អាកាសចរណ៍-​ទេសចរណ៍

Emirates ​ផ្តោត​លើ​អ្នក​ដំណើរ​ជា​គ្រួសារ​តាមរយៈ​ការ​សិក្សា​ភាព​អផ្សុក​របស់​កុមារ​ក្រោម​១២​ឆ្នាំ


ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត (Emirates) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​លទ្ធផល​ការ​សិក្សា​អំពី​ឥរិយាបថ និង​កម្រិត​ភាព​អផ្សុក​របស់​កុមារ អាយុ​ក្រោម​១២​ឆ្នាំ Child Boredom Quotient (CBQ) ក្នុង​បំណង​ជួយ​សម្រួល​ឪពុក​ម្តាយ​ដែល​មាន​កុមារ​តូច​រួម​ដំណើរ​ក្នុង​ការ​ហោះ​ហើរ​រយៈ​ពេល​វែង។
អាកាសចរណ៍ Emirates ធ្វើ​ការសិក្សា​អំពី​ភាព​អផ្សុក​របស់​កុមារ អាយុ​ក្រោម ១២ឆ្នាំ ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​គ្រួសារដែល​ហោះហើរ​ជាមួយ​កូន​តូច។
ដោយ

ការ​សិក្សានេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត រួម​សហការ​ជាមួយ​លោក​វេជ្ជបណ្ឌិត Sandi Mann គ្រូ​ពេទ្យ​ចិត្តសាស្ត្រ​និង​ជា​អ្នក​ឯកទេស​លើ​ភាព​អផ្សុក​នៃ​សាកល​វិទ្យាល័យ Central Lancashire ធ្វើ​ឡើង​កាល​ពី​ខែ​មិថុនា កន្លង​ទៅ​នេះ។ 

តាមរយៈ​ការ​អង្កេត​លើ​កុមារ​អាយុ​ចាប់​ពី ០ ទៅ ១២​ឆ្នាំ ដោយ​មាន​ការ​សហការ​ជាមួយ​ឪពុក​ម្តាយ​ចំនួន ២.០០០​នាក់ នៅ​ចក្រភព​អង់គ្លេស បាន​ជួយ​ឲ្យ​លោក​វេជ្ជបណ្ឌិត Sandi Mann បែង​ចែក ​សកម្មភាព​កម្សាន្ត​របស់​កុមារ​ជា ៥​ប្រភេទ មាន​ដូចជា៖ សកម្មភាព សកម្ម (A)  អសកម្មភាព (P)  អន្តរកម្ម​ទៅ​វិញ​ទៅមក (I) ភាព​ច្នៃប្រឌិត (C) និង​ទំនាក់​ទំនង​ខាង​ញាណ ឬ​អារម្មណ៍ (S)។

លទ្ធផល​នេះ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​បង្កើត​ជា​តារាង​ឥរិយាបថ​និង​កម្រិត​ភាព​អផ្សុក​របស់​កុមារ ដែល​លម្អិត​កម្រិត​ភាព​អផ្សុក​របស់​កុមារ និង​ប្រភេទ​សកម្មភាព​កម្សាន្ត​ផ្សេងៗ​តម្រូវ​ទៅ​តាម​វ័យ​របស់ ​កុមារ​អាយុ​ចាប់​ពី ០ ទៅ ១២​ឆ្នាំ ដែល​ជួយ​ឲ្យ​ឪពុក​ម្តាយ​កុមារ​តូច​អាច​កត់​សម្គាល់ ពេល​វេលា​ជាក់​លាក់ និង​កម្រិត​ភាព​អផ្សុក​របស់​កូន ដើម្បី​ធានា​ដល់​ការ​ធ្វើ​ដំណើរ​ដោយ​រលូន​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ និង មិន​មាន​ការ​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​ដទៃ​ទៀត។ 

ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា កុមារ​អាយុ​ក្រោម​១២​ឆ្នាំ នឹង​កើត​​មាន​ភាព​អផ្សុក​ក្នុង​រយៈពេល ៤៩​នាទី និង ៤៧​វិនាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ធ្វើ​ដំណើរ​ហោះហើរ​ផ្លូវ​ឆ្ងាយ​ចាប់​ផ្តើម ខណៈ​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​ទាំង​បី របស់​ឪពុក​ម្តាយ នៅ​ពេល​ធ្វើ​ដំណើរ​ជាមួយ​កុមារ​ក្រោម​១២​ឆ្នាំ រួមមាន ការផ្តល់​ការ​កម្សាន្ត​ដល់​កូនៗ (៦៤%) ការ​រំខាន​ដល់​អ្នក​ដំណើរ​ដទៃ (៤៣%) និង​ការ​រក្សា​កម្រិត​ជាតិ​ទឹក​របស់​កូនៗ (២៣%)។ កុមារ​ដែល​មាន​វ័យ ៣ ទៅ ៤​ឆ្នាំ ជា​អ្នក​ដំណើរ​ងាយ​បង្ក​បញ្ហា​ជាង​គេ។ 

Emirates បង្ហាញ​លទ្ធផល​សិក្សា​អំពី​ភាព​អផ្សុក​របស់កុមារ​ នៅ​ពេល​ជិះ​យន្តហោះ។

ក្នុង​ចំណោម​ឪពុក​ម្តាយ​ដែល​បាន​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នេះ ៤១% ទទួល​ស្គាល់​ថា ពួកគេ​បាន​លួង​កូនៗ ដោយ​ការ​ឲ្យ​ស្ករ​គ្រាប់ សូកូឡា និង​នំ ជាដើម ដើម្បី​ជា​ការ​ដោះដូរ​ក្នុង​ការ​រក្សា​ឥរិយាបថ​ល្អ​នៅ​ពេល​ហោះហើរ ខណៈ ៣៣% បាន​ពឹង​ផ្អែក​លើ​ឧបករណ៍​អេឡិចត្រូនិក ដូចជា ទូរស័ព្ទ​ដៃ​ឬ​ ថេប្លេត (Tablet) ដែល​មាន​ហ្គេមស៍ កម្មវិធី កម្មវិធី​ទូរទស្សន៍ និងខ្សែភាពយន្តដែល​គេ​ចូលចិត្ត បើ​ទោះ​បី​ជា ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត្ត​ឲ្យ​ប្រើ​ពេល​ពួកគេ​នៅ​ផ្ទះ​ក៏​ដោយ  ខណៈ ២៧% បាន​ឲ្យ​អំណោយ​ជា​ឧបករណ៍​លេង​ថ្មី​ទៅ​កូនៗ ដើម្បី​ឲ្យ​ពួកគេ​សប្បាយ​ចិត្ត ហើយ ១៦%​ទៀត បាន​ព្យាយាម​ធ្វើ​ឲ្យ​កូនៗ​អស់​កម្លាំង​មុន ពេល​ហោះហើរ ដោយ​ការ​រត់​លេង​នៅ​ព្រលាន​យន្តហោះ​មុន​ការ​ហោះហើរ។  

ភាពយន្ត​គឺ​ជា​សកម្មភាព​ពេញ​និយម​បំផុត​នៅ​ពេល​ហោះហើរ ដែល​អាច​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កុមារ​អាយុ​ពី ០ ទៅ ២ ឆ្នាំ​ បាន​រយៈ​ពេល ៤០​នាទី និង​កុមារ​អាយុ ១១ ទៅ ១២​ឆ្នាំ បាន​រយៈ​ពេល ១​ម៉ោង និង ៤៥​នាទី។  ហ្គេម​មិន​ថា នៅ​ក្នុង​ទូរស័ព្ទ​ដៃ ឬ​នៅ​ក្នុង​ប្រព័ន្ធ​កម្សាន្ត​ដែល​បំពាក់​នៅ​ក្នុង​យន្តហោះ អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​កុមារ​តូច​រយៈ​ពេល ៣០​នាទី និង​ចាប់​អារម្មណ៍​របស់​កុមារ​ធំ ប្រមាណ ១​ម៉ោង​កន្លះ។ ជា​មួយ​គ្នា​នេះ​ដែរ សកម្មភាព​កម្សាន្ត​ដែល​បំផុស​ភាព​ច្នៃ​ប្រឌិត ដូចជា ការ​គូរ​គំនូរ មាន​ភាព​ពេញ​និយម​សម្រាប់​កុមារ​តូច រហូត​ដល់​អាយុ ៩​ឆ្នាំ នៅពេល​ដែល​ល្បែង​ល្បង​ប្រាជ្ញា និង​ដោះស្រាយ ប្រស្នា​ផ្សេងៗ ចាប់​ផ្តើម​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ពួកគេ។ ចំណែក​ការ​ផាត់​ពណ៌​និង​សៀវភៅ​សម្រាប់​បិទ​រូប​តុក្កតា​គឺ​ជា​សកម្មភាព​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​កុមារ​តូច។ 

លោក​វេជ្ជ​បណ្ឌិត Sandi Mann បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ដូចជា ទូរស័ព្ទ ឬ​ថេប្លេត ជា​វិធីសាស្ត្រ​ដែល​ពេញ​និយម​ដោយ​ឪពុក​ម្តាយ​ប្រើប្រាស់​ដើម្បី​ឲ្យ​កូនៗ​កម្សាន្ត​អារម្មណ៍​និង រក្សា ភាព​ស្ងៀមស្ងាត់ ក៏​ដោយ វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​កុមារ​គ្រប់​វ័យ​នោះ​ទេ ដោយ​ហេតុផល​ថា ការ​យក​ចិត្ត​ទុក​ដាក់​របស់​កុមារ​តូច​មាន​រយៈ​ពេល​ខ្លី​ជាង​ការ​ប្រមូល​ផ្តុំ​អារម្មណ៍​របស់​កុមារ​ដែល ​មាន​អាយុ​ច្រើន​ជាង។

លោក​បាន​បន្ថែម​ថា ការ​បំបែក​សកម្មភាព​កម្សាន្ត​ដែល​មាន​ភាព​អសកម្ម​ទៅ​ជា​សកម្មភាព​សកម្ម ឬ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត នឹង​ជួយ​ឲ្យ​បង្ការ​ភាព​អផ្សុក​នៅ​មិន​ស្ងៀម និង​ការ​រំខាន​ផ្សេងៗ​របស់​កុមារ​ដែល​អាច​កើត ឡើង​ក្នុង​ពេល​ហោះហើរ។ 

លោក​និយាយ​ថា៖ “ឪពុក​ម្តាយ​ដែល​មាន​កូន​អាយុ​ពី ៣ ទៅ ៤​ឆ្នាំ នឹង​ចាប់​ផ្តើម​ដឹង​ថា នេះ​គឺ​ជា​ពេល​ដែល​កូន​របស់​ពួកគេ​មាន​សកម្មភាព​ផ្នែក​រាងកាយ​សកម្ម​បំផុត ដោយ​មាន​ភាព​ឯករាជ្យ និង​ជា​ពេល​ដែល​កូន របស់​ពួក គេ​ត្រូវការ​សម្ភារៈ​ដែល​ជឿនលឿន ស្មុគស្មាញ​ជាង​នេះ សម្រាប់​ការ​លេង​កម្សាន្ត​ជាង​កាល​ដែល​ពួកគេ​នៅ​ក្មេង​ជាង​នេះ។” 

លោក​បន្ថែម​ថា កុមារ​តូច​ជា​ទូទៅ មិន​ត្រូវ​ការ​ឧបករណ៍​កម្សាន្ត​ដែល​មាន​ភាព​ស្មុគស្មាញ​នោះ​ទេ ដោយសារ​ពួកគេ​នឹង​ចាប់​អារម្មណ៍​បរិយាកាស​ជុំវិញ​ខ្លួន​គេ រាប់​ទាំង​មនុស្ស​និង​វត្ថុ​ផ្សេងៗ ជា​ដើម ខណៈ​កុមារ​ធំ ​អាច​លេង​ដោយ​ខ្លួន​ឯង​បាន ហើយ​ពួកគេ​ចូល​ចិត្ត​សកម្មភាព​គូរ​គំនូរ ល្បង​ប្រាជ្ញា និង​ការ​អាន​សៀវភៅ​គំនូរ​ជាដើម។

នៅក្នុង​តារាង (CBQ) លោក​បាន​ណែនាំ​ពី​​ការ​រៀបចំ​លំដាប់​សកម្មភាព​ចម្រុះ​សម្រាប់​វ័យ​នីមួយៗ ដែល​រួមមាន (1) សកម្មភាព​សកម្ម (A)  រួម​មាន ដើរ​ទៅ​មក​នៅ​ច្រក​ផ្លូវ​ដើរ​និង​លេង​បៀរ  (2) អសកម្ម​ភាព (P) រួម​មាន ទស្សនា​ខ្សែ​ភាពយន្ត និង​ការ​ស្តាប់​តន្ត្រី (3) ការ​ប្រាស្រ័យ​ទាក់ទង​ទៅវិញ​ទៅ​មក (I) រួមមាន និទាន​រឿង ជជែក​លេង រវាង​ឪពុក​ម្តាយ​និង​កូនៗ និង (4) សកម្មភាព​ដែល​បំផុស​ភាព​ច្នៃ​ប្រឌិត (C) រួម​មាន​ការ​គូរ​គំនូរ និង​ផាត់​ពណ៌ និង (5) ទំនាក់​ទំនង​ខាង​ញាណ​ឬ​អារម្មណ៍ (S) មាន​ដូចជា​ការ​ញ៉ាំ​នំ​ចំណី និង​ការ​សម្រាក​ក្នុង​រយ:ពេល​ណា​មួយ មុន​ពេល​ដែល​កុមារ​មាន​អាការ:​ធុញ​ថប់។ 

ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត ក៏​បាន​ប្រើប្រាស់​ការ​សិក្សា​នេះ​ដើម្បី​ធ្វើ​ឲ្យ​បទ​ពិសោធន៍ ការ​ហោះហើរ សម្រាប់​ក្រុម​គ្រួសារ​តាមរយៈ អ៊ែមមឺរឹត រឹតតែ​មាន​ភាព​ប្រសើរ​និង​រលូន។

លោក Jade Cobbs ប្រធាន​ផ្នែក​គ្រប់គ្រង​ កាប៊ីន (Cabin) របស់ អ៊ែមមឺរឹត មាន​ប្រសាសន៍​ថា៖ “ពួកយើង​ដឹង​យ៉ាង​ច្បាស់​ថា ឪពុក​ម្តាយ​ជា​រឿយៗ​តែង​មាន​ការ​ញញើត និង​​គំនិត​​នៃ​ការ​ធ្វើ​ដំណើរ ហោះហើរ ផ្លូវ​ឆ្ងាយ ជាមួយ​កូនៗ​ដែល​ឆាប់​អផ្សុក។ 

ប៉ុន្តែ ឪពុក​ម្តាយ​មិន​គួរ​រង់ចាំ​រហូត​ដល់​នាឡិកា នៃ​ភាព​អផ្សុក​រោទិ៍​នោះទេ។ ដែល​នេះ មិន​តម្រូវ​តែ​លើ​ការ​ស្នើ​ឲ្យ​បុគ្គលិក បម្រើ​ការ​លើ​យន្តហោះ​ផ្តល់​កញ្ចប់​សកម្មភាព​កម្សាន្ត​ផ្សេងៗ ​សម្រាប់​កូនៗ​របស់​អ្នក ឬ​ទស្សនា​កម្មវិធី​ទូរទស្សន៍ ដែល​មាន​លក្ខណៈ​ជា​គ្រួសារ ឬ​ភាពយន្ត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រព័ន្ធ​កម្សាន្ត​នៅ​ក្នុង​ពេល​ហោះហើរ​របស់​ក្រុមហ៊ុន អ៊ែមមឺរឹត នោះ​ទេ ឪពុក​ម្តាយ​ដែល​ធ្វើ​ដំណើរ ជាមួយ​កូនៗ អាច​ជៀសវាង​ភាព​អផ្សុក តាម​រយៈ​សកម្មភាព​កម្សាន្ត​ផ្សេងៗ​ដែល​បាន​រៀបចំ​ទុក រួម​និង​ហ្គេម និង​ការ​កម្សាន្ត​ដែល​មាន​ស្រាប់​នៅ​លើ​យន្តហោះ”។

តារាង​អំពី​ឥរិយាបថ​និង​កម្រិត​ភាព​អផ្សុក​របស់​កុមារ (CBQ) វ័យ​ក្រោម ១២​ឆ្នាំ​នេះ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ និង​អាច​ទាញ​យក​បាន​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន អាកាសចរណ៍ អ៊ែមមឺរឹត៕ 




អត្ថបទបន្ទាប់


Smart ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ថ្មី​ថ្មោង​ ៣ ដែល​ទទួល​បាន​ទុន​៥​លាន​ដុល្លារ

ក្រុមហ៊ុន​ថ្មី​ថ្មោង​ចំនួន​៣ ត្រូវ​បាន​គណៈកម្មការ​វិនិយោគ​របស់​មូលនិធិ​សម្រាប់​អាជីវកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ជ្រើសរើស​…

៩​ខែ​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​ជាង​២២០០​លាន​ដុល្លារ

គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ទំហំ​នៃ​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​មាន​ប្រមាណ​ជាង ២២៨៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ