តាមប្រភពព័ត៌មាន ពីរ៉យទ័រ ការណ៍ដែលអាមេរិក ពន្យារពេលដឹកជញ្ជូនអាវុធមកឲ្យកោះតៃវ៉ាន់នេះ គឺដោយសារតែអាមេរិកកំពុងជាប់ដៃផ្គត់ផ្គង់ជំនួយយោធាទៅឲ្យអ៊ុយក្រែន។
មីស៊ីល Stinger នេះ ដែលជាមីស៊ីលបាញ់យន្ដហោះ កំពុងមានតម្រូវការដ៏សម្បើមសម្រាប់ប្រទេសអ៊ុយក្រែន ប៉ុន្តែការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ហើយការផលិតអាវុធប្រភេទនេះបន្ថែមទៀតកំពុងប្រឈមនឹងឧបសគ្គជាច្រើនផងដែរ។ សហរដ្ឋអាមេរិកបានយល់ព្រមលក់មីស៊ីល Stinger ចំនួន ២៥០ គ្រាប់ទៅឱ្យកោះតៃវ៉ាន់នៅក្នុងឆ្នាំ២០១៩ ហើយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា កោះតៃវ៉ាន់រំពឹងថា នឹងបញ្ចប់ការចែកចាយអាវុធនេះនៅត្រឹមឆ្នាំ២០២៦។
ប៉ុន្តែលោក Chu Wen-wu អនុប្រធាននាយកដ្ឋានផែនការកងទ័ពរបស់តៃវ៉ាន់បាននិយាយថា ការដឹកជញ្ជូនទាំងនោះអាចនឹងត្រូវបានផ្អាកដោយលោកបានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានថា វាជាការពិតដែលថា ដោយសារតែមានការផ្លាស់ប្តូរស្ថានភាពអន្តរជាតិ ដូច្នេះហើយវាអាចមានហានិភ័យនៃការពន្យារពេលដឹកជញ្ជូនមីស៊ីល Stinger មកឲ្យកោះតៃវ៉ាន់នៅឆ្នាំនេះ។ ទោះយ៉ាងណា កោះតៃវ៉ាន់នឹងសម្របសម្រួលជាមួយផែនការលទ្ធកម្មពេញលេញ ហើយបន្តជំរុញឱ្យយោធាអាមេរិកអនុវត្តតាមកិច្ចសន្យា។
នេះជាលើកទី២ហើយនៅក្នុងសប្ដាហ៍នេះ ដែលកោះតៃវ៉ាន់បានទទួលការជូនដំណឹងពីការពន្យារពេលនៃការដឹកជញ្ជូនសព្វាវុធពីសហរដ្ឋអាមេរិក ខណៈដែលកាលពីថ្ងៃទី ២ឧសភា តៃវ៉ាន់បាននិយាយថា ខ្លួនកំពុងពិចារណាទិញសព្វាវុធផ្សេងទៀត បន្ទាប់ពីអាមេរិកបានជូនដំណឹងថា ការផ្តល់ជូនប្រព័ន្ធកាំភ្លើងធំ Howitzer ក៏នឹងត្រូវពន្យារពេលផងដែរ ដោយសារតែខ្សែចង្វាក់ផលិតកម្មបានជួបការរាំងស្ទះ។
សូមរំលឹកថាកាលពីឆ្នាំមុនទីក្រុងវ៉ាស៊ីងតោនបានអនុម័តលក់ប្រព័ន្ធកាំភ្លើងធំសម្រាប់បំពាក់លើរថក្រោះ Howitzer ចំនួន ៤០ គ្រឿងទៅឱ្យកោះតៃវ៉ាន់ ដោយព្រមព្រៀងគ្នាលក់ក្នុងតម្លៃរហូតដល់ទៅ ៧៥០ លានដុល្លារអាមេរិក ហើយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បាននិយាយថា នឹងត្រូវដឹកឱ្យតៃវ៉ាន់នៅឆ្នាំ២០២៣ ប៉ុន្តែសហរដ្ឋអាមេរិកបានប្រាប់បញ្ជាក់ថា ខ្លួននឹងដឹកឱ្យតៃវ៉ាន់យ៉ាងឆាប់បំផុតរហូតដល់ឆ្នាំ២០២៦។
ទោះយ៉ាងណា ខាងភាគីតៃវ៉ាន់មិនបានបញ្ជាក់លម្អិតថា តើហេតុអ្វីបានជាខ្សែចង្វាក់ផលិតកម្មត្រូវបានជាប់គាំងនោះទេ0x017d7 ប៉ុន្តែសហរដ្ឋអាមេរិកបាននិងកំពុងបង្កើនការគាំទ្រផ្នែកយោធានិងការផ្គត់ផ្គង់សម្ភារៈសម្រាប់អ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។
កោះតៃវ៉ាន់ដែលចិនតែងតែអះអាងថាជាផ្នែកមួយទឹកដីរបស់ខ្លួន កំពុងអនុវត្តកម្មវិធីទំនើបកម្មផ្នែកយោធា ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីត្រៀមទប់ទល់នឹងការវាយប្រហាររបស់ចិនរួមទាំងអាវុធទំនើបៗមួយចំនួនដូចជាមីស៊ីលជាដើម។
មន្ត្រីអាមេរិកបាននិងកំពុងជំរុញឱ្យកោះតៃវ៉ាន់ធ្វើទំនើបកម្មយោធារបស់ខ្លួនដើម្បីឱ្យតៃវ៉ាន់អាចក្លាយខ្លួនកាន់តែរឹងមាំ ដោយប្រដូចទៅនឹង«សត្វកាំប្រមា» ដែលចិនពិបាកនឹងវាយប្រហារបាន៕
អត្ថបទ៖ សុខ ជា