ក្នុងបទសម្ភាសមួយជាមួយកាសែត New York Times កាលពីថ្ងៃពុធ លោកស្រី សៃ អ៊ីងវេន បាននិយាយថា ចិនមានបញ្ហាផ្ទៃក្នុងច្រើនពេកហើយក្នុងពេលឥលូវនេះ ក្នុងការពិចារណាឈ្លានពានលើតៃវ៉ាន់។
លោកស្រីបានបន្ថែមថា ភាគច្រើនដោយសារតែបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុង និងហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាប្រឈមខាងនយោបាយ ខណៈដែលសហគមន៍អន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមមិនមែនជាជម្រើសទេ ហើយសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលបម្រើផលប្រយោជន៍របស់មនុស្សគ្រប់គ្នា។
ការថ្លែងឡើងបែបនេះរបស់លោកស្រី កើតឡើងចំពេលដែលតៃវ៉ាន់ កំពុងធ្វើយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ខាងមុខ។
ហើយលោកស្រី ក៏ដូចជារដ្ឋាភិបាលលោកស្រី បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការចរចាជាមួយចិន ប៉ុន្តែត្រូវបានបដិសេធ ខណៈទីក្រុងប៉េកាំង ចាត់ទុកលោកស្រី និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោកស្រីដែលកំពុងកាន់អំណាចថា ជាក្រុមបំបែកខ្លួនចង់បានឯករាជ្យ។
យោងតាមការស្ទង់មតិបង្ហាញថា លោក Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នដែលមកពីគណបក្ស DPP នេះ ទំនងជានឹងទទួលបានការគាំទ្រនាំមុខគេក្នុងការធ្វើជាប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ ជំនួសពីលោកស្រី សៃ អ៊ីងវេន។
ទោះជាយ៉ាងណាក៏ដោយ ក្នុងបទសម្ភាសកាលពីថ្ងៃពុធ លោកស្រី សៃ ក៏បាននិយាយត្រង់ៗថា ក្នុងការបោះឆ្នោតខាងមុខប្រទេសចិនប្រាកដជានឹងព្យាយាមជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតរបស់តៃវ៉ាន់។ តែលោកស្រីថា ការព្យាយាមនោះទំនងជានឹងមិនទទួលជោគជ័យឡើយ ដោយសារតែនៅទីនេះ គឺជាលទ្ធិប្រជាធិបតេយ្យ ហើយប្រជាជនតៃវ៉ាន់ដឹងយ៉ាងច្បាស់ថា នរណាស័ក្តិសមធ្វើជាប្រធានាធិបតីបន្ទាប់សម្រាប់កោះតៃវ៉ាន់។
ស្របពេលជាមួយគ្នានេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន កាលពីថ្ងៃពុធ បានចេញមុខវាយប្រហារពាក្យសម្តីបេក្ខភាពប្រធានាធិបតី លោក Lai Ching-te ថា ឯករាជ្យតៃវ៉ាន់មានន័យថា សង្គ្រាម ដោយថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងជំរុញឱ្យមានឯករាជ្យភាពតៃវ៉ាន់ នឹងបំពុលផលប្រយោជន៍ និងសុខុមាលភាពរបស់ជនរួមជាតិនៅលើកោះនេះ។
យ៉ាងណា ឆ្លើយតបនឹងការលើកឡើងនេះ លោក Chiu Tai-san ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់បាននិយាយថា «ពួកគេមិនយល់ពីអ្វីដែលហៅថា នយោបាយប្រជាធិបតេយ្យ និងការបោះឆ្នោតនៅទីនេះនោះទេ»។
ដោយឡែក ស្របពេលដែលទីក្រុងប៉េកាំង កំពុងប្រើប្រាស់សាច់ដុំសេដ្ឋកិច្ចដាក់សម្ពាធលើអ្នកបោះឆ្នោតនៅតៃវ៉ាន់នាពេលខាងមុខ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់ម្នាក់បានប្រាប់កាសែត Nikkei Asia កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនតៃវ៉ាន់ បានបែរងាកទៅបណ្តាក់ទុនកាន់តែច្រើននៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងជំនួសឱ្យប្រទេសចិនវិញក្នុងឆ្នាំ២០២២។
លោកស្រី Wang Mei-hua រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានឱ្យដឹងថា ជាលើកទីមួយហើយក្នុងឆ្នាំ២០២២ ដែលការវិនិយោគរបស់តៃវ៉ាន់នៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងពិតជាមានប្រៀបជាងនៅក្នុងប្រទេសចិន។
លោកស្រីថា ការវិនិយោគរបស់តៃវ៉ាន់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង រួមទាំងឥណ្ឌាបានឈានដល់៥,២ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលលើសពី៥ពាន់លានដុល្លារ ដែលបានចូលប្រទេសចិនក្នុងរយៈពេលដូចគ្នា៕