របាយការណ៍ស្ទង់មតិចុងក្រោយបង្អស់នៅឆ្នាំនេះ លើប្រទេសនានានៅអាស៊ីអាគ្នយ៍ ដោយមជ្ឈមណ្ឌលសិក្សាអាស៊ាននៃវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof Ishak បានរកឃើញថា ប្រទេសចិនត្រូវបានគេចាត់ទុកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតក្នុងតំបន់ ដែលមានការយល់ស្របជិត៦០%នៃការស្ទង់មតិទាំងស្រុង។ ប៉ុន្តែទិន្នន័យនេះមានទាបជាង បើធៀបនឹងឆ្នាំ ២០២២ ដែលមានការយល់ស្របដល់ទៅ៧៦,៧% ។ ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថា ដោយសារតែការរឹតបន្តឹងវិធានការកូវីដ១៩ដ៏តឹងរ៉ឹងក្នុងប្រទេសចិន។
ក្នុងនោះ ប្រទេសចិនក៏ត្រូវបានគេមើលឃើញថា ជាមហាអំណាចនយោបាយយុទ្ធសាស្ត្រដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ ជាមួយនឹងមតិយល់ស្របជាង ៤០% ប៉ុន្តែក៏បានសបង្ហាញពីការធ្លាក់ចុះដូចគ្នាដែរ ពីអត្រាជាង ៥៤% បើធៀបនឹងទៅការស្ទង់មតិកាលពីឆ្នាំមុន។
ការសិក្សាដែលបានចេញផ្សាយនៅថ្ងៃទី៩ខែកុម្ភៈ របស់វិទ្យាស្ថាន ISEAS-Yusof Ishak បានគូសបញ្ជាក់ដែរថា ឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន គឺមិនត្រូវបានប្រទេសទាំងអស់ក្នុងតំបន់ពេញចិត្តនោះទេ។ ភាគច្រើននៃអ្នកដែលត្រូវបានស្ទង់មតិ ចាត់ទុកប្រទេសចិន ជាប្រទេសមានឥទ្ធិពលបំផុតតែប្រកបដោយការ ព្រួយបារម្ភ និងការបំភិតបំភ័យ។ ក្នុងចំណោមប្រទេសទាំង១០នៃតំបន់ នៅប្រ៊ុយណេ ដែលពេញចិត្តនិងទទួលយកឥទ្ធិពលចិនដល់ទៅជាង៩៤% តាមពីក្រោយដោយកម្ពុជា មានការយល់បែបនេះប្រមាណ ៤៧%។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីប្រសិនបើអាស៊ានត្រូវបានបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចទាំងពីរ គឺចិន ឬសហរដ្ឋអាមេរិក នោះមានពីរភាគបីនៃអ្នកស្ទង់មតិ នឹងបោះឆ្នោតទទួលយកសហរដ្ឋអាមេរិក ជាជាងប្រទេសចិន។
ការជ្រើសរើសយកចិនបានធ្លាក់ចុះពី ៤៣% កាលពីឆ្នាំមុនមកត្រឹម ៣៩% ក្នុងឆ្នាំ២០២៣នេះ ខណដែលសហរដ្ឋអាមេរិកបានទទួលការគាំទ្រកាន់តែច្រើននៃប្រជាប្រិយភាពក្នុងអត្រា ៥៧%។
ទោះយ៉ាងណាក៏មានដែរ ភាគច្រើននៃការស្ទង់មតិនៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ីមានការពេញចិត្តចិន ជាងអាមេរិក។ ដោយឡែក ប្រទេសផ្សេងទៀតមានទំនោរទៅរកសហរដ្ឋអាមេរិក គឺហ្វីលីពីន និងវៀតណាម។
ដោយឡែក មាន៥៤%នៃអ្នកដែលបានស្ទង់មតិ នៅតែពេញចិត្តប្រទេសជប៉ុនជាមហាអំណាចដ៏គួរឱ្យទុកចិត្តបំផុតក្នុងចំណោមមហាអំណាចផ្សេងទៀត។ ពីព្រោះអ្វី? ដោយសារតែប្រទេសជប៉ុនត្រូវបានគេមើលឃើញថា ជាភាគីពាក់ព័ន្ធដែលមានទំនួលខុសត្រូវខ្ពស់ និងជាប្រទេសដែលប្រកាន់យកច្បាប់អន្តរជាតិជាគោលគ្រឹះបានល្អ។
ការស្ទង់មតិជាង ៧៣% ក៏សំដែងការព្រួយបារម្ភផងដែរថា អាស៊ានកំពុងក្លាយជាទីលាននៃការប្រកួតប្រជែងរវាងពួកមហាអំណាច ដែលរដ្ឋជាសមាជិករបស់អាស៊ានអាចនឹងក្លាយទៅជាប្រទេសរណបនៃមហាអំណាចធំៗក៏ថាបាន។ ក្រៅពីនេះ ប្រហែលពីរភាគបី ឬជាង៦០%នៃទិន្នន័យស្រាវជ្រាវបង្ហាញពីភាពមិនចុះសម្រុងរបស់អាស៊ាន។
សម្រាប់វិបត្តិនៅមីយ៉ាន់ម៉ាវិញ អ្នកឆ្លើយសំណួរក្នុងតំបន់អាស៊ានហាក់ដូចជាមានទស្សនៈចម្រុះអំពីបញ្ហានេះ។ នៅពេលសួរថា តើបញ្ហាមីយ៉ានម៉ាគួរដើរទៅមុខដោយរបៀបណា ក្នុងនោះ ជាងមួយភាគបីឬស្មើនឹងជាង៣៨% នៃអ្នកឆ្លើយសំណួរ ចង់ឱ្យអាស៊ានចូលរួមក្នុងកិច្ចសន្ទនាឯករាជ្យជាមួយអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ រួមទាំងជាមួយរដ្ឋាភិបាលស្រមោលរួបរួមជាតិមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារ ដើម្បីកសាងទំនុកចិត្តឡើងវិញ។ រីឯ ១៨%ទៀតចង់ឃើញអាស៊ានប្រើវិធីសាស្ត្រក្តៅដូចជាការព្យួរ និងការដាក់ទណ្ឌកម្មលើរបបយោធា ដែលកំពុងកាន់អំណាចដោយខុសច្បាប់ក្នុងប្រទេសមីយ៉ាន់ម៉ា៕