
កូនកោះ អូគីណូស្ហ៊ីម៉ា (Okinoshima) ដែលជាទីសក្ការៈសាសនាបុរាណមួយ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោក ផងដែរ។ ប៉ុន្តែ អ្វីដែលប្លែកបន្តិច គឺថា កោះនេះគេហាមមិនឲ្យស្រីៗចូលឡើយ។
រឿងចម្លែកមួយទៀតដែរ គឺនៅមុនពេលឈានជើងឡើងលើកោះនេះ បុរសៗត្រូវតែស្រាតសម្លៀកបំពាក់ និងមុជទឹកសម្អាតកាយបែបសាសនាសិន។
ក្នុងមួយឆ្នាំ កោះនេះអនុញ្ញាតឲ្យភ្ញៀវតែ ២០០នាក់ប៉ុណ្ណោះទៅទស្សនា គឺចូលបានតែប្រុសៗសុទ្ធ។

អ្នកដែលបានទៅទស្សនានៅកោះ អូគីណូស្ហ៊ីម៉ានេះ ពេលចាកចេញពីកោះនេះវិញ មិនអនុញ្ញាតឲ្យយកវត្ថុអនុស្សាវរីយ៍មួយណាចេញឡើយ ហើយក៏មិនត្រូវប្រាប់គេឯងអំពីដំណើរទៅកាន់កោះនេះដែរ។
សារព័ត៌មាន Japan Times ចុះផ្សាយថា កោះ អូគីណូស្ហ៊ីម៉ា ជាកន្លែងសក្ការៈបូជានៃសាសនា Okitsu ដែលកសាងឡើងនៅសតវត្សទី១៧ ដើម្បីឲ្យអ្នកស្រុកបន់ស្រន់បួងសួងសុំសេចក្ដីសុខនៅពេលធ្វើដំណើរតាមសមុទ្រ និងចេញរកស៊ីជួញដូរជាមួយប្រជាជនកូរ៉េ និងចិន។
វត្ថុបុរាណរាប់ពាន់ដុំពីក្រៅប្រទេស ត្រូវគេជឿថា បានបន្សល់ទុកនៅលើកោះនេះ ក្នុងនោះរួមទាំងកងមាសមកពីឧបទ្វីបកូរ៉េ ផងដែរ៕