ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានគេដឹងថា ជាកិច្ចខិតខំប្រឹងប្រែងរបស់វ៉ាស៊ីនតោន ដើម្បីទប់ទល់ នឹងប្រជែងឥទ្ធិពលជាមួយក្រុងប៉េកាំង។ ទន្ទឹមនឹងការចរចាជាពាណិជ្ជកម្ម មន្ទីរបញ្ជកោណអាមេរិក បានបង្ហើបឲ្យដឹងថា ខ្លួនចង់បន្ថែមជំនួយយោធាទៅឲ្យកោះតៃវ៉ាន់កាន់តែច្រើនថែមទៀត ស្របពេលដែលតំបន់មួយនេះកំពុងកើនកំដៅ ពិសេសសកម្មភាពយោធាពីសំណាកក្រុងប៉េកាំង នៅក្បែរនឹងដែនកោះតៃវ៉ាន់។
បើតាមការអះអាងពីមន្ត្រីក្រុងវ៉ាស៊ីនតោននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ អាមេរិកនិងតៃវ៉ាន់គ្រោងបង្កើតផែនទីបង្ហាញផ្លូវមួយឲ្យបានឆាប់រហ័សបំផុត សម្រាប់គំនិតផ្តួចផ្តើមក្នុងវិស័យពាណិជ្ជកម្មសម្រាប់សតវត្សទី២១។ ប្រភពដដែលបន្តថា ភាគីទាំងពីរនឹងជួបគ្នាដោយផ្ទាល់នៅក្នុងខែមិថុនានេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។
គំនិតផ្តួចផ្តើមខាងលើដដែលនេះ នឹងឈានទៅសម្រេចឲ្យបានកិច្ចព្រមព្រៀងដែលមានស្តង់ដារខ្ពស់ គ្របដណ្តប់ទៅលើការងាបែបពាណិជ្ជកម្មទូទៅ និងវិស័យជាច្រើនដូចជាការសម្របសម្រួលពន្ធគយ ការប្រឆាំងអំពើពុករលួយ ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសិទ្ធិការងារ ជាដើម។
ត្រង់ចំណុចនេះយើងអាចកត់សម្គាល់បានថា គំនិតផ្តួចផ្តើមទ្វេភាគីរវាងអាមេរិក និងកោះតៃវ៉ាន់ ទោះមិនទាន់ចេញជារូបរាងក៏ដោយ តែបើមើលលើលក្ខខណ្ឌមួយចំនួន គឺហាក់ស្រដៀងនឹងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF របស់រដ្ឋបាលប្រធានាធិបតីអាមេរិកចូ បៃឌិន ដែលទើបបានប្រកាសជាផ្លូវការ កាលពីពេលថ្មីៗនេះ ជាមួយប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកចំនួន១៣ប្រទេសដែរ។ ប៉ុន្តែពេលនោះ សហរដ្ឋអាមេរិកមិនបានអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមដែរឡើយ។
បើតាមមន្ត្រីដែលពាក់ព័ន្ធនឹងក្របខណ្ឌ IPEF ការដែលវ៉ាស៊ិនតោនមិនបានអញ្ជើញតៃវ៉ាន់ចូលរួម គឺដើម្បីបញ្ជៀសការខឹងសម្បារពីប្រទេសចិន ខណៈដែលគ្រានោះ សមាជិកព្រឹទ្ធសភាអាមេរិកជាង ២០០នាក់បានគាំទ្រឲ្យលោកបៃឌិនអញ្ជើញតៃវ៉ាន់ដែរ។
ក្រៅពីសេដ្ឋកិច្ចពាណិជ្ជកម្ម អាមេរិកចង់ធ្វើឲ្យតៃវ៉ាន់មានទ័ពកាន់តែខ្លាំង
នៅចំពោះមុខសកម្មភាពយោធាគំរាមកំហែងរបស់ប៉េកាំងនិយាយដោយឡែក និងការឡើងកំដៅខ្លាំងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់និយាយជារួម រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបង្ហើបថា ទីក្រុងវ៉ាស៊ីនតោន មានឆន្ទៈក្នុងការពង្រីកជំនួយយោធា និងការហ្វឹកហ្វឺនកងទ័ពសម្រាប់តៃវ៉ាន់ឲ្យបានច្រើនជាងមុនទៀត ដើម្បីអាចឆ្លើយតបទៅនឹងការគំរាមកំហែងនានា នៅថ្ងៃអនាគត។
លោក Austin បានប្រាប់សារព័ត៌មាន Nikkei នៅក្នុងបទសម្ភាសន៍មួយនៅមុនដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៧ខែមិថុនាថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យតៃវ៉ាន់នូវទម្រង់ ការពារជាតិដែលចាំបាច់បំផុត ដើម្បីរក្សាបាននូវសមត្ថភាពស្វ័យការពារគ្រប់គ្រាន់ស្របតាមការគំរាមកំហែងចំពោះមុខ។
គួររំឭកថា នៅអំឡុងដំណើរទស្សនកិច្ចរបស់លោក បៃឌិនទៅកាន់តំបន់អាស៊ីលោកបានថ្លែងថា អាមេរិកនឹងចូលជួយកោះតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារពីសំណាក់ប្រទេសចិនមែននោះ។ សេតវិមាន និងមន្ទីរបញ្ជកោណអាមេរិក បានចេញមកបកស្រាយថា ការថ្លែងរបស់លោកចូបៃឌិន មិនបានឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់អាមេរិកទេ ពោលគឺអាមេរិកនៅតែគោរពតាមគោលការណ៍ចិនតែមួយដដែល គ្រាន់តែអាមេរិកប្រឆាំងនឹងការប្រើប្រាស់កម្លាំងទ័ព ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោកតែប៉ុណ្ណោះ៕