ជាមួយគ្នានេះ ពន្ធដារនឹងបង្កើនការប្រមូលចំណូលពន្ធអាករឲ្យបានដល់ជាង៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានអះអាងក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីសថា ទោះបីមានការថមថយផ្នែកនាំចេញខ្លះទៅបរទេសដោយសារបញ្ហាតម្រូវការ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមថា ឆ្នាំ២០២៣ នេះនឹងអាចរកចំណូលបានគ្រប់ផែនការជូនរដ្ឋតាមរយៈវិស័យ ដែលកំពុងមានសក្ដានុពល។ សម្រាប់ឯកឧត្តម គង់ វិបុល ឆ្នាំនេះមិនមែនកន្ទេលធំបន្លំដេកនោះឡើយ ហើយចង់មិនចង់ ក៏ត្រូវតែលាត់ដៃអាវ មូលជើងខោ ដើម្បីអនុវត្តដែរ។
ឯកឧត្តម គង់ វិបុល បានសម្ដែងនូវសុទិដ្ឋិនិយមខ្ពស់ចំពោះថ្នាក់ដឹកនាំបន្តវេនកម្ពុជាដែលដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលមានស្រាប់ និងការបន្ថែមនូវគោលនយោបាយមួយចំនួនទៀតក្នុងការធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ និងស្ថិរភាពល្អប្រកបដោយចីរភាព។
ថ្នាក់ដឹកនាំរូបនេះអះអាងថា តាមរយៈធ្វើកំណែទម្រង់ស៊ីជម្រៅផ្នែកពន្ធដាបានធ្វើឲ្យការប្រមូលចំណូលពន្ធអាករនៅ១ទស្សន៍វត្តកន្លងមកនេះបានប្រព្រឹត្តទៅដោយរលូន មានសុក្រិតភាព និងលើសផែនការកំណត់។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០២៣ នេះ ពន្ធដារនឹងអនុវត្តការប្រមូលចំណូលពន្ធអាករបានជាង៣ពាន់៥រយលានដុល្លារ និងដាក់គោលដៅប្រមូលចំណូលឲ្យបានជាង៤ពាន់លានដុល្លារនៅឆ្នាំ២០២៤។
សូមបញ្ជាក់ថា ប្រភពចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០២២ បានមកពីពន្ធដារ និងពន្ធគយមានចំនួន៦ពាន់លានដុល្លារ ឬស្មើនឹង១២៧ភាគរយ នៃផែនការច្បាប់គ្រប់គ្រងថវិកា ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង៣ពាន់លានដុល្លារស្មើនឹងជាង១២២% និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលបាន២ពាន់លានដុល្លារ ស្មើនឹង១០៥ភាគរយនៃច្បាប់ថវិកាឆ្នាំ២០២២៕