លោក Visit Limlurcha ប្រធានកិត្តិយសនៃសមាគមអ្នកកែច្នៃចំណីអាហារថៃ និងជាអនុប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា ផលប៉ះពាល់នៃភាពតានតឹងជុំវិញច្រកសមុទ្រតៃវ់ាន់នាពេលនេះមិនមានអ្វីដែលត្រូវព្រួយបារម្ភពេកនោះទេ ប៉ុន្តែលោកបានកត់សម្គាល់ថា ស្ថានភាពនេះបានធ្វើឱ្យគេតាមដានយ៉ាងដិតដល់បំផុត។
លោក Visit បាននិយាយទៀតថា ពួកគេត្រូវតែបន្តតាមដានយ៉ាងដិតដល់ថា តើភាពតានតឹងនេះនឹងកាន់តែកើនឡើងខ្លាំង ឬក៏យ៉ាងណាទៅវិញ ខណៈដែលបញ្ហាតៃវ៉ាន់ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ គឺសុទ្ធតែអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។
លោក Visit បានបន្ថែមថា បន្ទាប់ពីប្រទេសចិនបានដាក់បម្រាមលើផលិតផលចំនួន ៣ពាន់៥រយមុខមកពីតៃវ៉ាន់ដែលភាគច្រើនជាផលិតផលកសិកម្ម និងចំណីអាហារនោះ វាក៏អាចជាឱកាសសម្រាប់អាជីវកម្មថៃក្នុងការនាំចេញផលិតផលទាំងនេះទៅកាន់ប្រទេសចិនបានកាន់តែច្រើនជាងមុនដែរ។
ប្រធានកិត្តិយសសមាគមថៃរូបនេះបានបន្ថែមទៀតថា ភាពតានតឹងនេះអាចជំរុញឱ្យក្រុមហ៊ុនតៃវ៉ាន់មួយចំនួនបង្ខំចិត្តផ្លាស់ប្តូរទីតាំងមូលដ្ឋានផលិតគ្រឿងអេឡិចត្រូនិករបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀតដើម្បីទប់ទល់ហានិភ័យទាំងនេះដូចគ្នាដែរ។
លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ទោះបីជាប្រទេសថៃអាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចមួយចំនួនពីវិបត្តិចិន-តៃវ៉ាន់ក៏ដោយ ប៉ុន្តែបញ្ហានេះអាចនឹងធ្វើឱ្យមានកង្វះខាតឧបករណ៍បន្ទះឈីបជាសកលកាន់តែអាក្រក់ទៅៗ។
លោក Kriengkrai បាននិយាយថា សហព័ន្ធឧស្សាហកម្មថៃរំពឹងថា អ្នកវិនិយោគនឹងផ្លាស់ប្តូរទីតាំងវិនិយោគរបស់ពួកគេពីតៃវ៉ាន់ទៅកាន់ប្រទេសថៃ និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដែលវាស្រដៀងគ្នាទៅនឹងការផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិនទៅកាន់តំបន់អាស៊ានបន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអ៊ីចឹងដែរ៕
អត្ថបទ៖ សុខ ជា