សេដ្ឋកិច្ច​កម្ពុជា

ក្រុមហ៊ុន​​«​គ្រាក់ៗ​»​ទាំង​១០​ដែល​​ក្ដោបក្ដាប់​​សេដ្ឋកិច្ច​កម្ពុជា (ភាគ២)


ថ្មី​ៗ​នេះ​ ខេមបូណូមីស បាន​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នក​អាន​រួចហើយ នូវ​​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ចំនួន​៥​ ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ចំនួន ១០ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​កម្ពុជា។ ក្នុង​អត្ថបទ​ភាគ​ទី​២​នេះ លោក​អ្នក​នឹង​បាន​តាមដាន​នូវ​ក្រុមហ៊ុន​គ្រាក់ៗ​ចំនួន​៥​ផ្សេង​ទៀត ដែល​កំពុង​កាន់​កាប់​ចំណែក​ទីផ្សារ ក៏​ដូចជា​កំពុង​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​កម្ពុជា​មិន​ចាញ់​ក្រុមហ៊ុន​ទាំង​៥​​ ដែល​លោក​អ្នក​បាន​អាន​កាល​ពី​អត្ថបទមុន​ឡើយ។
ក្រុមហ៊ុន​«គ្រាក់ៗ»​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​​សេដ្ឋកិច្ច​កម្ពុជា។
ដោយ

ចង់​ដឹង​ថា តើ​កំពូល​ក្រុមហ៊ុន​ទាំង​៥​នៅ​ភាគ​ទី​២​នេះ បាន​និង​កំពុង​កាន់កាប់​នូវ​ជំនួញ​អ្វី​ខ្លះ​នៅ​កម្ពុជា? តោះ! អញ្ជើញ​អាន​ទាំង​អស់​គ្នា៖

៦. ក្រុមហ៊ុន សូគីមិច អ៊ីនវេសមិន គ្រុប (Sokimex Investment Group)

លោក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សូគីមិច អ៊ីនវេសមិន គ្រុប

លោក​អ្នក​ភាគ​ច្រើន​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​ឈ្មោះ​ស្ថានីយ​ប្រេង​ឥន្ធនៈ សូគីមិច ដែល​មាន​សាខា​នៅ​ទូទាំង​ប្រទេស ប៉ុន្ដែ មាន​មនុស្ស​មិន​ច្រើន​នោះ​ទេ ដែល​បាន​ជ្រាប​ច្បាស់​ពី​ក្រុមហ៊ុន ក៏​ដូចជា​អាជីវកម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​សូគីមិច អ៊ីនវេសមិន គ្រុប មួយ​នេះ។

បើ​តាម​គេហ​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ដំបូង​ពី​ក្រុមហ៊ុន​ផលិត​និង​នាំ​ចេញ​កៅស៊ូ​នៅ​កម្ពុជា​នៅ​ឆ្នាំ១៩៩០ ហើយ​ក៏​បាន​​និង​កំពុង​បន្ត​អភិវឌ្ឍ​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​​លើ​វិស័យ​សំខាន់ៗ​ជា​ច្រើន​របស់​សេដ្ឋកិច្ច​កម្ពុជា។

សណ្ឋាគារ សុខា ភ្នំពេញ នៅ​ត្រើយ​ម្ខាង​ទល់​មុខ​ព្រះ​បរម​រាជ​វាំង រាជ​ធានី​ភ្នំពេញ។

ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​លោក​ឧកញ៉ា សុខ គង់ ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក​ដ៏​ធំ​មួយ​នេះ​កំពុង​មាន​ប្រតិបត្តិការ​លើ​អាជីវកម្ម ក៏​ដូចជា​ការ​វិនិយោគ​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា តួយ៉ាង សណ្ឋាគារ​សុខា ភ្នំពេញ សុខា អង្គរ រីសត រមណីយ​ដ្ឋាន​ឆ្នេរ​សមុទ្រ សុខា នៅ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​ឋាន​សួគ៌​បូកគោ កាស៊ីណូ នៅ​ខេត្ត​ព្រះសីហនុ ការ​វិនិយោគ​លើ​គម្រោង​អចលន​ទ្រព្យ​មួយ​ចំនួន រោងចក្រ​កាត់ដេរ ​និង​មាន​ស្ថានីយ​ប្រេង​​ឥន្ធនៈ សូគីមិច ជា​ច្រើន​សាខា​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ក៏​មាន​ស្ថានីយ​ធំ​សម្រាប់​ផ្ទុក​និង​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​ផង​ដែរ។  

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប

ឈ្មោះ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បច្ចុប្បន្ន ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សេដ្ឋី​ចិត្ត​ធម៌​មួយ​រូប ដោយសារ​តែ​លោក​ជា​រឿយៗ តែងតែ​បង្ហាញ​នូវ​សមានចិត្ត​ជាមួយ​អ្នក​ទីទាល់​ក្រ ពិសេស តាម​រយៈ​បណ្ដាញ​សង្គម។ 

ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​សហគ្រិន​កសិកម្ម​ដ៏​លេច​ធ្លោ​របស់​កម្ពុជា​មួយ​រូប​ផង​ដែរ ដោយសារ​តែ​ក្រុមហ៊ុន​របស់​លោក បាន​និង​កំពុង​ពង្រីក​វិនិយោគ​លើ​វិស័យ​នេះ​គួរ​ឲ្យ​កត់​សម្គាល់។

ជំនួញ​កសិកម្ម​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​ច្បាស់​ពី​ក្រុមហ៊ុន ម៉ុង ឫទ្ធី គឺ​ការ​ដាំ​ដុះ​ដូង​ប្រេង ប៉ុន្ដែ បើ​និយាយ​ពី​ជំនួញ​ដំបូង​របស់​ក្រុមហ៊ុន​នេះ មិន​មែន​ជា​ការ​ដាំ​ដុះ​ដូង​ប្រេង​នោះ​ឡើយ តែ​វា​ជា​ក្រុមហ៊ុន​សំណង់​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៩ ដោយ​ទទួល​សាងសង់​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កម្ពុជា ដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរ​ពេទ្យ និង​អគារ​រដ្ឋាភិបាល​ជាដើម។ នេះ​បើ​យោង​តាម​ការ​កត់ត្រា​ពី​គេហ​ទំព័រ​​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​មួយ​នេះ។

បន្ទាប់​ពី​ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត និង​ចម្ការ​ដូង​ប្រេង​ជាង ១៦០០​ហិកតា ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏​មាន​ប្រតិបត្តិការ​លើ​ជំ​នួញ​ធំៗ​ជាច្រើន​ទៀត ដូចជា កំពង់​ផែ​សមុទ្រ ឧកញ៉ា ម៉ុង នៅ​ខេត្ត​ព្រះ​សីហនុ វិនិយោគ​លើ​ចម្ការ​កៅស៊ូ​រាប់​លាន​ដើម ដាំ​ដុះ​និង​នាំ​ចេញ​ផ្លែ​ស្វាយ ផលិត​និង​នាំ​ចេញ​អង្ករ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ក្រុមហ៊ុន​នាំ​ចូល​ចែក​ចាយ​ផលិត​ផល​គ្រឿង​ចក្រ​សម្រាប់​វិស័យ​កសិកម្ម និង​វិស្វកម្ម។

ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​នេះ​ក៏​បាន​វិនិយោគ​លើ​ការ​សាងសង់​រោងចក្រ​ផលិត​ចំណី​សត្វ​ដ៏​ធំ ដោយ​ចំណាយ​ដើម​ទុន​រាប់​លាន​ដុល្លារ​ផង​ដែរ។

ក្រុមហ៊ុន WorldBridge Group របស់​លោក​ឧកញ៉ា សៀ ឫទ្ធី។

ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​បំផុត តាម​រយៈ​ការ​វិនិយោគ​សាង​សង់​គម្រោង​អគារ​ខុន​ដូ​ខ្ពស់ៗ​នៅ​កម្ពុជា ដូចជា អគារ​ខុន​ដូ The Bridge និង The Peak ជា​ដើម។ ប៉ុន្ដែ បើ​យើង​និយាយ​ពីក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​មាន​នៅ​ក្រោម វើលប្រ៊ីដ គ្រុប មាន​​ជាង ៣០​ក្រុមហ៊ុន​ឯណោះ។  

ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​របស់​ឧកញ៉ា សៀ ឫទ្ធី ដែល​ផ្ដើម​ឡើង​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តូច​មួយ រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ ហាក់​​កំពុង​ឡើង​កូដ​ក្រឺតៗ ដោយ​បាន​ពង្រីក​ខ្លួន​ជា​បន្ត​​បន្ទាប់ និង​មាន​ការ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន តួយ៉ាង ក្នុង​វិស័យ​អចលន​ទ្រព្យ ក្រុមហ៊ុន​បាន​និង​កំពុង​វិនិយោគ​លើ​គម្រោង​លំនៅឋាន និង​ខុនដូ The Bridge, The Peak, The Palm និង​គម្រោង​លំនៅឋាន​​សម្រាប់​អ្នក​ចំណូល​ទាប​ជាដើម។ លើស​ពី​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី ក៏​បាន​វិនិយោគ​និង​សហការ​បង្កើត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន​ក្រុមហ៊ុន​ផង​ដែរ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group។

ងាក​ទៅ​ផ្នែក​សេវា​ហិរញ្ញ​វត្ថុ​វិញ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ក៏​មាន​បង្កើត​ធនាគារ​ឯកទេស Oxley Worldbridge និង​ហាង​បញ្ចាំ Cash U Up ជាដើម។ មិន​ទាន់​អស់​នោះ​ទេ ក្រុមហ៊ុន​នេះ ក៏​មាន​វិនិយោគ​​លើ​វិស័យ​ជា​ច្រើន​ទៀត​ ដូចជា ភោជនីយ​ដ្ឋាន​និង​ផ្នែក​បច្ចេក​វិទ្យា ផង​ដែរ។ 

រូបភាព​គម្រោង​អគារ​ខុនដូ​ប្រណីត The Peak ដែល​កំពុង​សាងសង់​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

ដោយ​ឡែក ថ្មីៗ​នេះ ក្រុមហ៊ុន World Bridge Group ក៏ទើប​តែ​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​របស់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ និង​ទើប​តែ​សហការ​ជាមួយ​ដៃគូ​ក្រៅ​ស្រុក​បង្កើត​រោងចក្រ​ដំឡើង ​និងផលិត​រថយន្ដ​ធុន​ធំ​ម៉ាក កាំម៉ាស់ ហើយ​ក៏​ទើប​តែ​បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​ជាមួយ​ក្រុមហ៊ុន Sino Great Wall International ដ៏​ធំ​របស់​ចិន ដើម្បី​វិនិយោគ​លើ​ការ​សាងសង់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ។ 

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ក៏​មាន​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដូចជា នៅ​ប្រទេស​ឡាវ និង​ភូមា។ 

លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប។

ផ្ដើម​ចេញ​ពី​ដើម​ទុន​មាស​២​ជី ពាណិជ្ជករ​ដ៏​លេច​ធ្លោ លោក​ឧកញ៉ា លី ហួរ បាន​និង​កំពុង​ពង្រីក​អាណាចក្រ​អាជីវកម្ម​របស់​ខ្លួន​កាន់​តែ​ធំ​ឡើងៗ។ បន្ទាប់​ពី​ការ​ហែល​ឆ្លង​ក្នុង​វិថី​ជំនួញ​ជិត​៣​ទសវត្សរ៍​កន្លង​មក​នេះ ក្រុមហ៊ុន លី ហួរ គ្រុប ក៏​មាន​ចំណែក​ទីផ្សារ​ធំ​គួរ​សម​ដែរ នៅ​ក្នុង​ចរន្ដ​សេដ្ឋកិច្ច​កម្ពុជា ពោល​បើ​គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន លី ហួរ គ្រុប មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ប្រមាណ​១០​ក្រុមហ៊ុន​ធំៗ។ 

ក្នុង​នោះ ជំនួញ​មួយ​​ក្នុង​ចំណោម​ជំនួញ​ជា​ច្រើន​ផ្សេង​ទៀត ដែល​មហា​ជន​ស្គាល់​ច្បាស់​ជាង​គេ​នោះ គឺ លីហួរ ប្តូរ​ប្រាក់ និង លីហួរ វេរ​លុយ។

បុរី​វិមាន​ភ្នំពេញ ដែល​ជា​គម្រោង​លំនៅឋាន​វិនិយោគ​ដោយ​​ក្រុមហ៊ុន លី ហួរ គ្រុប។

ក្រៅ​ពី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ គ្រុប ក៏​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ផ្សេង​ទៀត ដូចជា ក្រុមហ៊ុន លីហួរ ហាង​បញ្ចាំ ក្រុមហ៊ុន​លក់​គ្រឿង​អលង្ការ ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ឋាន បុរី វិមាន ភ្នំពេញ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ លីហួរ ក្រុមហ៊ុន ទេពី (Tepi) វិនិយោគ កសិ-​ឧស្សាហកម្ម​ដំណាំ​កៅស៊ូ  និង​ក្រុមហ៊ុន លីហួរ លីស៊ីង (ជួល​រថយន្ត) ជា​ដើម។ 

នៅ​មិន​ទាន់​ចប់​នោះ​ទេ បើ​តាម​ប្រសាសន៍​របស់​ឧកញ៉ា លី ហួរ ធ្លាប់​បាន​ប្រាប់ ខេមបូណូមីស ថា ឆាប់ៗ​ខាង​មុខ​នេះ ក្រុមហ៊ុន លីហួរ ក៏​មាន​គម្រោង​វិនិយោគ​លើ​ជំនួញ​ថ្មីៗ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។

អគារ វឌ្ឍនៈ ថៅវើ នៅកណ្ដាល​រាជ​ធានី​ភ្នំពេញ។

លោក​អ្នក​ភាគ​ច្រើន ពិសេស អ្នក​រស់​នៅ​ភ្នំពេញ ប្រហែល​ជា​បាន​ស្គាល់​ច្បាស់​ពី​អគារ​ពាណិជ្ជ​កម្ម វឌ្ឍនៈ ថៅវើ កម្ពស់​៣៩​ជាន់ ដែល​ជា​អគារ​ដ៏​ខ្ពស់​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​បាន​សាងសង់​រួច​រាល់ និង​កំពុងដំណើរការ​ជួល​នា​ពេល​បច្ចុប្បន្ន​នេះ។ 

ក្រៅ​ពី​ការ​វិនិយោគ​សាងសង់​អគារ​ខ្ពស់ ដែល​មាន​រូបរាង​ស្រដៀង​នឹង​សត្វ​នាគ​មួយ​នេះ ក្រុមហ៊ុន​នេះ​ក៏​មាន​ការ​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ដូចជា ធនាគារ​វឌ្ឍនៈ សួន​ឧស្សាហ​កម្ម វឌ្ឍនៈ ពីរ​កន្លែង​ដែល​មាន​រោងចក្រ​ជាច្រើន និង​ផ្ដល់​ការងារ​ដល់​ប្រជាជន​ជា​ច្រើន​ម៉ឺន​នាក់​ផង​ដែរ។ 

លោកឧកញ៉ា សំ អាង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមិន។

មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​ក៏​បាន​នាំ​ចូល​នូវ​ម៉ាក​ម៉ូដ​អន្តរជាតិ​ល្បីៗ​ជា​ច្រើន ដូចជា សម្លៀក​បំពាក់ ស្បែក​ជើង កាបូប និង​គ្រឿង​សម្អាង​ជា​ដើម។ល។ ពាណិជ្ជករ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​គេ​ស្គាល់ថា គឺ​លោក​ឧកញ៉ា សំ អាង។ 

វត្តមាន​របស់​អគារ​វឌ្ឍនៈ ត្រូវ​បាន​គេ​មើល​ឃើញថា​ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សក្ដានុពល​នៃ​ទីផ្សារ​អចលន​ទ្រព្យ​របស់​កម្ពុជា ខណៈ​ដែល​វត្តមាន​របស់​គម្រោង​អគារ​ធំៗ​ជា​ច្រើន​ផ្សេង​ទៀត បាន​និង​កំពុង​ចាប់​ផ្ដើម​រីក​ដុះ​ឡើង​ជា​បន្ត​បន្ទាប់​រហូត​មក​ទល់​បច្ចុប្បន្ន។

សូម​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា រាល់​ក្រុមហ៊ុន​ទាំង​១០ ដែល ខេមបូណូមីស បាន​លើក​យក​មក​បក​ស្រាយ​ខាង​លើ​នេះ មិន​មែន​ជា​ការ​ចាត់​ជា​ចំណាត់​ថ្នាក់​នោះ​ឡើយ ប៉ុន្តែ វា​គ្រាន់​តែ​ជា​ការ​កត់​សម្គាល់​ជាក់​ស្ដែង​របស់ ខេមបូណូមីស ប៉ុណ្ណោះ។ 

យ៉ាង​ណា​ក៏​ដោយ យើងខ្ញុំ​ក៏​សូម​អរគុណ​សម្រាប់​ការ​តាមដាន​របស់​លោក​អ្នក! និង​សង្ឃឹម​ថា លោក​អ្នក​នឹង​បន្ត​តាមដាន​អាន​អត្ថបទ​សំខាន់ៗ​របស់ ខេមបូណូមីស ជា​ច្រើន​ផ្សេង​ទៀត។ សូម​អញ្ជើញរីករាយ អាន និង ចែករំលែក​ តាម​ការគួរ!!!

None



អត្ថបទបន្ទាប់


សកលវិទ្យាល័យ​ឯកជន​អាមេរិក Fulbright ​បង្រៀន​លទ្ធិ​ម៉ាក្ស-លេនីន នៅ​វៀតណាម

សកល​វិទ្យាល័យ​អាមេរិក​ Fulbright ជា​សកល​វិទ្យាល័យ​ឯកជន​អាមេរិកាំង​មិន​រក​ប្រាក់​កម្រៃ​ដំបូង​គេ​បង្អស់​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​…

កម្ពុជា​នឹង​ស្នើ​ឲ្យ​ជប៉ុន​ជួយ​លើ​គម្រោង​សាងសង់​ផ្លូវ​រថ​ភ្លើង​លើ​អាកាស ៨០០​លាន​ដុល្លារ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន នា​សប្ដាហ៍​នេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ