លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា ក្រោយសង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា មានភាពធូរស្បើយ ដំឡូងមីនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ប្រមាណ៦០% ដែលមិនអាចចូលទៅប្រមូលផលបានកាលពីអំឡុងពេលផ្ទុះសង្រ្គាមនោះ ពេលនេះ កសិករបានចាប់ផ្តើមចូលទៅប្រមូលផលវិញជាបណ្តើរៗហើយ ដោយមកទល់ពេលនេះ នៅសល់ទិន្នផលដំឡូងមីប្រមាណ៥០% ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ មានទីតាំងមួយចំនួននៅពុំទាន់អាចចូលទៅប្រមូលផលបាននៅឡើយទេ តែរំពឹងថា នឹងអាចចូលទៅប្រមូលផលបានទាំងស្រុងនាពេលខាងមុខ ប្រសិនបើស្ថានការណ៍នៅតាមព្រំដែនបន្តរក្សាដូចស្ថានភាពបច្ចុប្បន្ន។ បើតាមលោក អិល ឈិញ បច្ចុប្បន្នកសិករនៅតំបន់ជាប់ព្រំដែនភាគច្រើនធ្វើដំឡូងមីស្ងួតសម្រាប់លក់ចេញ ដ្បិតថាដំឡូងប្រភេទនេះមានតម្លៃល្អជាងដំឡូងមីស្រស់។
ជាមួយគ្នានេះ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នម្ចាស់សៃឡូនានា បានចាប់ផ្តើមចុះទៅប្រមូលទិញដំឡូងមីពីកសិករនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងបរិមាណរាប់ម៉ឺនតោនក្នុង១ថ្ងៃៗ។ ទន្ទឹមនេះ ប្រធានសហព័ន្ធរូបនេះប្រាប់ឱ្យប្រជាកសិករជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាទីផ្សារដំឡូងមីកម្ពុជា នៅឆ្នាំនេះ ហើយបានធានាអះអាងថា ទីផ្សារដំឡូងមីនៅឆ្នាំនេះនឹងមិនមានបញ្ហាប្រឈមអ្វីនោះទេ ដ្បិតទិន្នផលដំឡូងមីរបស់កសិករទាំងអស់នឹងមានក្រុមហ៊ុនទៅប្រមូលទិញមិនឱ្យសល់នោះទេ។ បើតាមការអះអាងរបស់ប្រធានសហព័ន្ធរូបនេះ ដំណាំដំឡូងមីប្រមាណជាង៥០% ត្រូវបានដាំដុះនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅពេញមួយឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា រកចំណូលបានជាង៦៥៦លានដុល្លារពីការនាំចេញដំឡូងមីទៅទីផ្សារអន្តរជាតិ និងបានសម្របសម្រួលចុះ MoU និងកិច្ចសន្យាទិញ-លក់ដំឡូងមីប្រមាណ១០លានតោន សម្រាប់នាំចេញទៅទីផ្សារចិន និងវៀតណាមផងដែរ៕