អង្គការអុកស្វាម កំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងសង្គមរបស់កម្មករដែលងាយរងគ្រោះទាំងអស់ ទាំងក្នុងនិងក្រៅប្រព័ន្ធ តាមរយៈការផ្តល់អនុសាសន៍ និងការបង្កើតកិច្ចសន្ទនាសង្គម ជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីពង្រីកវិសាលភាពការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់សេវាគាំពារសង្គមឱ្យរឹតតែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។ កម្ពុជាបានចាត់ទុកអ្នកលក់ដូរតាមដងផ្លូវ គឺជាកំលាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ ដែលបានចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិ ដ៏សំខាន់ និងបានស្រូបយកកំលាំងពលកម្មទូទាំងប្រទេស ជាពិសេសបានកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគូសបញ្ជាក់ថា អ្នកលក់ដូរតាមដងផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដូច្នេះលោកស្នើឱ្យរាជរដ្ឋាភិបាលបន្ត និងពង្រឹងការគាំពារដល់អ្នកលក់ដូរតាមដងផ្លូវឱ្យបានពេញលេញ ជាពិសេសស្ត្រីតែម្ដង ដោយមិនត្រូវទុកពួកគេចោលជាដាច់ខាត។ យ៉ាងណាក៏ដោយ សមាគមនឹងបន្តធ្វើការចងក្រងផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងធ្វើយុទ្ធនាការគាំពារសង្គមជាមួយអ្នកលក់ដូរតាមដងផ្លូវ ដើម្បីទទួលបានប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវឱ្យកាន់តែប្រសើរ។បច្ចុប្បន្ន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចងក្រងអ្នកលក់ដូរតាមដងផ្លូវបានចំនួន២២ក្រុម ដែលមានសមាជិកសរុបជិត៣ពាន់នាក់ ហើយអ្នកលក់ដូរជាស្ត្រីមានជាង២ពាន់នាក់ នៅតាមបណ្តារាជធានីភ្នំពេញ និងខេត្តចំនួន៦។
លោកស្រី ភាណ សោភ័ណ នាយិការបស់អង្គការអុកស្វាម បានមានប្រសាសន៍ថា អង្គការអុកស្វាមសូមកោតសរសើរចំពោះកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្វ័យនិយោជជន និងកម្មករនិយោជិត ដែលបម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការអនុវត្តគម្រោងរបបសន្តិសុខសង្គមលើប្រព័ន្ធថែទាំសុខភាពតាមរយៈការរួមចំណែកដោយស្ម័គ្រចិត្ត។ ជាមួយគ្នានេះលោកស្រីអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនការទទួលស្គាល់ផ្លូវច្បាប់ និងការការពារសុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចរបស់អ្នកលក់ដូរតាមដងផ្លូវ ជាពិសេសស្ត្រី។
លោកស្រីបន្តថា អង្គការអុកស្វាមប្ដេជ្ញាបន្តការងាររបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងការលើកកម្ពស់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន៕