កាលពីឆ្នាំ២០២៣ កន្លងទៅការលក់ស្រាបៀរ នៅប្រទេសវៀតណាម ដែលមានប្រជាជនជាង១០០លាននាក់ បានធ្លាក់ចុះប្រមាណ១១% បើធៀបនឹងឆ្នាំ២០២២ ក្រោយរដ្ឋាភិបាលរបស់ប្រទេសនេះអនុវត្តគោលនយោបាយរឹតបន្តឹងប្រឆាំងចំពោះការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត និងនាំចូលស្រាបៀរឱ្យធ្លាក់ចុះប្រមាណ២៣%។ ការរឹតបន្តឹងការចំណាយរបស់ពលរដ្ឋ និងកើនឡើងថ្លៃដើមផលិត ក៏ជាកត្តារួមផ្សំធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតស្រាបៀរធ្លាក់ចុះផងដែរ។
សមាគមគ្រឿងស្រវឹង និងភេសជ្ជៈវៀតណាម បាននិយាយនៅក្នុងសន្និសីទមួយកាលពីសប្តាហ៍មុនថា ការប្រើប្រាស់ស្រាបៀរធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅតាមភោជនីយដ្ឋាន និងសេវាកម្មកំសាន្តនានា។
ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំចំនួនពីរនៅប្រទេសនេះ គឺក្រុមហ៊ុន សាបេកូ (Sabeco )និងក្រុមហ៊ុន ហាបេកូ (Habeco )បានទទួលរងនូវការធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង។ ក្នុងនោះប្រាក់ចំណូលរបស់ សាបេកូ បានធ្លាក់ចុះ២៣% មកនៅត្រឹមជាង១៨០លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុន ហាបេកូ គឺធ្លាក់ចុះ៣០% មកនៅត្រឹមប្រមាណជា១៤លានដុល្លារ។
អ្នកតំណាងសមាគមគ្រឿងស្រវឹង និងភេសជ្ជៈវៀតណាម បាននិយាយនៅក្នុងសន្និសីទថា ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍មិនអាចដំណើរការបានទេដោយសារកង្វះអតិថិជន៕
ដោយៈ សរ សុជាតិ