ការថ្លែងឡើងរបស់លោក គីម ធ្វើឡើងបន្ទាប់ពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍ឱ្យដឹងថា សមយុទ្ធបាញ់មីស៊ីលកាលពីថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យរបស់ខ្លួននោះ គឺជាសញ្ញាព្រមានមួយយ៉ាងខ្លាំងក្លាទៅកាន់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនអំពីគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ និងសមត្ថភាពវាយប្រហារតបវិញរបស់ទីក្រុងព្យុងយ៉ាង។
នៅក្នុងសមយុទ្ធ បើតាម KCNA ឱ្យដឹងថា មីស៊ីលប៉ាលេស្ទិកមួយ ដែលមានសមត្ថភាពអាចបំពាក់ដោយក្បាល់គ្រាប់នុយក្លេអ៊ែរបាននោះ បានហោះក្នុងចម្ងាយប្រមាណ ៨០០ គីឡូម៉ែត្រ មុននឹងបុកជាមួយនឹងគោលដៅនឹងរយៈកម្ពស់ប្រហែល ៨០០ ម៉ែត្រ ដែលនេះវាសបង្ហាញពីសមត្ថភាពវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងពិតជាមានប្រសិទ្ធភាព។
លោក គីម ជុនអ៊ុន ដែលបានត្រួតពិនិត្យមើលការសាកល្បងនេះដោយផ្ទាល់បាននិយាយថា ការហាត់សមនេះ គឺមានគោលបំណងក្នុងការអភិវឌ្ឍសមត្ថភាពយោធាបវាយប្រហារជាក់ស្តែងក្នុងសង្គ្រាម និងបង្ហាញពីភាពចាំបាច់ក្នុងការធ្វើឱ្យប្រាកដថា ភាពច្បាស់លាស់នៃការវាយប្រហារតបវិញនៃមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យម និងឆ្ងាយគឺពិតជាអាចធ្វើទៅរួច។
តាមរយៈការស្រង់សំដីដោយ KCNA ដដែលបុរសខ្លាំងកូរ៉ខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងសភាពការបច្ចុប្បន្ននេះ ដែលសត្រូវរបស់កំពុងបង្កើនការគំរាមកំហែង និងការចង់ឈ្លានពានប្រឆាំងនឹងកូរ៉េខាងជើងនោះ ទីក្រុងព្យុងយ៉ាងត្រូវតែធ្វើឱ្យប្រាកដថា អាវុធនុយក្លេអ៊ែរសម្រាប់សង្គ្រាមនឹងត្រូវបាននិងកំពុងពង្រីកសមត្ថភាពដូចគ្នា។
មែនទែនទៅ ប្រទេសដ៏ឯកោនៅលើពិភពលោកមួយនេះ បានព្យាយាមប្រតិកម្មម្តងហើយម្តងទៀតចំពោះការធ្វើសមយុទ្ធរួមគ្នាពីសំណាក់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយក្រុងព្យុងយ៉ាងមើលឃើញថា គឺជាការការហាត់សមសម្រាប់ការឈ្លានពានលើប្រទេសរបស់ខ្លួន។
ក្នុងនោះដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងកាលពីថ្ងៃសៅរិ៍ ទី ១៨ មីនា ដែរថា មានមនុស្សជាង ៨ សែននាក់ ដែលជាយុវជនបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពកូរ៉េខាងជើង ដើម្បីប្រយុទ្ធជាមួយពួក«ចក្រពត្តិអាមេរិក» ដែលការរាយការណ៍នេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលរបស់ខ្លួនចុងក្រោយបង្អស់៕