលបានទៅយកព័ត៌មាននៅក្នុងការតវ៉ាទល់មុខគេហដ្ឋានរបស់នាយករដ្ឋមន្ត្រីត្រូវបានវាយប្រហារដោយកងកម្លាំងពិសេសដែលយាមផ្ទះរបស់លោក Ranil ។
នាយករដ្ឋមន្ត្រី លោក Ranil បាននិយាយនៅក្នុងបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកពីការត្រៀមខ្លួនរួចជាស្រេចក្នុងការចុះចេញពីតំណែងថា ដើម្បីធានាការបន្តភារៈកិច្ចរបស់រដ្ឋាភិបាល រួមទាំងសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់ លោកនឹងលាលែងពីតំណែង ដើម្បីបើកផ្លូវសម្រាប់រដ្ឋាភិបាលថ្មីក្នុងការចូលមកដោះស្រាយវិបត្តិដែលប្រទេសកំពុងប្រឈមមុខ។
គួររំឮកថា ក្នុងរយៈពេលបីខែកន្លងមកនេះ ប្រជាជនស្រីលង្ការាប់ពាន់នាក់បានដើរតាមផ្លូវទាមទារឱ្យប្រធានាធិបតីលោក Gotabaya លាលែងពីតំណែង ដោយសារការគ្រប់គ្រងមិនត្រឹមត្រូវរបស់មេដឹកនាំរូបនេះ ដែលបាននាំឱ្យវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតកើតឡើងលើប្រទេសនេះ ហើយរដ្ឋាភិបាលនាពេលថ្មីៗនេះក៏បានប្រកាសថា ទទួលស្គាល់ថាប្រទេសរបស់ខ្លួនបានក្ស័យធនរួចទៅហើយដែរ។ ប្រទេសដីកោះស្រីលង្កា ពេលនេះកំពុងមានការខ្វះខាតសម្ភារៈសំខាន់ៗជាច្រើន រួមមាន ប្រេងឥន្ធនៈ ឧស្ម័នក្នុងស្រុក ក៏ដូចជាការឡើងអតិផរណា និង ការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ។
លោក Amita Arudpragasam អ្នកវិភាគគោលនយោបាយដែលមានមូលដ្ឋាននៅទីក្រុងកូឡុំបូបាន
ប្រាប់សារព័ត៌មានជប៉ុប Nikkei ថា ប្រសិនបើការតវ៉ាទាំងនេះទទួលបានជោគជ័យក្នុងការបង្កើតការបោះឆ្នោតប្រកបដោយតម្លាភាពក្នុងការជ្រើសរើសរដ្ឋាភិបាលមកពីគណបក្សផ្សេងៗ ដែលគ្រប់គ្រងដោយសមាជិកសភាគួរឱ្យទុកចិត្តបាននោះ ប្រទេសស្រីលង្កានឹងមានភាពប្រសើរឡើង និង សម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច។
គួរជម្រាបថា យោងតាមប្រភពនយោបាយ នៅពេលដែលលោក Gotabaya លាលែងពីតំណែងនៅថ្ងៃពុធ ទី ១៣កក្កដា តាមរដ្ឋធម្មនុញ្ញ ប្រធានសភាទំនងជានឹងបំពេញមុខងារជាប្រធានាធិបតីបណ្តោះអាសន្ន ហើយក្នុងរយៈពេលមួយសប្តាហ៍ សភានឹងកោះប្រជុំជ្រើសរើសសមាជិកមួយរូបជាប្រធានាធិបតីសម្រាប់អាណត្តិដែលនៅសល់។ រដ្ឋាភិបាលបណ្តោះអាសន្នរបស់គណបក្សទាំងអស់នឹងត្រូវបានតែងតាំង បន្តដោយការបោះឆ្នោតក្នុងរយៈពេលដែលបានកំណត់ផងដែរ៕