សារព័ត៌មាន CNBC បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី២៩ ខែកញ្ញា បានព្រមានថា ការរឹតត្បិតណាមួយរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុន ឬផលិតផលចិន នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តទៅវិញទៅមក និងរំខានដល់ការចរចាពាណិជ្ជកម្ម ដែលកំពុងដំណើរការ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វកូវិច (Maros Sefcovic) បានលើកឡើងថា ចិន ត្រូវបង្ហាញលទ្ធផលជាក់ស្តែងនៅត្រឹមខែតុលា បើមិនដូច្នោះទេ អឺរ៉ុប អាចនឹងចាត់វិធានការតឹងរ៉ឹងជាងមុន។ សូមបញ្ជាក់ថា តាមការរំពឹងទុកលោក ម៉ារ៉ូស សេហ្វកូវិច នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ។
ជាមួយគ្នានេះ អឺរ៉ុប កំពុងពិចារណាវិធានការថ្មីៗ ដែលអាចរឹតត្បិតការចូលទីផ្សារអឺរ៉ុបរបស់ផលិតផលចិន។ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សំណើមួយចំនួនមានលក្ខណៈស្រដៀងនឹងវិធីសាស្ត្រតាមមាត្រា៣០១របស់សហរដ្ឋអាម៉េរិក ដែលអាចប្រើសម្រាប់ចាត់វិធានការពាណិជ្ជកម្មប្រឆាំងប្រទេស ដែលត្រូវបានចាត់ទុកថា អនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។
សូមបញ្ជាក់ថា បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងរងសម្ពាធឱ្យកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន។ ទោះជាយ៉ាងណា បើរាប់បញ្ចូលទាំងវិស័យសេវាកម្ម ពាណិជ្ជកម្មសរុបរវាងចិន និងសហភាពអឺរ៉ុបកាលពីឆ្នាំមុនមានទំហំប្រមាណ៨៨០ពាន់លានអឺរ៉ូ ឬជិត១ទ្រីលានដុល្លារអាម៉េរិក៕