វិស័យឌីជីថល

ក្រសួងប្រៃសណីយ៍លើកទឹកចិត្តឱ្យសិស្សដែលប្រឡងបាក់ឌុបជាប់នៅឆ្នាំនេះចាប់យកជំនាញឌីជីថល ដ្បិតវាមានឱកាសការងារច្រើន


ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងចាប់ផ្តើមពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សចាប់យកការសិក្សាជំនាញឌីជីថលឱ្យបានច្រើន ដ្បិតថា ជំនាញនេះមានឱកាសការងារច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសចូលរួមចំណែកក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ តែម្តង។
វិស័យឌីជីថល
ដោយ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ចាប់យកជំនាញឌីជីថលសម្រាប់ការសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ដ្បិតជំនាញនេះអាចទទួលបានឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់ក្នុងការជួយលើកកម្ពស់ជីវភាព ជាពិសេសចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ។ បើតាមក្រសួងប្រៃសណីយ៍ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមានផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងផ្នែកក្លោដ (Cloud) ជាដើម។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចចិត្តសិក្សាលើជំនាញអ្វីមួយ គឺអាស្រ័យលើចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារការងារ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ គាំទ្រចំពោះការអំពាវនាវរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលឱ្យសិស្សានុសិស្សគួរចាប់យកជំនាញឌីជីថលក្នុងការបន្តការសិក្សារបស់ខ្លួន ដ្បិតវាបានបញ្ជាក់អំពីតម្រូវការធនធានមនុស្សកាន់តែច្រើននៅក្នុងវិស័យនេះ ខណៈជំនាញឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ការជ្រើសរើសរៀនជំនាញឌីជីថលរបស់សិស្សានុសិស្សនៅកម្ពុជា នាពេលកន្លងមកហាក់នៅមានកម្រិតនៅឡើយ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ អំពាវនាវឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើគ្រូបង្រៀនដែលមានជំនាញ និងសម្ភារៈសិក្សានានានៅក្នុងវិស័យឌីជីថលនេះឱ្យបានកាន់តែទូលំទូលាយ។

យ៉ាងណាមិញ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ និងការស្រាវជ្រាវ យល់ឃើញថា គ្រប់ជំនាញទាំងអស់ គឺបានចាក់បញ្ចូលជំនាញឌីជីថលរួចទៅហើយនាពេលបច្ចុប្បន្ននេះ តែអ្វីដែលសំខាន់ គឺការផ្តោតលើជំនាញគោល ដែលស្ថិតក្នុងវិទ្យាសាស្រ្តពិត។ បើតាមអ្នកជំនាញរូបនេះ ក្រសួងពាក់ព័ន្ធគួរផ្សព្វផ្សាយ និងណែនាំឱ្យបានកាន់តែទំលំទូលាយបន្ថែមទៀតពីផលប្រយោជន៍នៃជំនាញឌីជីថល ដែលសង្គមជាតិ កំពុងត្រូវការពិតប្រាកដ ដ្បិតថា និយមន័យ នៃជំនាញឌីជីថល គឺមានភាពទូលំទូលាយណាស់នាពេលបច្ចុប្បន្ននេះ ដែលពិបាកក្នុងការកំណត់អំពីកម្រិតស្តង់ដា និងគុណភាពនៅក្នុងទីផ្សារការងារ។

​គួរជម្រាបថា ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថលចំនួន៥០០កន្លែង និងផ្តល់កម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង៦។

ក្រសួងប្រៃសណីយ៍ រំពឹងថា សិស្សានុសិស្សទាំងអស់នឹងចូលរួមអភិវឌ្ឍកម្ពុជា តាមរយៈការធ្វើទំនើបកម្ម និងចាប់យកជំនាញឌីជីថល សំដៅរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងភាពធន់៕




អត្ថបទបន្ទាប់


SDF និង CETA កសាងភាពជាដៃគូ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញ ក្នុងវិស័យអេឡិចត្រូនិច និងបច្ចេកវិទ្យា

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសមាគមអេឡិចត្រូនិច និងបច្ចេកវិទ្យាកម្ពុជា (CETA) បានរៀបចំសិក្ខាសាលារួមគ្នាមួយ…

ក្រុមហ៊ុននៅឥណ្ឌា កំពុងដង្ហោយរកការជួយអន្តរាគមន៍ ក្រោយមិនអាចទ្រាំទ្រនឹងពន្ធគយខ្ពស់កប់ពពករបស់អាម៉េរិក

ក្រុមហ៊ុនផលិត និងនាំចេញផលិតផលនៅឥណ្ឌា កំពុងដង្ហោយឱ្យរដ្ឋាភិបាលរបស់ខ្លួនចរចាជាមួយសហរដ្ឋអាម៉េរិក ក្រោយពួកគេមិនស៊ូទ្រាំនឹងពន្ធគយ៥០ ដែលដាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ