វិស័យអាកាសចរណ៍

មន្ត្រីអាកាសចរណ៍ស៊ីវិលអះអាងថា ការផ្ទេរបុគ្គលិកពីព្រលានយន្តហោះភ្នំពេញចាស់ទៅព្រលានយន្តហោះថ្មីនឹងធ្វើឡើងនៅត្រីមាសទី២ឆ្នាំនេះ


បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបិទប្រតិបត្តិការនៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ សម្ពោធដាក់ឱ្យដំណើរការនៅអំឡុងខែកក្កដា ឆ្នាំ២០២៥ នេះ។ ក្រោយបិទប្រតិបត្តិការ បុគ្គលិកទាំងអស់ដែលបម្រើការងារនៅក្នុងអាកាសយានដ្ឋានចាស់នេះ នឹងត្រូវផ្ទេរទៅបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលការផ្ទេរអាចនឹងធ្វើឡើងនៅក្នុងត្រីមាសទី២ ឆ្នាំនេះ។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោស្ថិតក្នុងគម្រោងស្ថាបត្យកម្មដ៏ធំ និងមានឥទ្ធិពលបំផុតលើពិភពលោកទាំង១១នៅឆ្នាំ២០២៥ នេះ។
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ប្រតិបត្តិការការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ តេជោ នឹងធ្វើឡើងតាមផែនការដែលបានគ្រោងទុក ខណៈមកទល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិ នេះមានក្រុមការងារត្រៀមប្រតិបត្តិការរួចរាល់ហើយ។ មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា ក្រោយព្រលានយន្តហោះអន្តរជាតិ តេជោ ដាក់ឱ្យដំណើរការ នោះព្រលានយន្តហោះភ្នំពេញចាស់នឹងត្រូវបិទដំណើរការ ហើយបុគ្គលិកដែលធ្វើការនៅព្រលានយន្តហោះនេះនឹងត្រូវផ្ទេរទៅបម្រើការងារនៅព្រលានយន្តហោះថ្មី។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ការផ្ទេរបុគ្គលិកពីព្រលានយន្តហោះចាស់ទៅព្រលានយន្តហោះថ្មីអាចនឹងធ្វើឡើងនៅត្រីមាសទី២ឆ្នាំនេះ ខណៈការផ្ទេរធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត និងការជ្រើសរើសតាមលក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុនតាមស្ថានភាពជាក់ស្ដែង។

​គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ នេះ អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារសម្រេចការសាងសង់បានជាង៩៤%ហើយ ដោយបានចំណាយថវិកាអស់ជិត១ពាន់៤រយលានដុល្លារ។ បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានប្រភេទ 4F ដែលអភិវឌ្ឍន៍លើផ្ទៃដី២ពាន់៦រយហិកតានេះ គ្រោងសម្ពោធដាក់ឱ្យដំណើរការដំណាក់កាលទី១នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ក្រោមក្ដីរំពឹងថា តាមរយៈអាកាសយានដ្ឋាននេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

កាលពីពេលថ្មីៗសារព័ត៌មានអន្តរជាតិ CNN បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោស្ថិតក្នុងគម្រោងស្ថាបត្យកម្មដ៏ធំ និងឥទ្ធិពលបំផុតនៅលើពិភពលោកទាំង១១នៅឆ្នាំ២០២៥នេះ។ ព្រលានយន្តហោះនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់ប្រទេសកម្ពុជាក្នុងការជំរុញចំនួនភ្ញៀវទេសចរ ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ផងដែរ ដោយនៅឆ្នាំដំបូងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានសមត្ថភាពស្វាគមន៍អ្នកដំណើរប្រចាំឆ្នាំរហូតដល់១៣លាននាក់ ហើយនឹងកើនឡើងជាលំដាប់រហូតដល់៣០លាននាក់នាពេលអនាគត។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ការវាស់វែងកំណត់និយាមកា នៃគម្រោងព្រែកជីកហ្វូណន តេជោ គ្រោងបញ្ចប់នៅដើមត្រីមាសទី២

គម្រោងព្រែកជីកហ្វូណន តេជោ កំពុងស្ថិតក្នុងដំណាក់វាស់វែង និងបោះបង្គោលកំណត់និយាមកាដំណាក់កាលទី២ ដែលមានប្រវែងជាង១៥០គីឡូម៉ែត្រ បន្ទាប់ពីបាន…

Smart Axiata ចេញផលិតផលថ្មី ’Smart Cybersecurity Add-On’ ដើម្បីពង្រឹងសុវត្ថិភាពលើអ៉ីនធឺណិតជូនអតិថិជន

ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអុីនធឺណិត។ ប្រព័ន្ធអុីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ