តុលាការកំពូលរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ បានច្រានចោលបណ្តឹងសាទុក្ខរបស់ក្រុមហ៊ុន Google ប្រឆាំងនឹងការពិន័យប្រមាណជិត៣ពាន់លានដុល្លារពីគណៈកម្មការអឺរ៉ុប ចំពោះការបំពានច្បាប់ប្រឆាំងទំនុកចិត្តពាក់ព័ន្ធនឹងសេវាកម្មទិញទំនិញរបស់ខ្លួន។
នៅក្នុងថ្ងៃជាមួយគ្នានោះ ក្រុមហ៊ុន Apple ក៏បានបាត់បង់ឱកាសក្នុងការជំទាស់នឹងការបញ្ជាឱ្យបង់ពន្ធដែលជំពាក់ជាង១៤ពាន់លានដុល្លារ ដល់ប្រទេសអៀរឡង់ បន្ទាប់ពីតុលាការយុត្តិធម៌អ៊ឺរ៉ុប បានចេញសេចក្តីសម្រេចដាច់ដោយឡែកមួយ ស្របតាមគណៈកម្មាការអឺរ៉ុប ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការផ្ដល់ជំនួយរដ្ឋខុសច្បាប់ដល់ក្រុមហ៊ុនសាជីវកម្មសកលមួយចំនួន។
ការសម្រេចរបស់តុលាការកំពូលរបស់អឺរ៉ុបនេះ មានន័យថា ក្រុមហ៊ុនទាំងពីរនេះបានបាត់បង់ឱកាសក្នុងការប្ដឹងជំទាស់នឹងប្រាក់ពិន័យ និងពន្ធទាំងនេះទៀតហើយ ក្រោយតស៊ូអស់ពេលមួយទសវត្សរ៍មកនេះ។ ការបរាជ័យរបស់ក្រុមហ៊ុនទាំងពីរ តែវាជាជ័យជម្នះសម្រាប់លោកស្រី ម៉ាក្រេដ វ៉េស្តាហ្គឺ (Margrethe Vestager) ស្នងការអឺរ៉ុប ដែលគេរំពឹងថា នឹងចុះចេញពីតំណែងនៅខែក្រោយនេះ បន្ទាប់ពីកាន់តំណែងនេះបាន១០ឆ្នាំក្នុងនាមជាមន្ត្រីកំពូលរបស់គណៈកម្មការដែលបានត្រួតពិនិត្យសំណុំរឿងមួយនេះ៕
អត្ថបទ៖ សុខ មង្គល