
នៅចំពោះមុខលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ ឡាត់នីក (Howard Lutnick) នាយកប្រតិបត្តិក្រុមហ៊ុន TSMC លោក ស៊ីស៊ី វ៉េ (C.C. Wei) បានអះអាងថា ក្រុមហ៊ុនខ្លួននឹងបោះទុនវិនិយោគចំនួន១០០ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប រោងចក្រវេចខ្ចប់បន្ទះឈីបទំនើប និងកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅលើទឹកដីអាម៉េរិក បន្ថែមពីលើការបណ្ដាក់ទុកចំនួន៦៥ពាន់លានដុល្លារដែលបានសន្យាកាលពីពេលកន្លងទៅ។
លោក ត្រាំ បាននិយាយថា ផលិតផលនាំចេញរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់មួយនេះនឹងរងការយកពន្ធបន្ថែមទៀតប្រសិនបើក្រុមហ៊ុននេះបើករោងចក្រផលិតផលិតបន្ទះឈីបនៅប្រទេសផ្សេង ដោយលោកបានគំរាមយកពន្ធរហូតដល់១០០%ឯណោះ តែតាមរយៈការបង្កើតរោងចក្រនៅអាម៉េរិកនេះ ក្រុមហ៊ុននេះមិនជាប់ពន្ធនោះឡើយ។
លោក ត្រាំ បាននិយាយថា ប្រសិនបើក្រុមហ៊ុននេះមិនសាងសង់រោងចក្រនៅសហរដ្ឋអាម៉េរិកទេ ពួកគេនឹងត្រូវប្រឈមមុខនឹងពន្ធ២៥% ឬ៣០% ឬអាចឈានដល់៥០% និងអាចលើសពីនេះតាមការដំឡើងជាក់ស្តែង។ លោក ត្រាំ បានចាត់ទុកការវិនិយោគលើវិស័យបន្ទះឈីបជាបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ ហើយប្រសិនបើប្រទេសចិន ព្យាយាមដណ្ដើមយកតៃវ៉ាន់ ដែលនឹងក្លាយជាគ្រោះថ្នាក់នោះ រោងចក្ររបស់ក្រុមហ៊ុន TSMC នៅសហរដ្ឋអាម៉េរិកនឹងអនុញ្ញាតឱ្យអាម៉េរិកក្លាយជាផ្នែកមួយដ៏ធំនៃសមត្ថភាពផលិតបន្ទះឈីបរបស់ក្រុមហ៊ុននេះ៕
អត្ថបទ៖ សុខ មង្គល