សម្តេចតេជោសង្កត់ធ្ងន់ថា ការយកលុយពីគណៈប្រកួតស៊ីហ្គេម ក៏មិនអាចជួយធ្វើឲ្យកម្ពុជាក្លាយជាអ្នកមាននោះដែរ។
នាពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់នៃវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ពីជំហរជាថ្មីរបស់កម្ពុជា ចំពោះការមិនយកថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើររបស់គណៈប្រតិភូកីឡា ដែលមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ សម្ដេចតេជោកត់សម្គាល់ឃើញថា ក្រោយសម្ដេចប្រកាសមិនយកថ្លៃចំណាយពីគណៈប្រតិភូកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម មានមតិរិះគន់ និងសើចចំអកពីអ្នករស់នៅក្រៅប្រទេសមួយចំនួនមកលើប្រទេសកម្ពុជា។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការយកថ្លៃចំណាយពីគណៈប្រតិភូកីឡាមកពីប្រទេសផ្សេងៗ ដែលមកចូលរួមស៊ីហ្គេមនៅកម្ពុជា គឺមិនអាចធ្វើឲ្យកម្ពុជាក្លាយជាអ្នកមាននោះទេ។
បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ គោលបំណងនៃការមិនយកថ្លៃចំណាយពីប្រតិភូកីឡាមកពីប្រទេសនានានេះ គឺដើម្បីបង្ហាញ និងផ្សព្វផ្សាយឲ្យពិភពលោកឲ្យស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត។ សម្ដេច ហ៊ុន សែន មានគំនិតសុទិដ្ឋិនិយមថា ប្រទេសក្នុងតំបន់អាស៊ាននឹងផ្តល់ការតបស្នងតាមរយៈលើកលែងការយកថ្លៃចំណាយរបស់ប្រតិភូកីឡាកម្ពុជា ដូចអ្វីដែលកម្ពុជាបានធ្វើដាក់ពួកគេ ពេលពួកគេធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅពេលក្រោយ។
បើតាមសម្ដេច ហ៊ុន សែន ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ និងជួយសម្រួលដល់ការថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើររបស់គណៈប្រតិភូកីឡាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ រដ្ឋបានចំណាយថវិកាបន្ថែម៧លានដុល្លារ។ ខណៈកន្លងមក កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថវិកាបន្ថែម ៧លានដុល្លារនេះ ដើម្បីទ្រទ្រង់ការចំណាយរបស់កីឡាករ កីឡាការិនីបរទេស ដែលជាទូទៅពួកគេត្រូវចំណាយ៥០ដុល្លារម្នាក់ក្នុង១ថ្ងៃ ក៏ប៉ុន្តែសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះមិនតម្រូវឲ្យអ្នកចូលរួមបង់ថ្លៃនោះទេ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះនៅសល់តែ ១០ថ្ងៃ ទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ ពោលចាប់ផ្តើមពី ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ខណៈអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពី ថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕