
កម្មវិធីនេះដំណើរការដោយមានការគាំទ្រពីនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
គំនិតផ្តួចផ្តើម Write and Eat គឺជាកិច្ចប្រឹងប្រែងរួមគ្នារវាងសមាជិកស្ថាបនិកមួយចំនួនដូចជាលោកសុខ វិសាល ស្ថាបនិកផលិតកម្ម 802 Films របស់ប្រទេសកម្ពុជា លោក Xaisongkham INDUANGCHANTHY មកពីប្រទេសឡាវ កញ្ញា Epsin HOAN មកពីប្រទេសវៀតណាម និងលោក Andy HO មកពីសិង្ហបុរី ដើម្បីរៀបចំសិក្ខាសាលារយៈពេលមួយឆ្នាំ និងវគ្គបណ្តុះបណ្តាលបង្កើតបណ្តាញដែលរៀបចំឡើងដើម្បីលើកកម្ពស់ស្តង់ដារក្នុងតំបន់ និងការនិពន្ធក្នុងស្រុក។

អ្នកស្រី Ng Swee San អ្នកនិពន្ធជនជាតិសិង្ហបុរី និងជាគ្រូបង្រៀនផ្នែកនិពន្ធ ដែលមានសញ្ញាបត្រអនុបណ្ឌិតផ្នែកសិល្បៈពីមហាវិទ្យាល័យសិល្បៈ Lasalle ក្នុងប្រទេសសិង្ហបុរី និងក៏ជាអតីតប្រធានសមាគមអ្នកនិពន្ធ (សិង្ហបុរី) ផងដែរនោះ នឹងធ្វើជាគ្រូបង្គោលម្នាក់ក្នុងចំណោមគ្រូបង្គោលផ្សេងទៀតសម្រាប់វគ្គបណ្តុះបណ្តាលផ្លូវការនេះ ។

លោក សុខ វិសាល ស្ថាបនិកផលិតកម្ម 802 Films បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គមានចក្ខុវិស័យពិសេសនៅពេលនិយាយអំពីភាពយន្ត។ សិក្ខាសាលាជាស៊េរីរយៈពេលមួយឆ្នាំនេះនឹងគាំទ្រផលិតករភាពយន្ត និងអ្នកនិពន្ធជំនាន់ក្រោយក្នុងតំបន់ ជាមួយនឹងសិក្ខាសាលាជាស៊េរី និងឱកាសបង្កើតបណ្តាញ»។
វគ្គបណ្តុះបណ្តាលនេះរួមមានសិក្ខាសាលាដែលរួមមានទាំងសិក្ខាសាលាបង្រៀនអំពីការនិទានរឿង ការបង្កើតតួអង្គ ការសរសេរកិច្ចសន្ទនា ការបង្កើតរចនាសម្ព័ន្ធរឿង និងសមាសធាតុផ្សេងទៀតដែលចាំបាច់សម្រាប់ការនិពន្ធសាច់រឿង។ គំនិតផ្តួចផ្តើម Write and Eat កំពុងស្វែងរកសិក្ខាកាមចំនួន ១៥នាក់ដែលមានអាយុចន្លោះពី ២២ ទៅ ៣៥ឆ្នាំមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ ដើម្បីចូលរួមក្នុងកម្មវិធីអប់រំថ្នាក់តំបន់នេះ។

លោក វិសាល បានបន្ថែមថា៖ «យើងកំពុងស្វែងរកអ្នកមកពីតំបន់នេះ ដែលមានចំណង់ចំណូលចិត្តផលិតភាពយន្ដ និងអ្នកដែលចង់ជួយអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅក្នុងតំបន់។ ជាការពិតណាស់ ក្នុងនាមជាតួអង្គដ៏សំខាន់មួយ យើងរំពឹងថា វប្បធម៌ដ៏រឹងមាំនិងគំនិតច្នៃប្រឌិតរបស់កម្ពុជានឹងដើរតួយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ»។

ក្នុងនាមជាស្ថាបនិកមួយរូបនៃគំនិតផ្តួចផ្តើម Write and Eat លោក សុខ វិសាល បានប្ដេជ្ញាចិត្តលើកកម្ពស់វិស័យភាពយន្តកម្ពុជា។ លោក វិសាល គឺជានាយកផ្នែកសិល្បៈនិងច្នៃប្រឌិត ជាផលិតករតន្ត្រី និងជាស្ថាបនិកនៃផលិតកម្ម KlapYaHandz។ លោក វិសាល ក៏ជាផលិតករភាពយន្ត និងជាស្ថាបនិកផលិតកម្ម 802 Films ផងដែរដែលឈ្មោះរបស់លោកមានបង្ហាញនៅក្នុងក្រេឌីតរបស់ខ្សែភាពយន្តចំនួន ៥រឿង ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ លោក វិសាល ក៏រៀបចំព្រឹត្តិការណ៍កម្សាន្តធំៗនិងគាំទ្រផលិតកម្មភាពយន្តអន្តរជាតិជាច្រើនទៀតផងដែរ។

សម្រាប់ក្រុមហ៊ុនដែលមានបំណងចូលរួមឧបត្ថម្ភ និងគាំទ្រលោក វិសាល និងសិក្ខាសាលា បណ្តុះបណ្តាល ផ្នែកវប្បធម៌ដែលជាសកម្មភាពទំនួលខុសត្រូវសង្គមរបស់សជីវកម្ម (CSR) របស់គំនិតផ្តួចផ្តើម Write and Eat នេះ សូមអញ្ជើញទាក់ទងមកកាន់អាសយដ្ឋានអ៊ីមែល [email protected]៕