អាជីវកម្មថ្មីថ្មោង-​បច្ចេកវិទ្យា

Smart ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ថ្មី​ថ្មោង​ ៣ ដែល​ទទួល​បាន​ទុន​៥​លាន​ដុល្លារ


ក្រុមហ៊ុន​ថ្មី​ថ្មោង​ចំនួន​៣ ត្រូវ​បាន​គណៈកម្មការ​វិនិយោគ​របស់​មូលនិធិ​សម្រាប់​អាជីវកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ជ្រើសរើស​យក​ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ដែល​បាន​ដាក់​ពាក្យ។ ក្រុមហ៊ុន​ជ័យ​លាភី​​ទាំង៣ ដែល​ទទួល​បាន​ទឹក​ប្រាក់​វិនិយោគ​សរុប ៥​លាន​ដុល្លារ​ពី​មូលនិធិ​នេះ រួមមាន៖ ក្រុមហ៊ុន​ដឹកជញ្ជូន «ជូន​អ្នក» ក្រុមហ៊ុន​ផ្តល់​សេវា​ដំណោះស្រាយ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ «មរកត ថេកណូឡូជី» និង​ក្រុមហ៊ុន​ជំនាញ​ផ្នែក​បោះពុម្ព​បែប 3D «Aniwaa»។
ក្រុមហ៊ុន​ថ្មី​ថ្មោងចំនួន ៣ ត្រូវបាន​ប្រកាស​ឈ្មោះ​ ដែល​ទទួលបាន​ទុន​វិនិយោគ ៥​លាន​ដុល្លារ។
ដោយ

មូលនិធិ​សម្រាប់​​អាជីវកម្ម​​ឌីជីថល (SADIF) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Smart សហការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte និង Mekong Strategic Partner ដើម្បី​ផ្តល់​មូលនិធិ​ដល់​​សហគ្រិន​ដែល​មាន​ឆន្ទៈ​ច្បាស់​លាស់ និង​ផ្តល់​មូលនិធិ​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​ឧស្សាហកម្ម ICT ដែល​កំពុង​រីក​លូតលាស់​នៅ​កម្ពុជា​យ៉ាង​ឆាប់​រហ័ស។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​នេះ​ថា បន្ទាប់​ពី​ចំណាយ​ពេល​ជា​ច្រើន​ខែ ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​លើ​បេក្ខជន​នានា ដែល​មាន​ការ​សហការ​​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte មូលនិធិ SADIF មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បង្ហាញ​ក្រុមហ៊ុន​៣ គឺ​ក្រុមហ៊ុន «ជូនអ្នក» «មរកត» និង​ក្រុមហ៊ុន Aniwaa ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ទទួល​បាន​ទុន​ជា​ទឹក​ប្រាក់​វិនិយោគ​ពីមូលនិធិ SADIF។

លោក​បញ្ជាក់​ថា៖ «ក្រុមហ៊ុន Smart ដើរ​តួនាទី​ស្នូល​ក្នុង​ការ​ផ្លាស់ប្តូរ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​បំផុត។ យើង​រង់ចាំ​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​ថ្មីៗ​ទាំង​នេះ ដើម្បី​អភិវឌ្ឍ ​និង​ជំរុញ​អាជីវកម្ម​បែប​ឌីជីថល ​របស់​ពួកគេ។ ខ្ញុំ​កំពុង​រង់ចាំ​ចង់​ឃើញ​ការ​វិនិយោគ​ទាំង​នេះ​លេច​ចេញ​ជា​រូបរាង»។

ក្រុមហ៊ុន​ដឹក​ជញ្ជូន Joonnak ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន ៣ ដែល​បាន​ទទួល​មូលនិធិ​វិយោគ​ ៥លាន​ដុល្លារ។

ដូច​គ្នា​ដែរ លោក Charles Cheo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Forte បាន​មាន​ប្រសាសន៍​ថា លោក​មាន​ជំនឿ​ចិត្ត​ថា សេដ្ឋកិច្ច​បែប​ឌីជីថល​របស់​កម្ពុជា នឹង​មាន​ការ​លូតលាស់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។ 

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ ថា៖ «យើង​មាន​ចិត្ត​សប្បាយ​ក្នុង​ការ​គាំទ្រ​កំណើន​នេះ តាមរយៈ​ការ​ចូលរួម​សហការ​ជា​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំង​អស់​ខាង​លើ ដែល​យើង​ខ្ញុំ​ទាំងអស់​គ្នា​នឹង​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ដោយ​នាំ​នូវ​មាតិកា​ថ្មីៗ​ដែល​ទំនើប​ទាន់​សម័យ និង​កម្មវិធី​ឌីជីថល​ផ្សេងៗ»។

ការផ្តល់​មូលនិធិ​ដល់​សហគ្រិន​វ័យ​ក្មេង​ទាំង​នេះ នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ឱកាស​ពង្រីក​និង​ពង្រឹង​អាជីវកម្ម​របស់​ខ្លួន​ទាំង​នៅ​ក្នុង​ស្រុក និង​ពង្រីក​ទៅ​កាន់​តំបន់ និង​ពិភព​លោក ដែល​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​​ក្នុង​ការ​ជំរុញ​អាជីវកម្ម​បែប​ឌីជីថល ដែល​កំពុង​ពេញ​និយម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​សាកល។

លោក ចាយ គង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Joonaak Delivery Co., Ldt ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដោយ​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន និង​ភស្តុភារ​ដល់​បណ្តា​ក្រុមហ៊ុន​សហគ្រាស បាន​ថ្លែង​ថា តម្លៃ​នៃ​​ការ​វិនិយោគ​ចេញ​ពី​ភាព​ជា​ដៃគូ​នេះ ដែល​បាន​ពី​ក្រុមហ៊ុន​ដែល​មាន​ភាព​ច្នៃ​ប្រឌិត និង​មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់ បើ​ទោះ​បី​មូលនិធិ​មាន​សារសំខាន់​ធំធេង​ក៏​ដោយ​ចុះ តែ​មិនមែន​កំណត់​ត្រឹម​តែ​ការ​ផ្តល់​មូលនិធិ​នោះ​ឡើយ។

លោក​អះអាង​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​សេចក្តី​រំភើប​ក្នុង​ការ​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និង​ក្រុមហ៊ុន MSP ដើម្បី​ជួយ​អភិវឌ្ឍ​អាជីវកម្ម​របស់​យើង នៅត្រង់​ចំណុច​ដែល​យើង​មិន​​អាច​ធ្វើបាន​ដោយ​ខ្លួន​ឯង»។

ក្រុមហ៊ុន​ Morako Technology ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន ៣ ដែល​បាន​ទទួល​មូលនិធិ​វិយោគ​ ៥លាន​ដុល្លារ។

មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឡើយ លោក ឃួន សុភ័ត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Morakot Technology ដែល​មាន​ជំនាញ​ផ្តល់​ដំណោះស្រាយ​ដល់​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ លើ​កម្មវិធី Software ដែល​មាន​សុវត្ថិភាព ជឿ​ទុកចិត្ត និង​កែ​សម្រួល​បាន បាន​អះអាង​ថា មូលនិធិ SADIF នេះ នឹង​ជួយ​ឲ្យក្រុមហ៊ុន​របស់​លោក អាច​ពង្រីក​ខ្លួន​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ទាំង​នោះ នឹង​កំពុង​ប្រឈម​​បញ្ហា​ស្រដៀង​គ្នា​នឹង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែរ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ក្រោយ​ពី​បាន​ធ្វើ​ការងារ​លើ​វិស័យ​ហិរញ្ញវត្ថុ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា ប្រតិបត្តិការ​មាន​ការ​រាំងស្ទះ​ដោយសារ​តែ​កង្វះ​កម្មវិធី​ដែល​សមស្រប និង​មាន​តម្លៃ​សមរម្យ ដើម្បី​ទៅ​ប្រើ​ក្នុង​ការ​ជួយ​​គាំទ្រ​ដល់​មន្រ្តី​ឥណទាន និង​ប្រតិបត្តិការ​ផ្នែក​ខាង​ក្នុង»។

ដូចគ្នា​ដែរ លោក Martin Ianasard នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Aniwaa ដែល​ជា​គេហទំព័រ​ប្រៀបធៀប​ម៉ាស៊ីន 3D ដែល​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រោងចក្រ​ដោយ​ផ្តល់​ការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ស៊ី​ជម្រៅ​លើ​ Hardware ម៉ាស៊ីន​បោះពុម្ព 3D បាន​ថ្លែង​ថា៖ «ជាមួយ​នឹង​ការ​បញ្ចូល​ទុន​បន្ថែម ក៏​ដូច​ជា​បណ្តាញ និង​ចំណេះដឹង​ពី SADIF យើង​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ខ្លួន​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​បំផុត។ យើងនឹងនាំមកនូវព័ត៌មានទាក់ទងទៅនឹងបច្ចេកវិទ្យាផ្នែករឹង (Hardware) ដែលទំនើបទាន់សម័យបំផុតសម្រាប់អ្នកចាប់អារម្មណ៍លើការវិវត្តបច្ចេកវិទ្យាថ្មីៗចុងក្រោយ»៕ 




អត្ថបទបន្ទាប់


តើ​វិស័យ​រ៉ែ​និង​ថាមពល​កម្ពុជា ដើរ​​ដល់​កម្រិត​ណា​ហើយ?

ព័ត៌មាន
កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​រ៉ែ​និង​ថាមពល បាន​ចុះ​ផ្សាយ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​រ៉ែ​និង​ថាមពល​របស់​កម្ពុជា ថា កំពុង​មាន​សន្ទុះ​…

Emirates ​ផ្តោត​លើ​អ្នក​ដំណើរ​ជា​គ្រួសារ​តាមរយៈ​ការ​សិក្សា​ភាព​អផ្សុក​របស់​កុមារ​ក្រោម​១២​ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត (Emirates) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​លទ្ធផល​ការ​សិក្សា​អំពី​ឥរិយាបថ និង​កម្រិត​ភាព​អផ្សុក​របស់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ