គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌របស់កោះតៃវ៉ាន់ បានប្រកាសបដិសេធកិច្ចព្រមព្រៀងទិញដូរអាជីវកម្មសេវាកម្មដឹកជញ្ជូនតម្លៃ៦០០លានដុល្លាររវាងក្រុមហ៊ុន Grab និង Foodpanda បន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់លើច្បាប់ប្រឆាំងការផ្តាច់មុខ។ អាជ្ញាធរតៃវ៉ាន់បានគូសបញ្ជាក់ថា ទោះបីជាមានការពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាក៏ដោយ ប៉ុន្តែដំណោះស្រាយ និងការសន្យា ដែលភាគី Grab បានស្នើឡើងមិនទាន់គ្រប់គ្រាន់ ដើម្បីលុបបំបាត់ក្តីបារម្ភអំពីការលុបបំបាត់គូប្រជែង និងការក្តោបក្តាប់ទីផ្សារ នៅពេលអនាគតនោះឡើយ។
ការសម្រេចចិត្តនេះបានក្លាយរលករាំងស្ទះយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រពង្រីកដែនដីរបស់ Grab ទៅក្រៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីស្វែងរកប្រភពចំណូលថ្មី ខណៈទីផ្សារដើមរបស់ខ្លួនកំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងកំណើនលក់មានភាពស៊ាំ។
ទោះជាយ៉ាងណាក្រុមអ្នកវិភាគសេដ្ឋកិច្ចបានវាយតម្លៃថា ការបរាជ័យ នៃកិច្ចព្រមព្រៀងនេះ នឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការរួមរបស់ Grab នោះទេ ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងបង្វែរទិសដៅពង្រឹងកម្លាំងលើវិស័យសេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មឌីជីថលផ្សេងទៀត ដើម្បីធានាបាននូវប្រាក់ចំណេញប្រកបដោយចីរភាព។
គួររំលឹកថា Grab ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហៅយានជំនិះ និងដឹកជញ្ជូនអាហារដ៏ធំនៅអាស៊ីអាគ្នេយ៍បានព្យាយាមវាយលុកចូលទីផ្សារតៃវ៉ាន់ ដែលមានប្រជាជនប្រមាណ២៣លាននាក់ ដើម្បីប៉ះប៉ូវការថយចុះ នៃអត្រាកំណើនលក់ និងដើម្បីឆ្លើយតបទៅនឹងផែនការបង្កើនប្រាក់ចំណេញរបស់ខ្លួន៕