វិស័យធនាគារ

ធនាគារ Bank of America រងពិន័យជាង១,២ពាន់លានដុល្លារ ក្រោយខកខានរាយការណ៍ប្រតិបត្តិការគួរឱ្យសង្ស័យ


ធនាគារដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក កំពុងប្រឈមការពិន័យជាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូត​ដល់ជាង១,២ពាន់លានដុល្លារ បន្ទាប់ពីនិយ័តករ​រកឃើញ​ថា ធនាគារនេះខកខានមិនបានរាយការណ៍ពីប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យដែលមានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ។ ករណីនេះបានបង្កើនការព្រួយបារម្ភអំពីប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យហិរញ្ញវត្ថុ និងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់នៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា នេះ។
134324321gggg
ដោយ

និយ័តករអាម៉េរិក កាលពីថ្ងៃទី១៣ ខែតុលា បានដាក់ពិន័យធនាគារ Bank of America សរុបជាង១,២ពាន់លានដុល្លារពីបទខកខានរាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យ និងចំណុចខ្វះខាតក្នុងប្រព័ន្ធត្រួតពិនិត្យការលាងលុយកខ្វក់។ ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានឱ្យដឹងថា ធនាគារនេះខកខានមិនបានរាយការណ៍ពីប្រតិបត្តិការគួរឱ្យសង្ស័យមួយចំនួន ដោយមានទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារពាក់ព័ន្ធហានិភ័យសន្តិសុខជាតិ។

និយ័តករបានរិះគន់ប្រព័ន្ធគ្រប់គ្រងប្រឆាំងការលាងលុយកខ្វក់របស់ធនាគារនេះថា មានភាពទន់ខ្សោយ និងផ្អែកខ្លាំងលើការព្រមានពីប្រភពខាងក្រៅជំនួសឱ្យការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។ ក្នុងចំណោមទណ្ឌកម្មទាំងនេះ ការិយាល័យគ្រប់គ្រងរូបិយវត្ថុអាម៉េរិក (OCC) បានដាក់ពិន័យរដ្ឋប្បវេណីចំនួន៧៥០លានដុល្លារ។ ចំណែកឯនិយ័តករមួយផ្សេងទៀតបានពិន័យធនាគារនេះចំនួនជាង១១លានដុល្លារពាក់ព័ន្ធការរំលោភទណ្ឌកម្ម ដែលត្រូវបានរកឃើញជាង៤០០ករណី។ ករណីទាំងនេះពាក់ព័ន្ធកម្មវិធីទណ្ឌកម្ម ដែលផ្តោតលើប្រទេសមួយចំនួន រួមទាំងរុស្ស៊ី និងអ៊ីរ៉ង់។

ជាការឆ្លើយតបធនាគារ Bank of America អះអាងថា ខ្លួនបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារលើបច្ចេកវិទ្យា និងជួលបុគ្គលិករាប់ពាន់នាក់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ធនាគារនេះ ក៏បានប្តេជ្ញាអនុវត្តវិធានការកែតម្រូវតាមការតម្រូវរបស់និយ័តករផងដែរ។

ធនាគារនេះបានបញ្ជាក់ថា ការពិន័យនេះនឹងធ្វើឱ្យប្រាក់ចំណូលសុទ្ធរបស់ខ្លួនក្នុងត្រីមាសទី៣ថយចុះប្រមាណ១៧សេនក្នុងមួយភាគហ៊ុន។ បន្ទាប់ពីព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ ភាគហ៊ុនរបស់ធនាគារនេះបានធ្លាក់ចុះ២,៧% ក្នុងការជួញដូរក្រោយម៉ោងធ្វើការធម្មតា។

គួរបញ្ជាក់ថា ការពិន័យលើធនាគារ Bank of America កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនសេវាហិរញ្ញវត្ថុអាម៉េរិក American Express ត្រូវបានពិន័យជាប្រាក់ចំនួន៣៥០លានដុល្លារពាក់ព័ន្ធចំណុចខ្វះខាតស្រដៀងគ្នាក្នុងការគ្រប់គ្រងប្រឆាំងការលាងលុយកខ្វក់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហភាពអឺរ៉ុប ងាកមករកអាស៊ីអាគ្នេយ៍កាន់​តែខ្លាំង ក្រោយរងសម្ពាធពាណិជ្ជកម្មពីអាម៉េរិក និងចិន

ស្របពេលសង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងរវាងអាម៉េរិក និងចិន កាន់តែស្វិតស្វាញ សហភាព​អឺរ៉ុប កំពុងបង្កើនការសម្លឹងមកកាន់អាស៊ីអាគ្នេយ៍ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ