ដែកថែបដែលមានកម្រាស់ស្តង់ដារ ១,៦ ម៉ីលីម៉ែត្រ ឥឡូវនេះនៅមានមានតម្លៃប្រហែល ៧៨០ ដុល្លារ ក្នុងមួយតោនក្នុងកិច្ចសន្យាតម្លៃ និង ដឹកជញ្ជូន ដែលបានធ្លាក់ចុះ ១៩% បើធៀបកាលពីពាក់កណ្តាលខែមេសា ដែលមានតម្លៃ ៩៦០ ដុល្លារក្នុងមួយតោន។
មែនទែនទៅ សម្ភារៈនេះបម្រើជាសូចនាករសម្រាប់ការនាំចេញ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិនដីគោក និងតៃវ៉ាន់។ ការធ្លាក់ចុះតម្លៃដែកថែបនាពេលថ្មីៗនេះ ផ្តើមចេញពីការធ្លាក់ចុះនៃតម្រូវការនៅក្នុងប្រទេសចិន ដែលការរឹតបន្តឹងគោលនយោបាយគ្មានកូវីដ១៩ រួមមាន ការបិទខ្ទប់រយៈពេលជាច្រើនខែនៅក្នុងទីក្រុងស៊ាងហៃ បានធ្វើឱ្យផលិតកម្មរថយន្ត គ្រឿងបរិក្ខារប្រើប្រាស់ និងផលិតផលជាច្រើនទៀត មានការធ្លាក់ចុះលើការផលិតជាខ្លាំង។ បើទោះបីជាទីក្រុងស៊ាងហៃបានដកការបិទខ្ទប់របស់ខ្លួនតាំងថ្ងៃទី ១ ខែមិថុនាក៏ដោយ ក៏វិស័យផលិតកម្មក្នុងតំបន់នេះមិនទាន់អាចវិលត្រលប់បានពេញលេញនៅឡើយទេ។
បរិមាណដែកថែបកំពុងតែស្ថិតនៅក្នុងស្តុកជាច្រើនលើសលុប ខណៈបើយោងតាមសមាគមដែករបស់ចិនបានឲ្យដឹងថា ក្រុមហ៊ុនផលិតដែកធំៗមានស្តុកប្រហែល ៣០% នៅដើមខែមិថុនា ដែលជាតួរលេខច្រើនជាងឆ្នាំមុន។
យោងតាមក្រុមហ៊ុនពាណិជ្ជកម្មដែកមួយបានឲ្យដឹងថា តម្លៃដែកថែបនៃការនាំចេញនៅអាស៊ីកំពុងតែធ្លាក់ចុះក្រោមតម្លៃ ៨០០ ដុល្លារក្នុងមួយតោនយ៉ាងឆាប់រហ័ស។
គួរជម្រាបថា ក្រុមហ៊ុនផលិតដែកថែបរបស់ឥណ្ឌាក៏បានកាត់បន្ថយតម្លៃផងដែរ បន្ទាប់ពីរដ្ឋាភិបាលកាលពីចុងខែឧសភាបានបង្កើនពន្ធនាំចេញលើសម្ភារដែកមួយចំនួន។ អ្នកឃ្លាំមើលទីផ្សារជាច្រើនរំពឹងថាតម្លៃទាបអាចនៅតែបន្តកើតមានរយៈពេលខ្លី៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន