នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុលហ្វ៍ គ្រីស្ទើស៊ន (Ulf Kristersson) បានប្រគល់លិខិតស្នើសុំបញ្ចូលប្រទេសស៊ុយអែត ជាសមាជិកមួយរបស់អង្គការបក្សសម្ព័ន្ធយោធា NATO ជូនលោក អ៊ែនថូនី ប្ល៊ីងឃិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាម៉េរិកនៅក្នុងពិធីមួយដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
នៅពេលទទួលលិខិតស្នើសុំពីលោក អ៊ុលហ្វ៍ គ្រីស្ទើស៊ន (Ulf Kristersson) លោក អ៊ែនថូនី ប្ល៊ីងឃិន (Antony Blinken) បាននិយាយថា រឿងល្អៗនឹងមកដល់សម្រាប់អ្នកដែលរង់ចាំចូលជាសមាជិករបស់អង្គការបក្សសម្ព័ន្ធយោធា NATO។
ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុលហ្វ៍ គ្រីស្ទើស៊ន (Ulf Kristersson) បាននិយាយថា លោកដឹងថាប្រាកជានឹងមានថ្ងៃនេះ ហើយថ្ងៃនេះពិតជាបានមកដល់មែន។
ការចូលជាសមាជិករបស់អង្គការបក្សសម្ព័ន្ធយោធានេះកើតមានឡើង ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ីនៅទ្វីបអឺរ៉ុប ក្រោយពីរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា ក្រោយមានការឈ្លានពានប្រទេសអ៊ុយក្រែន បានធ្វើឱ្យប្រទេសចំនួន២ គឺស៊ុយអ៊ែត និងប្រទេសក្បែរខាងហ្វាំងឡង់ ដែលមានព្រំដែនប្រវែងប្រមាណ១.៣៤០គីឡូម៉ែត្រជាប់ប្រទេសរុស្ស៊ី ដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អង្គការ NATO ដើម្បីសុំឱ្យអង្គការនេះជួយការពារសុវត្ថិភាពរបស់ខ្លួន។
ហើយជាលទ្ធផល ប្រទេសហ្វាំងឡង់ បានចូលជាសមាជិករបស់ NATO ក្នុងឆ្នាំ២០២៣
ខណៈប្រទេសស៊ុយអែត ត្រូវបន្តរង់ចាំដោយសារប្រទេសតួកគី និងប្រទេសហុងគ្រី ពន្យារពេលអនុម័តឱ្យស៊ុយអែត ចូលជាសមាជិក ពោលគឺទើបតែបានចូលជាសមាជិកជាផ្លូវការនៅពេលនេះប៉ុណ្ណោះ៕